រំលងម៉ឺនុយទំព័រ

ការចំអកពីរាងកាយ ឬអត្តចរិត គឺជាផ្នែកនៃការសម្លុតគម្រាម

ការចំអកពីរាងកាយ ឬអត្តចរិត គឺជាផ្នែកនៃការសម្លុតគម្រាម

រឿងជោគជ័យ
22

ខាងក្រោមនេះជាអត្ថបទចែករំលែក បទពិសោធន៍នៃអារម្មណ៍ របស់ប្អូន រតនវិភូ ដែលរស់នៅក្នុងខេត្តបាត់ដំបង។

ខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ជីវិតរីករាយ ចូលចិត្តអានសៀវភៅ ស្ដាប់ចម្រៀង លេងហ្គីតា និងតែងតែខិតខំរៀនសូត្រ ដើម្បីសម្រេចក្ដីស្រមៃចង់ក្លាយជា «វេជ្ជបណ្ឌិតវះកាត់កែសម្ផស្ស» នាពេលអនាគត។ លើសពីនេះ ខ្ញុំតែងតែបើកបេះដូងរាប់អានមិត្តភក្តិ និងរីករាយក្នុងការជួយយកអាសារអ្នកដទៃ។ ប៉ុន្តែ ជីវិតតែងមានរបត់ដែលយើងស្មានមិនដល់...

មានពេលមួយ ខ្ញុំត្រូវបានមិត្តភក្តិម្នាក់សើចចំអក មកលើរូបខ្ញុំ ដោយគេមិនចាប់អារម្មណ៍ថា​នោះជាពាក្យមិនសមរម្យ និងមើលងាយលើអ្នកដទៃឡើយ។ ពាក្យថា «ប្រុសមិនចំប្រុស ស្រីមិនចំស្រី ឬហៅ អាខ្ទើយ» សម្រាប់គេ វាអាចត្រឹមជាពាក្យសម្តីលេងសើច ប៉ុន្តែសម្រាប់ខ្ញុំ វាធ្វើឱ្យប៉ះពាល់អារម្មណ៍ជាខ្លាំង។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំប្រែជាមនុស្សស្ងប់ស្ងាត់ ចូលចិត្តនៅតែឯង គ្មានទំនុកចិត្ត និងបាត់បង់ភាពជឿជាក់លើខ្លួនឯងទាំងស្រុង ដោយសារតែភាពភ័យខ្លាច ខ្មាសអៀន នឹងពាក្យដែលគេនិយាយទាំងអស់នោះ មកលើរូបខ្ញុំ។ ខ្ញុំតែងតែចោទសួរខ្លួនឯងថា៖ «តើគុណតម្លៃ និងភាពល្អរបស់មនុស្ស វាស់វែងលើការប្រាស្រ័យទាក់ទង ឬទៅលើនិន្នាការភេទ?»។

ថ្ងៃមួយ ជីវិតខ្ញុំក៏បានជួប «ពន្លឺថ្មី»។ មិត្តភក្តិបានបបួលខ្ញុំទៅលេង មណ្ឌលយុវវ័យ នៃអង្គការរ៉ាក់ (RHAC) ប្រចាំខេត្តបាត់ដំបង។ នៅទីនោះ ខ្ញុំបានចូលរួមក្នុងក្រុមពិភាក្សាលើប្រធានបទ «អំពើហិង្សាផ្លូវភេទ និងយេនឌ័រ»។ ការពន្យល់យ៉ាងក្បោះក្បាយពីលោកគ្រូអ្នកគ្រូ បានធ្វើឱ្យខ្ញុំភ្ញាក់រលឹក និងយល់ច្បាស់ថា អ្វីដែលខ្ញុំបានជួបប្រទះកន្លងមក គឺជា «អំពើហិង្សាផ្លូវចិត្ត»។ ខ្ញុំបានសម្រេចចិត្តបោះជំហានដ៏ក្លាហាន ដោយចូលជួបប្រឹក្សាផ្ទាល់ជាមួយអ្នកគ្រូនៅមណ្ឌល។ អ្នកគ្រូបានផ្តល់កម្លាំងចិត្ត និងប្រាប់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «កុំគិតថាជាកំហុសរបស់យើង ឬគិតថាជារឿងធម្មតា ព្រោះទង្វើទាំងអស់នោះវាបានធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍របស់យើង គឺយើងត្រូវហ៊ាននិយាយត្រង់ៗទៅកាន់ពួកគេឱ្យបញ្ឈប់រាល់ទង្វើរបស់ពួគគេ ធ្វើឲ្យពួកគេដឹងថា អ្នកមិនចូលចិត្តទង្វើអសីលធម៌ទាំងនោះឡើយ ហើយគាត់ក៏បានលើកទឹកចិត្តខ្ញុំ និងប្រាប់ពីសេវាគាំទ្រជនរងគ្រោះអំពើហិង្សាផ្នែកប្រឹក្សា ឬព្យាបាលផ្លូវចិត្តផងដែរ» ។ បន្ទាប់មកខ្ញុំក៏បានធ្វើតាមអ្នកគ្រូប្រាប់ ចាប់តាំងពីពេលនោះមក ពួកគេមិនហ៊ាននិយាយចំអក ឬលេងសើចប្រើពាក្យមិនគប្បីមកលើខ្ញុំទៀតទេ ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង មិនតែប៉ុណ្ណោះខ្ញុំក៏ហ៊ានបញ្ចេញធម្មជាតិនៃភាពជាខ្ញុំ ដោយមិនមានការលាក់លាមទៀតឡើយ និងមានភាពជឿជាក់លើខ្លួនខ្លាំងជាងមុនផងដែរ។

ជាចុងក្រោយ "ខ្ញុំ សូមអរគុណលោកគ្រូអ្នកគ្រូខាងអង្គការរ៉ាក់ដែលបានជួយដោះស្រាយបញ្ហារបស់ខ្ញុំដែលបានជួបកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យខ្ញុំចេះស្រឡាញ់ និងធ្វើអ្វីជាខ្លួនឯង។ មួយវិញទៀតខ្ញុំក៏ សូមផ្តាំទៅយុវវ័យទាំងអស់កុំមានភាពខ្មាសអៀន ឬភ័យខ្លាច ប្រសិនបើជួបរឿងដូចខ្ញុំ យើងត្រូវហ៊ាននិយាយប្រាប់គេត្រង់ៗ ឲ្យពួកគេបញ្ឈប់រាល់ទង្វើទាំងនោះ បើពួកគេមិនបញ្ឈប់ទេ យើងត្រូវហ៊ានរកនរណាម្នាក់ ដែលយើងជឿទុកចិត្ត និងអាចជួយយើងបានដូចជា៖ លោកគ្រូអ្នកគ្រូ អាណាព្យាបាល ឳពុកម្តាយ ឬអាជ្ញាធរ ដើម្បីជួយដោះស្រាយ"

អត្ថបទដោយ: RHAC

មតិយោបល់