
ការចែកជូនសំឡីអនាម័យដោយឥតគិតថ្លៃដល់ក្មេងស្រី ជម្រុញការអនុវត្ត ការគ្រប់គ្រងអនាម័យពេលមករដូវបានកាន់ប្រសើរ
ក្មេងស្រីពេញវ័យ និងអាចមករដូវដំបូងនៅចន្លោះអាយុ ៩ ទៅ១៧ ឆ្នាំ ហើយនេះជារឿងធម្មតា។ ដោយឡែក ប្រធានបទរដូវនៅតែបន្តជាប្រធានបទរសើប និងមិនសូវត្រូវបានលើកយកមកពិភាក្សាឡើយ ដោយសារយល់ថារដូវជារឿងគួរឱ្យខ្ពើមរអើម និងជារឿងរបស់ក្មេងស្រី។ ផ្អែកតាមការចុះប្រមូលទិន្នន័យដើមគ្រារបស់អង្គការរ៉ាក់ ក្រោមគម្រោង «លើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំខ្លួនពេលមានរដូវ» ឆ្នាំ២០២៤ ក្នុងគោលបំណងស្វែងយល់ពីចំណេះ អាកប្បកិរិយា និងឥរិយាបថរបស់សិស្សានុសិស្ស គ្រូបង្រៀន ឪពុកម្តាយ និងសហគមន៍ជុំវិញប្រធានបទរដូវ ស្វែងយល់ពីរនាំងឧបសគ្គរារាំងការចូលរួមក្នុងសកម្មភាពគ្រប់គ្រងអនាម័យពេលមករដូវ និងការរក្សាអនាម័យ សិក្សាអំពីភាពដែលអាចរកបាននៃសម្ភារៈអនាម័យ និងបង្គន់អនាម័យនៅសាលារៀន ព្រមទាំងផ្តល់នូវអនុសាសន៍សម្រាប់ការអនុវត្តគម្រោងឱ្យឆ្លើយតបនឹងគោលដៅដែលបានកំណត់។ ការសិក្សានេះបានបង្ហាញថាក្នុងចំណោមសិស្សប្រុសស្រីសរុប ២៥១នាក់ មានសិស្សស្រីជាង ៤៥% និងសិស្សប្រុសជាង ៥៤% នៅតែយល់ថារដូវជារឿងដែលគួរតែលាក់បាំងជាសម្ងាត់។ ការសិក្សាដដែលបានបង្ហាញទៀតថា ក្មេងស្រីជាង ២៣%ត្រូវអវត្តមាន និងមិនបានមកសាលារៀនដោយសារការមករដូវរបស់គេ ដែលក្នុងនោះកង្វះសំឡីអនាម័យសម្រាប់ប្រើប្រាស់ និងភាពដែលអាចរកបាននូវសំឡីអនាម័យនៅសាលារៀន ក៏ជាផ្នែកមួយនៃបញ្ហាដែលបានរកឃើញផងដែរ។
មូលហេតុចម្បងទាំងនេះ បានជម្រុញឱ្យអង្គការរ៉ាក់ ចូលរួមឆ្លើយតបនឹងតម្រូវការរបស់ក្មេងស្រីអំពីការគ្រប់គ្រងអនាម័យពេលមករដូវ និងសុខភាព ជាពិសេសអំឡុងពេលមករដូវនៅសាលារៀនគោលដៅ ចំនួន៤ គឺអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ អនុវិទ្យាល័យវត្តសំឡាញ អនុវិទ្យាល័យក្រាំងស្នាយ និងអនុវិទ្យាល័យដើមស្នាយ ដែលស្ថិតនៅស្រុកឈូក ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច នៃខេត្តកំពត។ គម្រោងនេះ មានគោលបំណងកែលម្អសុខភាព ការអប់រំ និងសេចក្តីថ្លៃថ្នូររបស់ក្មេងស្រីវ័យជំទង់ តាមរយៈការលើកកម្ពស់ការគ្រប់គ្រងអនាម័យពេលមករដូវ និងការយល់ដឹង ដើម្បីលុបបំបាត់ឧបសគ្គខាងផ្នែករាងកាយនិងសង្គម តាមរយៈការអនុវត្តសកម្មភាពជាច្រើនដូចជា ការអប់រំនៅតាមសាលារៀន ការរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សាលា និងសហគមន៍អំពីការគ្រប់គ្រងអនាម័យពេលមករដូវ គម្រោងសាងសង់/ជួសជុលបង្គន់ និងបន្ទប់សុខភាព និងការផ្តល់ជូនសំឡីអនាម័យដល់សិស្សានុសិស្សផងដែរ។ តាមរយៈការអនុវត្តគម្រោងរបស់អង្គការរ៉ាក់ សិស្សស្រីនៅសាលាគោលដៅទាំង៤ ទទួលបានកាបូបដាក់សំឡី និងសំឡីអនាម័យចំនួន២០បន្ទះ ជារៀងរាល់ខែក្នុងរយៈពេល២០ខែ គិតចាប់ពីខែឧសភា ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
យុវតីទិត្យ ចន្ទ័សុវណ្ណារី ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យវត្តសំឡាញ បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអង្គការរ៉ាក់ចុះមកធ្វើការនៅសាលារៀនខ្ញុំ ដោយបានចែកសំឡីអនាម័យដល់ខ្ញុំ និងមិត្តភក្តិខ្ញុំជារៀងរាល់ខែ ដែលធ្វើឱ្យពួកខ្ញុំមានសំឡីអនាម័យប្រើប្រាស់គ្រប់គ្រាន់ និងផ្លាស់ប្តូរបានញឹកញាប់ជាងមុន អំឡុងពេលមករដូវ»។
បន្ថែមពីនោះ យុវតីរិន សុវណ្ណបញ្ញា ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យវត្តសំឡាញក៏បានចែករំលែកថា «ខ្ញុំពិតជាសប្បាយរីករាយដែលអង្គការរ៉ាក់បានចែកសំឡីអនាម័យ និងកាបូបដាក់សំឡីអនាម័យដល់ខ្ញុំ ព្រោះការចែកជូននេះបានជួយកាត់បន្ថយការចំណាយរបស់គ្រួសារនាង ហើយខ្ញុំមានសំឡីអនាម័យសម្រាប់ផ្លាស់ប្តូរចន្លោះពី៣ទៅ៤ម៉ោងម្តង តាមតម្រូវការទាំងនៅសាលារៀន និងនៅផ្ទះ»។ យុវតីរូបនេះបានបន្តទៀតថា «ក្រៅពីការផ្លាស់ប្តូរសំឡីញឹកញាប់ ខ្ញុំក៏អនុវត្តការរក្សាអនាម័យផ្សេងទៀតដូចជាលាងសម្អាតប្រដាប់ភេទនឹងទឹកស្អាត ងូតទឹកឱ្យបានញឹកញាប់ ញ៉ាំអាហារដែលមានជីវជាតិ តាមការណែនាំ និងបង្ហាត់បង្រៀនរបស់អង្គការរ៉ាក់ផងដែរ»។
ជាចុងក្រោយយុវតីទាំងពីរបានថ្លែងអំណរគុណអង្គការរ៉ាក់ដែលបានចុះបង្ហាត់បង្រៀនឱ្យក្មេងស្រីយល់ពីការគ្រប់គ្រងអនាម័យពេលមករដូវ និងឱ្យក្មេងប្រុសបានយល់ដឹង ចៀសវាងការរើសអើងអំពីរដូវ។ ពួកគេក៏បានបង្ហាញពីសាទរចំពោះការអនុវត្តការងាររបស់អង្គការរ៉ាក់នៅសាលារបស់ខ្លួន ជាពិសេសគឺការបន្តចែកសំឡីអនាម័យដល់សិស្សស្រី ដោយឥតគិតថ្លៃ និងបានណែនាំពីរបៀបប្រើប្រាស់សំឡីអនាម័យឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងជម្រុញឱ្យក្មេងស្រីមានលទ្ធភាព និងយល់ដឹងពីការគ្រប់គ្រងអនាម័យពេលមករដូវរបស់ខ្លួន បង្កើនទំនុកចិត្តអំឡុងពេលមករដូវ និងរក្សាអនាម័យ ដើម្បីទទួលបានសុខភាពល្អសម្រាប់យុវតីគ្រប់រូបនៅកម្ពុជា។
អត្ថបទពាក់ព័ន្ឋផ្សេងៗទៀត👇
មតិយោបល់

