រំលងម៉ឺនុយទំព័រ

ស្វែងយល់ពីបញ្ហាកូនក្រៅស្បូន

ស្វែងយល់ពីបញ្ហាកូនក្រៅស្បូន

ព័ត៌មានសុខភាពយុវវ័យ
1664

ស្ត្រីគ្រប់រូបដែលមានបំណងចង់បានកូន តែងប្រាថ្នាការពរពោះដែលប្រកបដោយសុខភាពល្អ និងមានសុវត្ថិភាព។ តែមានករណីខ្លះ ដែលអាចកើតមាន និងចៀសមិនរួច ដូចជា កូនក្រៅស្បូន ការសម្រាលមុនកំណត់ កូនមិនលូតលាស់ ឬលូតលាស់មិនគ្រប់លក្ខណៈ ការរលូតដោយឯងៗ ជាដើម។

រ៉ាក់សូមលើកយកបញ្ហាកូនក្រៅស្បូនមកចែករំលែកនៅពេលនេះ៖

អ្វីទៅជាការមានកូននៅក្រៅស្បូន?

រាល់ការតាំងទីដែលមិនប្រព្រឹត្តទៅនៅក្នុងតួស្បូនគឺជាការមានកូននៅក្រៅស្បូន ហើយទីតាំងដែលតែងតែជួប ប្រទះញឹកញាប់ជាងគេ គឺនៅដៃស្បូន (មានប្រមាណ90%)។ ក្រៅពីនេះកូនក្រៅស្បូនអាចមាននៅកន្សោម ពងញី ឆ្វេង ឬស្តាំរបស់ស្ត្រី នៅក្នុងពោះ និងប្រហោងមាត់ស្បូនជាដើម។ ជាទូទៅកូនក្រៅស្បូនមាន ចន្លោះពី១ទៅ២% ក្នុងចំណោមកំណើតរស់ និង មានដល់ទៅ៤% នៃផ្ទៃពោះដែលបានមកពីការព្យាបាលដោយបចេ្ចកវិទ្យា។

តើរោគសញ្ញាអ្វីខ្លះដែលអាចសម្គាល់ការមានកូនក្រៅស្បូន?

យោងតាមលទ្ធផលនៃការស្រាវជ្រាវមួយចំនួន បានបង្ហាញថា មានស្ត្រីប្រមាណ១០% ដែលមានកូនក្រៅស្បូនគ្មានរោគសញ្ញាអី្វគួរឱ្យកត់សម្គាល់ឡើយ និងមានករណីនៃស្ត្រីប្រមាណ ៣០% មិនមានសញ្ញា និង មិនអាចមើលឃើញ បើទោះជាតាមវិធីអេកូសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ មានរោគសញ្ញាដែលនឹងលេចឡើងនៅចន្លោះ៤-៨ សប្តាហ៍ ជាមធ្យម ឬអាចយូរជាងនេះទៅតាមការតាំងទីនៃការករកើតគក៌។ រោគសញ្ញារួមមាន ធ្លាក់ឈាម និងឈឺពោះផ្នែកខាងក្រោម។ ក្នុងករណីផ្សេងទៀត ក៏អាចមានការបែកគក៌ដែលនៅក្រៅស្បូននោះ ហើយវាអាចនាំឱ្យមានសញ្ញា ដូចជា៖

  • ធ្លាក់ឈាមនិងឈឺពោះ។ វាចាប់ផ្តើមឈឺនៅផ្នែកខាងក្រោមម្ខាងនៃពោះបន្ទាប់មកក៌ឈឺពេញពោះ ដោយសារការបាត់បង់ឈាមដែលមានចំនួនច្រើននៅក្នុងប្រហោងពោះ។

  • ឈឺសន្ទះទ្រូងដោយសារសម្ពាធឈាមបុកឆ្ពោះទៅស្មារួចអាចសន្លប់។ ក្នុងដំណាក់កាលនេះស្ត្រីស្ថិតក្នុងសភាពបាត់បង់ស្មារតី (Shock) សម្ពាធឈាមចុះ បេះដូងដើរញាប់ និងមានសញ្ញាពោះតឹងណែន និងឈឺខ្លាំងនៅពេលប៉ះ។

តើការមានកូនក្រៅស្បូនអាចព្យាបាលដោយរបៀបណា?

ការធ្វើរោគវិនិច្ឆ័យឱ្យបានលឿនបំផុតមានសារៈសំខាន់ណាស់សម្រាប់ការព្យាបាល ។ ការព្យាបាល គឺនៅពេលដែលអ្នកជំនាញប្រាកដថាស្ត្រីមានកូនក្រៅស្បូន ភ្លាមៗ គាត់អាចនឹងប្រើឱសថចាក់ ដើម្បីទប់ស្កាត់ការ លូតលាស់របស់គភ៌ និងជម្រុញការរលូត ។ ថ្នាំប្រភេទនេះក៏មានការលើកលែងមិនឱ្យប្រើលើស្ត្រីដែលមានលក្ខខណ្ឌសុខភាពមួយចំនួនផងដែរ។ ហេតុដូច្នេះស្ត្រីតូ្រវតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការតាមដាន និងរោគវិនិច្ឆ័យ ឱ្យបានល្អិតល្អន់។ ចំពោះកូនក្រៅស្បូនដែលមិនអាចព្យាបាលដោយឱសថបាន នៅពេលដែលធ្វើរោគវិនិច្ឆ័យច្បាស់លាស់ហើយ ត្រូវតែយកចេញតាមរយៈការវះកាត់ លើទីតាំងដែល គភ៌នោះតាំងនៅ។

នរណាជាអ្នកប្រឈមនឹងការមានកូនក្រៅស្បូន?

គ្រប់ស្ត្រីនៅក្នុងវ័យបង្កកំណើតសុទ្ធតែអាចមានឱកាសមានកូនក្រៅស្បូន។ ការសិក្សាមួយបានបង្ហាញថា ៣០%នៃមូលហេតុដែលបណ្ដាលឱ្យមានកូនក្រៅស្បូនមិនអាចកំណត់បាន តែករណីច្រើនកើតមានលើអ្នកដែលមានប្រវត្តិរលាកអាងត្រគាកពីមុន អ្នកអសមត្ថភាពបង្កកំណើត ការប្រើកងដាក់ក្នុងស្បូន ប្រវត្តិវះកាត់ដៃស្បូន ប្រវត្តិកោស សម្អាតស្បូន ប្រវត្តិមានកូនក្រៅស្បូន។ល។ ក្រៅពីនេះ ក៏មានជំងឺមួយចំនួនដូចជា៖ ជំងឺស្រទាប់ស្បូនស្អិត, (As herma’s Syndrome ) ជំងឺស្រទាប់ ក្នុងស្បូនដុះ ខុសប្រក្រតី (Endometriosis) ជំងឺរបេងអាងត្រគាក (Pelvic tuberculosis) និងអ្នកចងដៃស្បូន ក៌ជាមូលហេតុបណ្តាលឱ្យមានកូនក្រៅស្បូនផងដែរ។

តើធ្វើយ៉ាងណាកុំឱ្យមានកូនក្រៅស្បូន?

គ្មានការអះអាងណាដែលអាចបង្ការបញ្ហាកូនក្រៅស្បូនបាន ១០០% នោះទេ តែស្ត្រីគ្រប់រូបគួរ ថែរក្សា និងតាមដានសុខភាពបន្តពូជ និងរោគស្ត្រីឱ្យបានទៀងទាត់។ មានការសិក្សាខ្លះបានបង្ហាញថាការមិនជក់បារី មិនមានដៃគូច្រើននិងការប្រើស្រោមអនាម័យនៅពេលរួមភេទជួយអ្នកពីការឆ្លងជំងឺកាមរោគដែលជាប្រភពវិវត្តិទៅរកជំងឺរលាកអាងត្រគាក ហើយនោះគឺជាមូលហេតុបង្កចំបងមួយនៃអ្នកដែលមានកូនក្រៅស្បូន។

ធ្វើដូចម្តេចទើបដឹងថាមានកូនក្រៅស្បូន?

ស្ត្រីគួរតែចាប់អារម្មណ៍ពីបញ្ហាកូនក្រៅស្បូនបើមានសញ្ញាទាំងអស់ដែលមានដូចជា ការបាត់រដូវរយៈពេលខ្លី ធ្លាក់ឈាម ឈឺពោះផ្នែកខាងក្រោម ហើយលទ្ធផលតេស្តផ្ទៃពោះ (ទឹកនោម) វិជ្ជមាន។ ក្នុងករណីកូនក្រៅស្បូនមួយចំនួនដែលមិនអាចរកឃើញដោយអេកូសាស្ត្រ អ្នកជំនាញនឹងពិនិត្យកម្រិតអ័រម៉ូន(Beta-HCG) រៀងរាល់៤៨ម៉ោងម្ដងដើម្បីបញ្ជាក់ពីអាយុ និងការលូតលាស់របស់គភ៌។

កំណត់សម្គាល់៖ មានជំងឺមួយចំនួនដែលមានរោគសញ្ញាប្រហាក់ប្រហែលនឹងកូនក្រៅស្បូន ដូចជា៖

  • ការគំរាមរលូត ឬ រលូតមិនអស់

  • រលាកដៃស្បូន

  • រលាកខ្នែងពោះវៀន

  • រលាកស្រោមពោះ

  • ការ រមួល ឬបែកគីសដៃស្បូន

  • គ្រួសក្នុងតម្រងនោម ជាដើម។

ប្រភពឯកសារ៖ ពីធីសារគ្លីនិករ៉ាក់ សម្ភព និងរោគស្ត្រី

អត្ថបទដោយ: RHAC

មតិយោបល់