តើមហារីកស្បូនគឺជាអ្វី? នៅពេលដែលមានកោសិកាមាត់ស្បូនដែលមើលទៅមិនធម្មតា ប៉ុន្តែមិនទាន់ក្លាយជាមហារីក វាត្រូវបានគេហៅថាមហារីកមាត់ស្បូន។ កោសិកាមិនធម្មតាទាំងនេះអាចជាសញ្ញាដំបូងនៃជំងឺមហារីកដែលនឹងវិវត្តន៍នៅច្រើនឆ្នាំបន្ទាប់។ មហារីកមាត់ស្បូនដំណាក់កាលដំបូង ជាធម្មតាមិនបង្កឱ្យមានការឈឺចាប់ ឬរោគសញ្ញាផ្សេងទៀតទេ។ វាត្រូវបានរកឃើញជាមួយនឹងការធ្វើតេស្តកៀររំអិលមាត់ស្បូន និងអាចបន្តធ្វើតេស្តផ្សេងទៀតដើម្បីបញ្ជាក់ច្បាស់។ ការធ្វើតេស្តកៀររំអិលមាត់ស្បូន អាចជួយការពារមហារីកមាត់ស្បូន ឬរកវាឱ្យឃើញទាន់ពេល។
ការធ្វើតេស្តពិនិត្យមាត់ស្បូន មានសារសំខាន់ណាស់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ។ ហេតុនេះ អ្នកដែលមានរាងកាយជាស្ត្រី គួរស្វែងយល់ពីព័ត៌មានជុំវិញបញ្ហានេះ!
យើងនឹងផ្តល់ព័ត៌មានងាយយល់នៅខាងក្រោមនេះសម្រាប់អ្នកទាំងអស់គ្នា!
មានមិត្តនារីមួយចំនួន មានចំងល់ថា តើយើងគួរត្រៀមខ្លួនអ្វីខ្លះមុនពេលទៅធ្វើតេស្តពិនិត្យមាត់ស្បូន?
ចម្លើយគឺ៖ អ្នកមិនចាំបាច់មានការរៀបចំពិសេសអ្វីមុនពេលអ្នកធ្វើតេស្តនោះឡើយ។
តែអ្នកអាចចៀសវាងទង្វើទាំងនេះដើម្បីប្រសិទ្ធិភាពនៃការធ្វើតេស្ត៖
ប្រសិនបើអ្នកចង់ធ្វើតេស្តកៀររំអិលមាត់ស្បូន អ្នកគួរចៀសវាងការរួមភេទ២ថ្ងៃមុនពេលមកពិនិត្យ ប្រសិនបើអ្នករួមភេទនៅចន្លោះ២ថ្ងៃមុនពេលធ្វើតេស្ត សូមទៅជួបគ្រូពេទ្យតាមការគ្រោងទុកចុះ តែត្រូវជម្រាបពេទ្យឱ្យគាត់ដឹង។
ចៀសវាងការប្រើឱសថលាប ឬសុលទ្វារមាស ឬផលិតផលលូកលាងក្នុងទ្វារមាសរយៈពេល ២ ថ្ងៃមុនពេលធ្វើតេស្ត។
អ្នកគួរចៀសវាងការទៅធ្វើតេស្តក្នុងអំឡុងពេលមានរដូវ។
ហេតុអ្វីបានជាយើងចាំបាច់ត្រូវស្វែងរកការធ្វើតេស្តនេះ?
ការធ្វើតេស្ត ពិនិត្យមើលភាពប្រែប្រួលនៃកោសិកាមាត់ស្បូន និងវត្តមាននៃវីរុស HPV ដែលជាប្រភេទវីរុសបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន អ្នកអាចស្វែងយល់អំពីរបៀប និងមានភាពជាក់លាក់ខុសគ្នានៃការធ្វើតេស្តដូចខាងក្រោម៖
ក្នុងអំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងប្រើឧបករណ៍ផ្លាស្ទិច ឬលោហៈរាងជំពុះទា ដើម្បីបើកមើលខាងក្នុងទ្វារមាសរបស់អ្នក។ គ្រូពេទ្យពិនិត្យទ្វារមាស និងមាត់ស្បូន ហើយប្រមូលកោសិកា និងទឹករំអិលមួយចំនួនចេញពីមាត់ស្បូន និងតំបន់ជុំវិញនោះ។ កោសិកាត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍។ ការធ្វើតេស្តនេះ គឺហៅថា ការធ្វើតេស្តកៀររំអិលមាត់ស្បូន (PAP Smear)។ ការធ្វើតេស្តកៀររំអិលមាត់ស្បូន អាចរកឃើញអំពី៖ ១) ពិនិត្យមើលកោសិកាទាំងនោះថាមានការប្រែប្រួល ឬធម្មតា។ ២) តេស្តនេះក៏អាចរកឃើញវត្តមាននៃវីរុស HPV។ ប៉ុន្តែការធ្វើតេស្តនេះ អាស្រ័យលើការស្នើសុំ ឬការណែនាំរបស់ពេទ្យជំនាញ ថាតើ អ្នកគួរតេស្តរកលទ្ធផលតែមួយ ឬគួរមើលទាំង២។ អ្នកអាចស្វែងរកសេវាធ្វើតេស្តនេះនៅគ្លីនិករ៉ាក់ មន្ទីរពេទ្យ និងមន្ទីរពេទ្យជំនាញជាច្រើន។
វិធីមួយទៀតគឺ ជាការធ្វើតេស្ត VIA ការធ្វើតេស្តនេះ ជាការបន្តក់ទឹកថ្នាំដែលអាចមើលឃើញការប្រែប្រួលនៃកោសិកាមាត់ស្បូន។ ប៉ុន្តែវិធីនេះមិនអាចដឹងថា អ្នកមានវត្តមាននៃវីរុស HPV ឬអត់នោះទេ។ ហើយការធ្វើតេស្តនេះក៏មិនអាចធ្វើតេស្តបានលើគ្រប់នៃរាងកាយនៃមនុស្សស្រីដែរ ព្រោះវាអាស្រ័យលើលក្ខណៈនៃគែមមាត់ស្បូនរបស់បុគ្គលម្នាក់ៗ ជាដើម។
តើអ្នកគួរទៅពិនិត្យនៅពេលណា?
ប្រសិនបើអ្នកមានអាយុពី ២១ ទៅ ២៩ ឆ្នាំ៖ អ្នកគួរតែចាប់ផ្តើមធ្វើតេស្តកៀររំអិល នៅអាយុ ២១ឆ្នាំ។ ប្រសិនបើលទ្ធផលតេស្តរបស់អ្នកធម្មតា គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកអាចរង់ចាំបីឆ្នាំក្រោយ ទើបគួរពិនិត្យម្តងទៀត។
ប្រសិនបើអ្នកមានអាយុពី ៣០ ទៅ ៦៥ ឆ្នាំ៖ សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីជម្រើសតេស្តមួយណាដែលសាកសមសម្រាប់អ្នក។ អ្នកអាចធ្វើតេស្តពិនិត្យមើលកោសិកាទាំងនោះថាមានការប្រែប្រួលឬទេ ។ ហើយគ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកអាចរង់ចាំ បី ឆ្នាំរហូតដល់ការធ្វើតេស្តពិនិត្យបន្ទាប់។ ជាជម្រើសល្អអ្នកក៏អាចធ្វើតេស្តជម្រើសទាំង២ គឺមើលទាំងការប្រែប្រួលកោសិកាមាត់ស្បូន និងវត្តមាននៃមេរោគ HPV ដើម្បីសេចក្តីទុកចិត្ត។ ប្រសិនបើលទ្ធផលទាំងពីររបស់អ្នកមានលក្ខណៈធម្មតា គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកអាចរង់ចាំប្រាំឆ្នាំរហូតដល់ការធ្វើតេស្តពិនិត្យបន្ទាប់របស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសយកតែការធ្វើតេស្តមើលវត្តមាននៃវីរុស HPV ហើយលទ្ធផលធម្មតា គូ្រពេទ្យក៏អាចប្រាប់អ្នកថា អ្នកអាចរង់ចាំបី ទៅប្រាំឆ្នាំរហូតដល់ការធ្វើតេស្តបន្ទាប់។
ប្រសិនបើអ្នកមានអាយុលើសពី ៦៥ ឆ្នាំ៖ គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវពិនិត្យទៀតទេ ប្រសិនបើ៖
អ្នកបានធ្វើតេស្តស្វែងរកការប្រែប្រួលកោសិកាមាត់ស្បូន យ៉ាងហោចណាស់បីដង ឬការធ្វើតេស្ត រកវត្តមាន វីរុស HPV ពីរដងក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ហើយលទ្ធផលតេស្តគឺធម្មតា ឬអវិជ្ជមាន និង
អ្នកមិនមានជំងឺមហារីកមាត់ស្បូនពីមុនមក ឬ
អ្នកបានទទួលការវះកាត់មាត់ស្បូនដែលជាផ្នែកមួយមិនមែនជាមហារីកដូចជាដុំសាច់។
ប្រភព៖ ពិធីសារ គ្លីនិករ៉ាក់ និងអត្ថបទសុខភាព CDC
មតិយោបល់