រំលងម៉ឺនុយទំព័រ

«ការប្រឹក្សាយោបល់អំពីការគ្រប់គ្រងអនាម័យពេលមានរដូវ ជួយសិស្សស្រីឱ្យស្វែងរកសេវាសុខភាព»

«ការប្រឹក្សាយោបល់អំពីការគ្រប់គ្រងអនាម័យពេលមានរដូវ ជួយសិស្សស្រីឱ្យស្វែងរកសេវាសុខភាព»

រឿងជោគជ័យ
10

សម្រាប់ក្មេងស្រីវ័យជំទង់ ការមករដូវគឺជារឿងធម្មតា និងជាផ្នែកមួយនៃការលូតលាស់នៅពេលពេញវ័យ។ ទោះជាយ៉ាងណា ក្តីបារម្ភដែលពាក់ព័ន្ធនឹងសុខភាពក្មេងស្រីអំឡុងពេលមករដូវ តែងតែត្រូវបានមើលរំលង នៅពេលដែលក្មេងស្រីមិនទទួលបានព័ត៌មានគ្រប់គ្រាន់ ឬមិនមានអារម្មណ៍ថាមានសុវត្ថិភាព និងទំនុកចិត្តក្នុងការពិភាក្សាអំពីសុខភាព និងការមករដូវរបស់ខ្លួនជាមួយមនុស្សពេញវ័យ។ 

តាមរយៈ គម្រោងពង្រឹងសុខភាព និងលើកកម្ពស់សិទ្ធិសម្រាប់យុវតី តាមរយៈធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងអនាម័យពេលមករដូវ (HER AIM) រ៉ាក់បានគាំទ្រក្នុងការកសាងសមត្ថភាពគ្រូបង្គោលសុខភាពនៅសាលារៀន ផ្តោតទាំងលើការអប់រំ និងការប្រឹក្សាយោបល់ស្តីពីការគ្រប់គ្រងអនាម័យពេលមករដូវ (MHM) និងសុខភាព តាមរយៈរៀបចំវគ្គបណ្តុះបណ្តាល និងរំលឹក ក្រោមការសម្របសម្រួលពីមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងរ៉ាក់។ ក្រៅពីការផ្តល់នូវចំណេះដឹងអំពីការមករដូវ និងសុខភាព រ៉ាក់បានគាំទ្រដល់ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព និងផាសុកភាពដល់សិស្សានុសិស្ស ក្នុងការសាកសួរ ចែករំលែកកង្វល់ និងស្វែងរកជំនួយនៅពេលពួកគេជួបបញ្ហាពាក់ព័ន្ធនឹងសុខភាព តាមរយៈការគាំទ្រក្នុងការជួសជុល និងបំពាក់សម្ភារបរិក្ខារនៅក្នុងបន្ទប់សុខភាពផងដែរ។ 

ជាក់ស្តែង នៅអនុវិទ្យាល័យសម្តេចហ៊ុនសែនអង្គរជ័យ ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត សិស្សស្រី ធីតា អាយុ ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ បានខកខានការមករដូវអស់រយៈពេលប្រមាណ ៥ខែ។ ដំបូងឡើយ សិស្សប្អូនស្រីមិនបានចាត់ទុកស្ថានភាពរបស់ខ្លួនថាជាបញ្ហាធ្ងន់ធ្ងរឡើយ។ នាងគិតថា ការមិនមករដូវច្រើនខែអាចជារឿងធម្មតា ដូច្នេះនាងមិនបានស្វែងរកជំនួយ ឬប្រាប់អ្នកណាម្នាក់អំពីបញ្ហានេះទេ។ ធីតានិយាយថា៖ «ដំបូងខ្ញុំយល់ថា ការបាត់រដូវជារឿងធម្មតា ទើបខ្ញុំមិនខ្វាយខ្វល់ពីវា»។ ប៉ុន្តែការយល់បែបនេះត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីប្អូនស្រីបានចូលរួមក្នុងក្រុមពិភាក្សា នៅបន្ទប់សុខភាព ដែលសម្របសម្រួលដោយអ្នកគ្រូ ផាន់ សូរិយា ជាគ្រូបង្គោលសុខភាពនៅក្នុងសាលា។​ ការពិភាក្សាក្រុមនេះបានផ្តល់ឱកាសឱ្យសិស្សទទួលបានចំណេះដឹងអំពីសុខភាពអំឡុងពេលមករដូវ ស្វែងយល់អំពីការផ្លាស់ប្តូរនៃវដ្តរដូវ និងយល់ដឹងថា តើពេលណាដែលពួកគេគួរស្វែងរកជំនួយពីមនុស្សពេញវ័យ ឬអ្នកផ្តល់សេវាសុខភាព? 

បន្ទាប់ពីចូលរួមក្នុងសកម្មភាពនេះ សិស្សស្រីរូបនេះមានភាពក្លាហាន និងមានទំនុកចិត្តក្នុងការទៅជួបគ្រូបង្គោលសុខភាព ហើយប្រាប់អំពីបទពិសោធន៍របស់នាងដែលមិនបានមករដូវអស់រយៈពេល ៥ខែ។ ដោយ ទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងពង្រឹងសុខភាព និងលើកកំពស់សិទ្ធិសម្រាប់យុវតី តាមរយៈធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងអនាម័យពេលមករដូវ (HER AIM) គ្រូបង្គោលសុខភាពអាចស្តាប់យល់ពីបញ្ហារបស់សិស្ស ផ្តល់ព័ត៌មានដំបូងដែលសមស្រប និងកត់សម្គាល់ឃើញថា ស្ថានភាពនេះគួរត្រូវបានយកចិត្តទុកដាក់ និងពិនិត្យបន្ថែម ជាជាងចាត់ទុកថាជារឿងធម្មតា។ 

តាមរយៈការពិភាក្សាជាមួយសិស្ស គ្រូក៏បានស្វែងយល់អំពីកត្តាមួយចំនួនពាក់ព័ន្ធដែលអាចជាកត្តានាំឱ្យបាត់រដូវដែលទាក់ទងនឹងរបៀបរស់នៅ និងសុខភាពរបស់សិស្ស ដូចជាទម្លាប់នៃការទទួលទានអាហារ និងទម្ងន់ខ្លួនរបស់គាត់ផងដែរ។ អ្នកគ្រូ សូរិយាជាគ្រូបង្គោលសុខភាព លើកឡើងថា៖ «ក្រោយពិភាក្សា ខ្ញុំយល់ថាការរាំងរដូវអាចទាក់ទងនឹងរបបអាហារ ដោយសារធីតាចូលចិត្តញ៉ាំមី ប្រហិតចៀន សាច់ និងមិនចូលចិត្តបន្លែទេ»។ ទោះជាយ៉ាងណា អ្នកគ្រូមិនបានធ្វើរោគវិនិច្ឆ័យបានទេ ប៉ុន្តែអ្នកគ្រូ បានពិភាក្សាករណីនេះជាមួយក្រុមការងាររ៉ាក់ រកដំនោះស្រាយ និងដើម្បីធានាថា សិស្សទទួលបានការគាំទ្រពីអ្នកជំនាញសុខភាព។ 

បន្ទាប់មក ក្រុមការងាររ៉ាក់ និងគ្រូបង្គោលសុខភាព បាននាំសិស្សទៅកាន់មណ្ឌលសុខភាពតានី នៅស្រុកអង្គរជ័យ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងការពិនិត្យបន្ថែមពីអ្នកជំនាញសុខភាព។ ការបញ្ជូននេះបានជួយភ្ជាប់សិស្សទៅកាន់សេវាសុខភាព ដែលអាចផ្តល់ការណែនាំសមស្រប និងកំណត់ថា តើសិស្សត្រូវការការព្យាបាល ឬការតាមដានបន្ថែមឬយ៉ាងណា? 

បទពិសោធន៍របស់សិស្សរូបនេះបង្ហាញថា តម្លៃនៃការអប់រំអំពីការគ្រប់គ្រងអនាម័យពេលមករដូវ (MHM) មិនមែនមានត្រឹមតែការបង្រៀនក្មេងស្រីអំពីការប្រើប្រាស់សំឡីអនាម័យ ឬការរក្សាអនាម័យពេលមានរដូវប៉ុណ្ណោះទេ។ ការប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាពអំពីរដូវ អាចជួយសិស្សឱ្យស្គាល់សញ្ញាដែលគួរឱ្យយកចិត្តទុកដាក់ មានភាពក្លាហានក្នុងការចែករំលែកបញ្ហារបស់ខ្លួន ស្វែងរកជំនួយ និងអាចទៅកាន់កន្លែងដែលមានផ្ដល់សេវាសុខភាពសមស្រប។ ក្នុងនោះ គ្រូបង្គោលសុខភាពសាលាបានដើរតួនាទីយ៉ាងសំខាន់ ព្រោះគាត់ជាមនុស្សដែលសិស្សអាចទុកចិត្ត និងស្វែងរកជំនួយនៅដំណាក់កាលដំបូង។ ដោយសារចំណេះដឹង និងជំនាញក្នុងការប្រឹក្សាយោបល់ដែលទទួលបានតាមរយៈការបណ្តុះបណ្តាលរបស់គម្រោង HER AIM គ្រូអាចបង្កើតបរិយាកាសដែលមានការគាំទ្រ និងទំនុកចិត្ត ដែលធ្វើឱ្យសិស្សមានអារម្មណ៍ថាអាចនិយាយអំពីបញ្ហាដែលមានភាពរសើបបាន។ បទពិសោធន៍នេះក៏បង្ហាញពីសារៈសំខាន់នៃ ការភ្ជាប់ទំនាក់ទំនងរវាងសាលារៀន និងសេវាសុខភាព។ នៅពេលការប្រឹក្សាយោបល់នៅសាលាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបញ្ជូនទៅកាន់សេវាសុខភាព និងការគាំទ្រតាមដាន សិស្សមិនត្រឹមតែទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានការថែទាំ និងការគាំទ្រដែលពួកគេត្រូវការផងដែរ។ 

រ៉ាក់ (RHAC) បាននិងកំពុងពង្រីកវិសាលភាពការងារគ្រប់ដណ្តប់ខេត្តផ្សេងៗទៀត តាមរយៈកម្មវិធីសុខភាពយុវវ័យ ដើម្បីបន្តការអប់រំ និងផ្សព្វផ្សាយដល់យុវវ័យដែលកំពុងសិក្សាទាំងក្នុងកម្រិត បឋម អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ និងយុវវ័យដែលនៅក្រៅប្រព័ន្ធសិក្សា។ ការងារនេះមានគោលបំណងធានាថា យុវវ័យគ្រប់រូបអាចទទួលបានព័ត៌មានសុខភាពដែលត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងសមស្របតាមវ័យ ព្រមទាំងអាចស្វែងរកសេវា និងការគាំទ្រផ្នែកសុខភាពបានទាន់ពេលវេលា និងសមស្របតាមតម្រូវការរបស់ពួកគេ។

អត្ថបទដោយ: RHAC

មតិយោបល់