រំលងម៉ឺនុយទំព័រ

សិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ឪពុកម្តាយ និងសហគមន៍ ដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំងខ្លួនពេលមករដូវ»

សិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ឪពុកម្តាយ និងសហគមន៍ ដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំងខ្លួនពេលមករដូវ»

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
408

អង្គការរ៉ាក់ ក្រោមការគាំទ្រថវិការបស់ Korean ChildFund បានអនុវត្តគម្រោង «លើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំខ្លួនពេលមានរដូវ» ក្នុងគោលបំណងកែលម្អសុខភាព ការអប់រំ និងសេចក្តីថ្លៃថ្នូររបស់ក្មេងស្រីវ័យជំទង់ តាមរយៈការលើកកម្ពស់ការគ្រប់គ្រងអនាម័យពេលមករដូវ និងការយល់ដឹង ដើម្បីលុបបំបាត់ឧបសគ្គខាងផ្នែករាងកាយ និងសង្គម។ តួយ៉ាង នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ រ៉ាក់បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ឪពុកម្តាយ និងសហគមន៍ ដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិរបស់យុវតី តាមរយៈការធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការថែទាំខ្លួនពេលមករដូវ» ក្នុងភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានសមាសភាពចូលរួមដូចជា តំណាងការិយាល័យអប់រំស្រុកកំពង់ត្រាច សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកស្រ្តី និងកុមារ បុគ្គលិកមណ្ឌលសុខភាព គ្រូបង្រៀន សិស្សានុសិស្ស ឪពុកម្តាយឬអាណាព្យាបាល និងប្រជាពលរដ្ឋ សរុបចំនួន១២៩ ស្រី៩០។

លោកស្រី ហ៊ន សារ៉ាត់ សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកស្រី និងកុមារ មានប្រសាសន៍ក្នុងសិក្ខាសាលាថា លោកស្រីពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលបានចូលរួមសិក្ខាសាលារៀបចំដោយអង្គការរ៉ាក់ ដែលផ្តល់ឱកាសដល់អ្នកស្រីបានស្វែងយល់បន្ថែមអំពីភាពពេញវ័យ និងការរក្សាអនាម័យពេលមករដូវបានកាន់តែលម្អិត។ លោកស្រីសង្កត់ធ្ងន់ថា ការយល់ដឹងពី រដូវ និងអនាម័យពេលមករដូវ មិនមែនជារឿងរបស់ក្មេងស្រី និងស្រីឡើយ ប៉ុន្តែក្មេងប្រុស និងបុរសក៏គួរតែយល់ដឹង ដើម្បីជួយគាំទ្រ និងបង្ហាញគោលជំហរមិនរើសអើងស្ត្រីពេលមករដូវ។ លោកស្រីក៏បានថ្លែងអំណរគុណដល់អង្គការរ៉ាក់ ដែលរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងឱ្យបានទូលំទូលាយអំពីអនាម័យពេលមករដូវ ដែលបង្ហាញយ៉ាងច្បាស់ថា អង្គការរ៉ាក់យកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្នុងសហគមន៍។

លោក ​គង់ ណារិទ្ធ​ មន្រ្តីទទួលបន្ទុកសុខភាពសិក្សាការិយាល័យអប់រំស្រុកកំពង់ត្រាចក៏បានលើកឡើងស្រដៀងគ្នាថា លោកពិតជាមានក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់អង្គការរ៉ាក់យ៉ាងក្រៃលែងដែលបានរៀបចំសិក្ខាសាលានេះឡើង ដ៏មានសារសំខាន់នេះសម្រាប់ក្មេងស្រី និងស្រ្តីក្នុងការរស់នៅប្រចាំថ្ងៃ។ សិក្ខាសាលានេះក៏ជាឱកាសក្នុងការផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹងមួយចំនួនបន្ថែមពីម៉ោងសុខភាពសិក្សា នៅក្នុងសាលារៀន។ រីឯ ប្រជាពលរដ្ឋក៏អាចទទួលបានចំណេះដឹង និងយកទៅអនុវត្តផ្សព្វផ្សាយឬណែនាំបន្តទៅអ្នកជុំវិញខ្លួន ជាពិសេសសម្រាប់ក្មេងស្រី។

គួរបញ្ជាក់ផងដែរថា ប្រធានបទចំនួនពីរ គឺភាពពេញវ័យ និងអនាម័យពេលមករដូវ ដែលផ្តល់ជូនដោយបុគ្គលិករបស់អង្គការរ៉ាក់ ត្រូវបានលើកឡើង និងចែករំលែក ដើម្បីផ្សារភ្ជាប់នឹងការចូលរួម និងការយល់ឃើញរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។ តាមរយៈសិក្ខាសាលានេះ អ្នកគ្រូច្រឹង ភីលី តំណាងអនុវិទ្យាល័យដើមស្នាយ និងជាគណកម្មការសុខភាពសាលារៀន ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្សឱ្យយល់ដឹងបន្ថែម ព្រមទាំងបន្តការគាំទ្រដល់ក្មេងស្រីនៅក្នុងសាលារៀន ដើម្បីឱ្យគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាអនាម័យ និងថែទាំខ្លួនអំឡុងពេលមករដូវ។

អត្ថបទដោយ: RHAC

មតិយោបល់