រំលងម៉ឺនុយទំព័រ

អត្ថប្រយោជន៏នៃការប្រឹក្សាយោបល់ និងពិនិត្យសុខភាពមុនរៀបការ

អត្ថប្រយោជន៏នៃការប្រឹក្សាយោបល់ និងពិនិត្យសុខភាពមុនរៀបការ

ព័ត៌មានសុខភាពយុវវ័យ
529

ការពិគ្រោះពិភាក្សាមុនរៀបអាពាហ៍ពិពាហ៍ គឺមានសារៈសំខាន់ណាស់ ដែលបុរស និង ស្ត្រីគួរយល់ដឹង។ ការប្រឹក្សាប្រភេទនេះមានគោលបំណងដើម្បីឱ្យគូស្រករស្វែងយល់បញ្ហាសំខាន់ៗជាច្រើនដែលទាក់ទងនិងសុខភាព ដំណោះស្រាយ និងការដាក់ផែនការសម្រាប់គ្រួសារ បន្ទាប់ពីរៀបអាពាហ៌ពិពាហ៌។

តើមានចំណុចសំខាន់អ្វីខ្លះដែលទទួលបានពីការប្រឹក្សាយោបល់ និងការពិនិត្យសុខភាពមុនរៀបការ?សម្រាប់ព័ត៌មានសំខាន់ៗ គូស្រករ និងទទួលបានការពន្យល់ក្បោះក្បាយពីចំណុចសំខាន់ៗសម្រាប់ដែលគួរយល់ដឹងដូចជា៖

១. ការពន្យារកំណើត/មធ្យោបាយពន្យារកំណើត៖ ព័ត៌មានដែលទាក់ទងនឹងការប្រើប្រាស់មធ្យោបាយពន្យារកំណើត នឹងជួយដល់គូស្រករធ្វើការសម្រេចចិត្តជ្រើសរើសមធ្យោបាយណាមួយដែលសមស្របចំពោះសុខភាព និងភាពស្រណុកចិត្តរបស់ខ្លួនឯង និងដៃគូ ក៏ដូចជាការរៀបចំផែនការគ្រួសារ ការយកកូនឱ្យទៅតាមប្រាថ្នា។​ សារៈសំខាន់នៃការពន្យារកំណើតគឺជួយម្តាយ និងកូនមានសុខភាពល្អ មានពេលគ្រប់គ្រាន់សម្រាប់មើលថែទាំកូនរបស់ខ្លួនឱ្យបានល្អ កាត់បន្ថយគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ ពេលសម្រាល និង ក្រោយសម្រាល គ្រួសារមានសុខភាពល្អ មិនចំណាយថវិកាលើថ្លៃពេទ្យ ធ្វើឱ្យជីវភាពគ្រួសារល្អ ប្រសើរ។

២. ស្វែងយល់អំពីជំងឺកាមរោគ និងអេដស៍៖ ជួយឱ្យគូស្រករយល់ដឹងអំពីប្រភេទនៃជំងឺកាមរោគ ការឆ្លង និងផលប៉ះពាល់សុខភាពទាំងសងខាង និងកូនដែលកើតមកជាដើម។ ចំណេះដឹងទាំងនោះ ក៏ជួយឱ្យភាគីណាម្នាក់ យល់អំពីឥរិយាបថដែលប្រឈមនឹងការឆ្លងជំងឺកាមរោគ អេដស៍ ការសម្រេចធ្វើតេស្ត និងការធ្វើឱ្យប្រាកដចិត្តថា យើងមានសុខភាពល្អ មុនពេលដែលចាប់ផ្តើមគ្រួសារ។ វាក៏បង្ហាញនូវភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាផងដែរ។

៣.​ ការបង្ករកំណើត៖ គូស្វាមីភរិយាអាចស្វែងយល់បន្ថែមអំពីការមានផ្ទៃពោះ វដ្តរដូវរបស់ស្ត្រី និងពេលវេលាដែលអាចមានលទ្ធភាពបង្កកំណើតខ្ពស់ជាដើម។

៤. ការមានផ្ទៃពោះ៖ ជួយឱ្យគូស្រករត្រៀមខ្លួនក្នុងការមានផ្ទៃពោះ ជួយគូស្រករយល់ដឹងពីការថែទាំផ្ទៃពោះ និង សញ្ញានៃការមានផ្ទៃពោះមានដូចជា៖ បាត់រដូវ ដោះឡើងតឹង(ឈឺដោះ) ក្អួតចង្អោរ អស់កម្លាំង មានអារម្មណ៍ផ្លាស់ប្តូរ ធុំចំណីរអាហារ ប្រែប្រួលទម្ងន់ និង នោមញឹក។ល។ គូស្រករក៏អាចដឹងអំពីឱកាសនៃលទ្ធភាពពិបាកមានកូន និងការស្វែងរកសេវាពិគ្រោះយោបល់ផងដែរ។

៥.  គ្រោះថ្នាក់នៃការរំលូត៖ ជាគ្រោះថ្នាក់មួយដែលអាចកើតមានដល់សុខភាពស្ត្រី គឺអាចបណ្តាលមកពីការរំលូតដោយខ្លួនឯងដែលមិនទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់ ឬ រំលូតជាមួយនឹងអ្នកដែលគ្មានជំនាញច្បាស់លាស់ គ្មានអនាម័យ។ ហេតុនេះស្ត្រីនិងដៃគូរ​គួរស្វែងយល់បន្ថែមអំពីបញ្ហានេះ។  ផលវិបាកទាំងនោះរួមមានច្រើនដូចជា៖ ការធ្លាក់ឈាម ធ្លាយស្បូន រហែកស្បូននិងមាត់ស្បូន សល់បំណែកកូន ជំងឺតេតាណូស ការបង្ករោគនៅក្នុងឈាម និង ដំបៅរលួយក្នុងស្បូន(អាចមានគ្រោះថ្នាក់ដល់ជីវិត)។

៦. យល់ដឹងអំពីសុខភាពផ្លូវភេទ៖ ជារឿងសំខាន់ណាស់ដែលគូស្រករត្រូវយល់ដឹងអំពីសុខភាពផ្លូវភេទជាពិសេសការយល់ចិត្តគ្នានិងព្រមព្រៀងគ្នា បំពេញចំណង់ផ្លូវភេទឱ្យគ្នាទៅវិញទៅមក និងមានការទុកចិត្តថាគ្មានផ្ទៃពោះដែលមិនចង់បាន និងគ្មានការឆ្លងជំងឺ។

៧. ការស្វែងរកកោសិកាមហារីកមាត់ស្បូន៖ អ្នកជំនាញនឹងផ្តល់ព័ត៌មានអំពីផលប្រយោជន៍នៃការធ្វើតេស្តស្វែងរកកោសិកាមហារីកមាត់ស្បូន លក្ខខណ្ឌនៃការប្រឈម ផ្សេងៗ និងការថែរក្សាសុខភាពស្រ្តី ជាដើម។ 

៨. ទំនួលខុសត្រូវក្នុងគ្រួសារ៖ សមភាពយេនឌ័រ សិទ្ធិ ទំនួលខុសត្រូវ និងឱកាសរបស់បុគ្គល ការគោរព ការពិភាក្សា និងចូលរួមពិភាក្សា និងសម្រេចចិត្តក្នុងការរៀបចំផែនការគ្រួសារជាមួយគ្នា ការគ្រប់គ្រងប្រាក់ចំណូល មើលថែទាំកូននិងផ្ទះសំបែងជាមួយគ្នា តម្រូវការសុខភាពផ្លូវភេទនិងសុខទុក្ខរបស់គ្នាទៅវិញទៅមកជាដើម ក៏ជាអត្ថប្រយោជន៍ក្នុងការស្វែងយល់មុនពេលរៀបការ។

៩. ការពិនិត្យសុខភាព ដោយខ្លួនឯង៖ ព័ត៌មានមួយចំនួនក៏ត្រូវបានណែនាំដោយអ្នកជំនាញសម្រាប់គូស្រករដើម្បីពិនិត្យ និងថែរក្សាសុខភាពរបស់ខ្លួន ដូចជា៖  វិធីក្នុងការពិនិត្យសុដន់ដោយខ្លួនឯង (សម្រាប់ស្ត្រី) ការប្រែប្រួលនៅក្នុង ឬនៅជុំវិញប្រដាប់ភេទ រោគសញ្ញាគម្រាមកំហែងដូចជា៖ មានហូរខ្ទុះ ទឹករងៃចេញពីលិង្គ ឈឺនៅពេលនោម រមាស់នៅលើប្រដាប់បន្តពូជ ដំបៅឬដុះសាច់នៅលើប្រដាប់បន្តពូជ ការលាងសម្អាតស្បែកគ្របលិង្គជាដើម(សម្រាប់បុរស)។

ជាងនេះទៅទៀត អ្វីដែលសំខាន់នោះគូស្រករមានឱកាសក្នុងការពិនិត្យសុខភាពរបស់ខ្លួន ជាពិសេសការធ្វើតេស្តស្វែងរកមេរោគកាមរោគមួយចំនួនដូចជា មេរោគអេដស៌ ស្វាយ រលាកថ្លើមបេ សេ ប្រមេះទឹកបាយ ទឹកថ្លា ពិនិត្យក្រុមឈាម គ្រាប់ឈាមជាដើម​ ដើម្បីឱ្យប្រាកដថា គូស្រករកាន់តែមានទំនុកចិត្តគ្នា និងមានសុវត្ថិភាព។

ស្ត្រីបុរសដែលត្រៀមរៀបការគួរទទួលបាននូវព័ត៌មានទាំងនេះដើម្បីត្រៀមលក្ខណៈនិងរៀបចំផែនការគ្រួសារក៏ដូចជាការម្រេចចិត្តទាក់ទងទៅនឹងសុខភាពផ្លូវភេទ/សុខភាពបន្តពូជ ។

ហើយដើម្បីទទួលបាននូវភាពងាយស្រួល សេវាប្រឹក្សាសម្រាប់ត្រៀមរៀបអាពាហ៍ពិពាហ៍នេះផងដែរ អាចរកបាននៅគ្រប់គ្លីនិករ៉ាក់។

សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់អ្នកផ្តល់ប្រឹក្សាតាមរយៈលេខ៖ ០១០ ៨១២ ៨១២/០៨៩ ៣៣៣ ៩៩០/ ០៨៨ ៧ ១០៧ ១០៧

  • រៀបរៀងដោយ វេជ្ជ. អ៊ិន ស៊ីណាត (គ្រូពេទ្យព្យាបាលនៅគ្លីនិករ៉ាក់ ផ្សារដេប៉ូ)

  • ដកស្រង់ចេញពីសៀវភៅអប់រំសុខភាពរបស់គ្លីនិករ៉ាក់

អត្ថបទដោយ: RHAC

មតិយោបល់