
កម្មវិធី «លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាលារៀន ដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំខ្លួនពេលមករដូវ»
អង្គការរ៉ាក់ ក្រោមការគាំទ្រថវិការបស់ Korean ChildFund បានរៀបចំកម្មវិធីស្តីពី «លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាលារៀន ដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំខ្លួនពេលមករដូវ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ក្នុងអនុវិទ្យាល័យដើមស្នាយ ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានសមាសភាពចូលរួមដូចជា អនុប្រធានការិយាល័យអប់រំស្រុកកំពង់ត្រាច បុគ្គលិកមណ្ឌលសុខភាព គណៈកម្មការគ្រប់គ្រងសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស សរុបចំនួន១៥០នាក់ (ស្រី៧៣នាក់)។
លោក អ៊ឹម រស្មី នាយកអនុវិទ្យាល័យដើមស្នាយ មានប្រសាសន៍ក្នុងកម្មវិធីថា លោកពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលអង្គការរ៉ាក់បានអនុវត្តន៍គម្រោងនៅអនុវិទ្យាល័យដើមស្នាយ ដោយបាននាំយកមកនូវសមិទ្ធិផលជាច្រើនដូចជា បង្គន់អនាម័យមេត្រីភាព បន្ទប់សុខភាព សម្ភារៈអប់រំ សម្ភារៈអនាម័យ និងផ្តល់នូវចំណេះដឹងអំពីសុខភាព ជាពិសេសអំពីការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រីផងដែរ។ លោកក៏បានថ្លែងអំណរគុណដល់អង្គការរ៉ាក់ដែលបានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីជម្រុញឱ្យមានការគាំទ្រ និងយកចិត្តទុកដាក់ដល់ក្មេងស្រី និងបញ្ឈប់ការរើសអើងអំឡុងពេលមករដូវ។
លោកប៉ិល ស៊ីណុច អនុប្រធានការិយាល័យអប់រំស្រុកកំពង់ត្រាច បានថ្លែងអំណរគុណដល់អង្គការរ៉ាក់ដែលបានអនុវត្តន៍ការងារ និងយកចិត្តទុកដាក់ខ្លាំងខាងផ្នែកសុខភាព សមស្របនឹងយុទ្ធសាស្រ្តរបស់ក្រសួងអប់រំក្នុងការកសាងធនធានមនុស្ស ព្រោះសុខភាពជារឿងសំខាន់ ហើយការអប់រំអំពីអនាម័យពេលមករដូវ ក៏ជារឿងចាំបាច់សម្រាប់ក្មេងស្រី។ តាមរយៈការអនុវត្តសកម្មភាពរបស់អង្គការរ៉ាក់ដូចជា ការសាងសង់បង្គន់អនាម័យមេត្រីភាព ការសាងសង់បន្ទប់សុខភាព ការចែកសំឡី ការអប់រំសុខភាព និងអប់រំអំពីការរក្សាអនាម័យពេលមករដូវ បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់អង្គការរ៉ាក់ ក្នុងការបង្កើនការយល់ដឹងផ្នែកសុខភាព ដែលបានរួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹង និងកាត់បន្ថយអត្រានៃការឈប់រៀន ឬអវត្តមាន ដោយសារជំងឺ ឬពេលមករដូវជាដើម។
កម្មវិធីបានបន្តប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញអំពីស្ថានភាពអនាម័យទូទៅនៅសាលារៀន និងចំណេះដឹងរបស់សិស្សអំពីការមករដូវដោយគ្រូផ្នែកសុខភាព ការចែករំលែកទៅលើប្រធានបទចំនួនបី គឺភាពពេញ វ័យ ការរក្សាអនាម័យពេលមករដូវ និងការលាងសម្អាតដៃដោយបុគ្គលិករបស់អង្គការរ៉ាក់ ដែលមានការចូលរួមយ៉ាងសកម្មក្នុងការចែករំលែកការយល់ឃើញរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។ មុននឹងបញ្ចប់ អ្នកស្រី ឥន ស៊ីណា បុគ្គលិកមណ្ឌលសុខភាព បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្សឱ្យយល់ដឹងបន្ថែម និងផ្តល់គាំទ្រដល់ក្មេងស្រី ដោយបានលើកទឹកចិត្តក្មេងស្រីឱ្យស្វែងរកជំនួយនៅមណ្ឌលសុខភាព ប្រសិនបើសង្កេតឃើញភាពមិនប្រក្រតី ឬមានចម្ងល់ទាំងឡាយណាដែលទាក់ទងនឹងការមករដូវ។
ក្រោយចូលរួមកម្មវិធីកុមារា ស្រួយ ឧត្តមវឌ្ឍនា បានចែករំលែកពីការយល់ដឹងដែលទទួលបានដូចជា ការយល់ដឹងអំពីការអនុវត្ត អនាម័យពេលមករដូវ រួមមានការលាងសម្អាតប្រដាប់ភេទជាមួយទឹកស្អាត និងការផ្លាស់ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់ ព្រមទាំងបានយល់ដឹងពីសិទ្ធិរបស់ក្មេងស្រីអំឡុងពេលមករដូវផងដែរ។ ឧត្តមវឌ្ឍនា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា រដូវជារឿងធម្មតាដែលគួរយល់ដឹង ហើយក្មេងប្រុសគួរតែគាំទ្រដល់មិត្តភក្តិស្រី និងបញ្ឈប់ការរើសអើងចំពោះក្មេងស្រីពេលមករដូវ។
មតិយោបល់