ជំងឺសិរមាន់ជាជំងឺម្យ៉ាងដែលបង្កដោយវីរុសប្រភេទ HPV ( Human Papilloma Virus)។ មេរោគនេះមានជាងមួយរយប្រភេទ ហើយមានចរិតលក្ខណៈបង្ករោគនៅប្រដាប់បន្ដពូជបុរសស្រ្ដី វាឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់និងតាមរយៈការរួមភេទដោយមិនប្រើស្រោមអនាម័យ។
ការចេញរោគសញ្ញានៃជំងឺសិរមាន់មានរយៈពេលបីទៅប្រាំបួនសប្ដាហ៍ក្រោយឆ្លងមេរោគ ហើយអ្នកជំងឺអាចឃើញមានកន្ទួលដុំសាច់លើប្រដាប់ភេទ (លិង្គ ទ្វារមាស) មាត់ស្បូន បរិវេណជុំវិញទ្វារមាស និងរន្ធគូទ វាក៏អាចកើតនៅ អណ្ដាត បំពង់ក បំពង់អាហារ និងបំពង់ខ្យល់ផងដែរ ដោយសារអ្នកជំងឺរួមភេទតាមមាត់ជាមួយអ្នកមានផ្ទុកមេរោគ។ជាទូទៅប្រភេទសិរមាន់ដែលកើតលើប្រដាប់ភេទ ភាគច្រើនបង្កដោយមេរោគ HPV6 និង HPV11 , ក៏មានប្រភេទផ្សេងទៀតដែលចេញរោគសញ្ញាលើស្បែកយើងហៅថា ឫស ប៉ុន្ដែវាអាចជាបាត់ទៅវិញក្នុងកំឡុងពេលពីរទៅបីឆ្នាំក្រោយដោយពុំមានការព្យាបាល។
អ្នកណាខ្លះអាចកើតជំងឹសិរមាន់?
ទាំងបុរសនិងស្ដ្រីសុទ្ធតែអាចកើតជំងឺសិរមាន់ តែបុរសភាគច្រើនឆ្លងហើយមិនសូវចេញរោគសញ្ញាដូចមនុស្សស្រី ទេ។ មានន័យថាក្រោយពេលឆ្លងមេរោគ ស្រ្ដីងាយចេញរោគសញ្ញាដុះសាច់លើប្រដាប់ភេទច្រើនជាងបុរស ដោយសារប្រព័ន្ធការពាររាងកាយស្ត្រី ខ្សោយជាងបុរស និងរចនាសម្ព័ន្ធប្រដាប់ភេទស្មុគស្មាញជាងបុរស។
គេរកឃើញថាអ្នកឆ្លងមេរោគនេះភាគច្រើនស្ថិតនៅវ័យបន្ដពូជ អាយុចន្លោះពី ១៧ ទៅ ៣៣ឆ្នាំ។
តើក្រុមមនុស្សដែលប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគ?
អ្នកជក់បារី
អ្នកមានដៃគូរួមភេទច្រើនមិនប្រើស្រោមអនាម័យ
អ្នកឆាប់ប្រឡូកក្នុងការរួមភេទ
អ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ
តើមានអត្រាជាសះស្បើយក្រោយព្យាបាលដែរឬទេ?
ចំពោះការព្យាបាលហាក់មានភាពស្មុគស្មាញ ជាពិសេសចំពោះសិរមាន់ប្រភេទ HPV6 និង HPV11 ។ ភាគច្រើនការកើតមកវិញក្រោយព្យាបាលដោយសារ៖
ឆ្លងពីដៃគូមកវិញ
ដុំសិរមាន់មានសភាពរឹង គល់ជ្រៅ និងចំនួនច្រើន
តើការព្យាបាលមានលក្ខខណ្ឌយ៉ាងដូចម្តេច?
មិនមានគោលការណ៍ណែនាំច្បាស់លាស់ណាមួយទេសម្រាប់ការព្យាបាលសិរមាន់ តែវិធីដែលមានប្រសិទ្ធភាពបំផុត គឺការដុតដោយម៉ាស៊ីនដែលមិនមានការឈឺចាប់ ហើយអត្រាជាសះស្បើយ គឺមានរហូតដល់ទៅ ៩០% ។ ទោះជាយ៉ាងណា ក៏មានអ្នកជំងឺខ្លះ កើតមកវិញក្រោយការដុតដែរ។ ដូច្នេះគាត់ត្រូវប្រញាប់មកដុតវិញម្តងទៀត ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីកុំឱ្យដុំសាច់រីកធំ កើនចំនួន និងមានគល់ជ្រៅដែលជាកត្តានាំឱ្យមានអត្រាបរាជ័យក្នុងការព្យាបាល។ ក្រៅពីនេះការព្យាបាលដោយថ្នាំ តែមានប្រសិទ្ធភាពទាបនោះអ្នកជំនាញមិនសូវបានណែនាំនោះទេ។ ទោះជាយ៉ាងណាក៏មានករណីដែលតម្រូវឱ្យមានការវះកាត់នៅពេលដែលដុំសាច់រីធំ គល់ជ្រៅ មិនអាចដុតដោយម៉ាស៊ីនបាន។
តើការព្យាបាលជំងឺនេះចំពោះស្ដ្រីមានផ្ទៃពោះមានលក្ខខណ្ឌខុសគ្នាជាមួយនឹងអ្នកជំងឺទូទៅដែរឬទេ?
ការព្យាបាលសម្រាប់ស្ត្រីមានផ្ទៃពោះ គឺដូចគ្នាទៅនឹងអ្នកជំងឺផ្សេងទៀតដែរ តែការសម្រាលតាមធម្មជាតិអាចពិបាកនិងនាំឱ្យប៉ះពាល់ដល់ទារក ដោយសារទារកអាចឆ្លងជំងឺសិរមាន់ពីម្ដាយនៅពេលឆ្លងកាត់ប៉ះផ្ទាល់ជាមួយទ្វារមាសម្ដាយដែលមានផ្ទុកមេរោគ ឬកំពុងចេញរោគសញ្ញា។
តើយើងត្រូវធ្វើដូចម្តេចដើម្បីបង្ការជំងឺនេះ?
យើងបានដឹងហើយថាជំងឺនេះឆ្លងតាមរយៈការរួមភេទ ដូចនេះដើម្បីការពារខ្លួនអ្នកពីការឆ្លង អ្នកត្រូវ
តមការរួមភេទ ឬកុំឆាប់ប្រឡូកក្នុងការរួមភេទ
មានដៃគូ ស្មោះមួយនឹងមួយ
ត្រូវប្រើស្រោមអនាម័យពេលរួមភេទ
កុំជក់បារី ផឹកស្រា ជាហេតុនាំឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ
*បន្ថែមពីនេះ ការចាក់វ៉ាក់សាំងការពារក៏ជាជម្រើសដែលអ្នកគួរតែពិចារណាផងដែរ។ បច្ចុប្បន្ន យើងមានវ៉ាក់សាំងការពារជំងឺសិរមាន់ហើយ គឺ Gardacil4( ការពារបានបួនមុខ) និង Gardacil9 (ការពារបានប្រាំបួនមុខ) អាចចាក់បានទាំងប្រុសនិងស្រី។ អង្គការសុខភាពពិភពលោកបានចេញសេចក្ដីណែនាំឱ្យចាក់ដូចខាងក្រោម៖
អាយុ ៩ឆ្នាំ ដល់ ២០ឆ្នាំ ចាក់ម្ដង
អាយុ ២១ឆ្នាំ ឡើងត្រូវចាក់ពីរដង
អ្នកមានប្រព័ន្ធការពាររាងកាយខុះខ្សោយ ( អ្នកផ្ទុកមេរោគអេដស៍) ចាក់បីដង
សម្រាប់អ្នកដែលឆ្លងកាត់ការរួមភេទហើយ ត្រូវធ្វើតេស្តស្រាវជ្រាវមេរោគជាមុនសិន បើអវិជ្ជមានទើបអាចចាក់បាន
បើវិជ្ជមាន នោះអ្នកជំនាញមិនណែនាំឱ្យចាក់ទេ គឺគាត់ត្រូវតាមដាន ឬ ព្យាបាលបើមានរោគសញ្ញាហើយ។
រៀបរៀងដោយ វេជ្ជ. ឡេង វួចម៉េង ប្រធានគ្លីនិករ៉ាក់តាកែវ
ប្រភពឯកសារ៖ https://emedicine.medscape.com/article/763014-overview
https://www.who.int/news/item/20-12-2022-WHO-updates-recommendations-on-HPV-vaccination-schedule
មតិយោបល់