រំលងម៉ឺនុយទំព័រ

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋមនៃការសិក្សាស្ដីពីស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលប្តូភេទក្នុងប្រទេសកម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋមនៃការសិក្សាស្ដីពីស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលប្តូភេទក្នុងប្រទេសកម្ពុជា

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
89

(សៀមរាប)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គការរ៉ាក់បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋមនៃការសិក្សាស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលប្តូរភេទ/យេនឌ័រក្នុងប្រទេសកម្ពុជា និងការប៉ាន់ប្រមាណកិច្ចអន្តរាគមន៍ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយទៅលើអាកប្បកិរិយាផ្លូវភេទក្នុងចំណោមយុវវ័យកម្ពុជា (ការសិក្សាដោយប្រើវិធីសាស្ត្រចម្រុះ)។ សិក្ខាសាលានេះមានការចូលរួមសរុបចំនួន 68នាក់ ដែលមកពីតំណាងក្រសួងសុខាភិបាល តំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ ក្រុមការងារនៃនាយកដ្ឋានសុខភាពសិក្សា តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត នាយក នាយិកា គ្រូបង្រៀន សិស្សានុសិស្សមកពីវិទ្យាល័យនៅខេត្តសៀមរាប និងខេត្តកំពត អង្គការដៃគូរបស់រ៉ាក់ ផងដែរ។

សិក្ខាសាលានេះធ្វើឡើងក្នុងបំណងដើម្បី ផ្សព្វផ្សាយពីលទ្ធផលដែលបានស្រាវជ្រាវ និងប្រមូលទិន្នន័យ ឬភស្ដុតាងជាក់លាក់សម្រាប់ជាគោលក្នុងការសិក្សានាពេលអនាគត។ គម្រោងនេះក៏មានបំណងដើម្បីឱ្យភាគីពាក់ព័ន្ធមានអ្នកផ្តល់សេវា ឬក្រសួងសុខាភិបាល អាចកែលម្អ និងរៀបចំសេវាអរម៉ូនឱ្យមានភាពល្អប្រសើរ និងប្រកបដោយសុវត្ថិភាព។

មតិស្វាគមន៍ និងចំណាប់អារម្មណ៍ តំណាងអង្គការរ៉ាក់ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ បានថ្លែងថា សិក្ខាសាលានាថ្ងៃនេះ គឺជាការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាចំនួន២ដែលអង្គការរ៉ាក់បានធ្វើការប្រមូលទិន្នន័យ។ ការសិក្សាទី១ គឺស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលប្តូរភេទ/យេនឌ័រក្នុងប្រទេសកម្ពុជា និងការសិក្សាទី២ ស្តីពីការប៉ាន់ប្រមាណកិច្ចអន្តរាគមន៍ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយទៅលើអាកប្បកិរិយាផ្លូវភេទក្នុងចំណោមយុវវ័យកម្ពុជា។ លោកបានបញ្ជាក់ថា គោលដៅនៃការសិក្សារបស់រ៉ាក់គឺដើម្បីប្រមូលភស្ដុតាង និងប្រមូលហេតុការណ៍ពិតៗដោយចុះទៅសម្ភាសន៍ និងសិក្សាផ្ទាល់ ដើម្បីផ្សព្វផ្សាយអ្នកពាក់ព័ន្ធនានា រកដំណោះស្រាយដើម្បីអោយអ្នកប្តូរភេទ/យេនឌ័របានទទួលសេវាប្រកបដោយគុណភាព សុខមាភាពផ្លូវការ ផ្លូវចិត្តរបស់គាត់កាន់តែមានគុណភាពកាន់តែប្រសើរឡើង។

លោកវេជ្ជ. វ៉ា ជីវ័ន បន្ថែមថា ការស្រាវជ្រាវអំពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយមានសារៈសំខាន់ណាស់ ដើម្បីឱ្យយុវវ័យបានទទួលចំណេះដឹងគ្រប់គ្រាន់ នៅពេលពួកគេដល់វ័យមួយដែលមានការប្រែប្រួលទាំងរាងកាយ ប្រែប្រួលទាំងចិត្ត។ ការអប់រំទាំងនោះដូចជា ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ សុខភាពផ្លូវភេទ សុខភាពបន្តពូជ ជំងឺកាមរោគ ការពន្យារកំណើតជាដើម។ ចំណេះដឹងទាំងនេះ នឹងជួយឱ្យពួកគេអាចបង្ការពីការអើសអើង ការបៀតបៀន ការពារជំងឺឆ្លង ការមានកូននៅវ័យក្មេង និងការឆ្លងជំងឺកាមរោគផ្សេងៗជាដើម។

លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ ធ្វើបទបង្ហាញពីលទ្ធផលសិក្សាស្តីពីការ ស្វែងយល់អំពីការប្រើប្រាស់ថ្នាំអរម៉ូនក្នុងចំណោមបុគ្គលបំឡែងភេទក្នុងប្រទេសកម្ពុជា៖ ការសិក្សាពហុទីតាំង ដែលការសិក្សានេះធ្វើឡើងនៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាប ដោយប្រើវិធីសាស្រ្ត បែបគុណវិស័យចំនួន៤៧ នាក់ និងបែបបរិមាណវិស័យចំនួន ៧៥នាក់ នៅក្នុងអំឡុង ពាក់កណ្តាលឆ្នាំ២០២៤។ អ្នកឆ្លើយតប គឺជាអ្នកប្ដូរភេទ ឬយេនឌ័រ ដែលបានប្រើអរម៉ូន ឬចាប់អារម្មណ៍នឹងការប្រើប្រាស់អរម៉ូន។ ក្នុងចំណោមអ្នកឆ្លើយតបបរិមាណ ៧៥នាក់ មាន៦៧នាក់ បានប្រើប្រាស់អរម៉ូន និង៨នាក់ ចាប់អារម្មណ៍លើការប្រើប្រាស់។ ការសិក្សានេះដែរ ត្រូវបានអនុម័តដោយគណៈកម្មាធិការជាតិក្រមសីលធម៌ សម្រាប់ការស្រាវជ្រាវសុខភាព ដែលទាក់ទងនឹងមនុស្ស នៃក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

លទ្ធផលនៃការសិក្សាបែបបរិមាណវិស័យ បានបង្ហាញថា ៣៤% នៃអ្នកឆ្លើយតបបែបរិមាណវិស័យ គឺចាប់ផ្តើមប្រើអរម៉ូននៅ មុនអាយុ១៨ឆ្នាំ។ ៨៩.៩% ប្រើអរម៉ូនបានស្វែងរកដំបូន្មានពីមិត្តភក្តិដែលប្តូរភេទ ឬយេនឌ័រ ឬអ្នកដែលមានបទពិសោធន៍ប្រើមុន។ ពុំមានអ្នកណាដែលមុនប្រើបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញទេ។ ៨៦% នៃអ្នកប្រើមិនដែលតេស្តឈាម ឬវាយតម្លៃសុខភាពផ្សេងៗ ដើម្បីតាមដានសុខភាពរបស់ពួកគេឡើយ។ ៩៧% នៃអ្នកប្រើប្រាស់បានទិញថ្នាំអរម៉ូនពីឱសថស្ថាន មិត្តភក្តិប្ដូរភេទ ឬយេនឌ័រ តាមអ៊ីនធឺណិត ឬដោយផ្ទាល់ និងហាងលក់ឱសថបុរាណចិន និងមានវិធីក្នុងការប្រើប្រាស់ មិនទៀងទាត់ ឬផ្សេងៗគ្នា។

បើតាមការបញ្ជាក់ពីអ្នកជំនាញ ជាទូទៅអ្នកប្តូរភេទឬភេទប្រើប្រាស់ថ្នាំអរម៉ូន ដើម្បីចង់បានរូបរាងដូចក្តីប្រាថ្នារបស់ពួកគេ ដូចជាបុរសចង់មានរាងកាយជាមនុស្សស្រី ឬស្រីចង់មានរូបរាងដូចប្រុសជាដើម ដោយសារការប្រើថ្នាំប្រភេទនេះ នឹងជួយឱ្យឆ្លើយតបតាមបំណងរបស់គាត់។

កញ្ញា ហៃ រ៉ាស៊ី អ្នកស្រាវជ្រាវពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៃអង្គការរ៉ាក់ បានឱ្យដឹងថា គោលបំណងនៃការស្រាវជ្រាវនេះសម្រាប់អ្នកបង្កើតគោលនយោបាយ ប្រធានកម្មវិធី គ្រូបង្រៀន និងសិស្សានុសិស្សដើម្បីប្រើប្រាស់ទិន្នន័យពីការសិក្សាជាភស្តុតាងក្នុងការកែលម្អបន្ថែមទៀត នូវគោលនយោបាយ និងការបង្រៀនរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយដើម្បីបំពេញតម្រូវការរបស់យុវវ័យ នៅកម្ពុជា។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ប្រហែល៥១% នៃអ្នកចូលរួមការសិក្សាពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយនៅតាមសាលារៀន គឺបានទទួលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ។ ភាគច្រើននៃអ្នកចូលសិក្សា ប្រមាណ ៧៨% បានទទួលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងសាលារៀនជាមួយគ្រូបង្រៀន។ ប្រហែល ១៥% បានទទួលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ជាមួយបុគ្គលិករបស់អង្គការរ៉ាក់។

កញ្ញា ហៃ រ៉ាស៊ី ក៏បានបន្ថែមពីការប្រមូលភស្ដុតាង និងការសម្ភាសន៍ផ្ទាល់

គ្រួសារមួយចំនួនមិនបើកចំហក្នុងការពិភាក្សាទាក់ទងនឹងសុខភាពផ្លូវភេទសុខភាពបន្តពូជដែលរារំាងកូនៗរបស់ពួកគាត់មិនឱ្យមានភាពក្លាហានក្នុងការសួរសំណួរឬជជែកពីទំនាក់ទំនងស្នេហាទៅកាន់ពួកគាត់។

កុំថាឡើយការរួមភេទសូមបីតែសង្សារឬទំនាក់ទំនងស្នេហាក៏ខ្ញុំមិនដែលធ្លាប់មានពីមុនមកផង។គ្រួសារខ្ញុំមិនគាំទ្រឱ្យខ្ញុំមានទំនាក់ទំនងស្នេហាទេហើយពួកគាត់តែងតែនិយាយថាវាជាឥទ្ធិពលអាក្រក់សម្រាប់ការសិក្សានិងអនាគតរបស់ខ្ញុំ។និយាយឱ្យស្មោះត្រង់ទៅអ្នកផ្ទះខ្ញុំមិនដែលនិយាយគ្នាពីរឿងសុខភាពផ្លូវភេទសុខភាពបន្តពូជទេពួកយើងគិតថាវាជារឿងគួរឱ្យអាមាស់។

បរិបទសង្គមបានបង្រៀនយុវវ័យមិនឲ្យរួមភេទមុនពេលរៀបការនិងមិនលើកទឹកចិត្តឱ្យយុវវ័យធ្វើបែបនោះឡើយ។

ខ្ញុំទទួលសម្ពាធពីអ្នកជិតខាងខ្ញុំពីព្រោះពួកគាត់តែងនិយាយមាក់ងាយពីទំនាក់ទំនងស្នេហារបស់ខ្ញុំព្រមទាំងសម្លឹងមើលពួកយើងជាមួយក្រសែភ្នែករើសអើង។ខ្ញុំធ្លាប់ឮចាស់ៗក្នុងភូមិនិយាយថាក្មេងៗមិនត្រូវមានការរួមរាក់ហើយមានផ្ទៃពោះមុនពេលរៀបការឡើយវាជារឿងគួរឱ្យអាមាស់ណាស់។ដូច្នេះហើយខ្ញុំមិនដែលរួមភេទទេខ្ញុំចង់រក្សាកិត្តិយសហើយមិនចង់ឱ្យអ្នកជិតខាងនិយាយដើម។

បរិយាកាសក្នុងថ្នាក់រៀនមិនគាំទ្រការសន្ទនាលើប្រធានបទសុខភាពផ្លូវភេទសុខភាពបន្តពូជនិងសិទ្ធិហើយក៏មានវប្បធម៌មាក់ងាយលើអ្នកដែលនិយាយពីប្រធានបទនេះដែរ។

មិត្តភក្តិក្នុងថ្នាក់រៀនតែងតែនិយាយចំអន់ឱ្យគ្នា។ជួនកាលសិស្សខ្លះក៏ចំអកឱ្យសិស្សម្នាក់ថាមានជំងឺអេដស៍ឬទៅចំអកឱ្យសិស្សម្នាក់ទៀតថាមានជំងឺកាមរោគ។ម្យ៉ាងទៀតនៅក្នុងថ្នាក់រៀនគឺតែងតែមានសិស្សដែលនិយាយមាក់ងាយមិនផ្ដល់កិត្តិយសដល់សិស្សណាដែលនិយាយពីប្រធានបទសុខភាពផ្លូវភេទសុខភាពបន្តពូជ។

យុវវ័យនៅមានភាពខ្មាសអៀនមានជំនឿថាការសម្រេចកាមដោយខ្លួនឯងជាទង្វើមិនល្អនិងបានឮការយល់ខុសអំពីការសម្រេចកាមដោយខ្លួនឯង។

ខ្ញុំមិនដែលធ្លាប់សម្រេចកាមដោយខ្លួនឯងឬប្របោសអង្អែលប្រដាប់ភេទរបស់ខ្លួនឯងឡើយ។ខ្ញុំបានឮតាមព័ត៌មានមកថាការសម្រេចកាមដោយខ្លួនឯងនឹងធ្វើឱ្យសាច់ដុំចុះខ្សោយហើយលិង្គងាប់និងអាចមានបញ្ហាសុខភាពផ្សេងៗទៀត។ដូច្នេះហើយខ្ញុំមិនហ៊ានសម្រេចកាមដោយខ្លួនឯងឡើយ។

អ្នកស្រី កាន់ សុធារី ជាតំណាងនៃនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា ជាធម្មតាយុវវ័យមានការប្រែប្រួលច្រើន ទាំងរាងកាយ និងអារម្មណ៍។ ហេតុនេះ ពួកគាត់ត្រូវការចំណេះដឹង និងព័ត៌មានដើម្បីឆ្លើយតបបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ។ អ្នកស្រីបានស្នើអោយលោកគ្រូ គណ:គ្រប់គ្រងសាលាទំនាក់ទំនងទៅមណ្ឌលសុខភាពរៀបចំបន្ទប់សុខភាព ដោយអោយស្នើរអោយគ្រូពេទ្យនៅខាងមណ្ឌលសុខភាពមកបង្រៀនសិស្សដល់សាលាមួយអាទិត្យ ២ដង ដើម្បីអោយសិស្សបានចូលរួមសិក្សាផ្ទាល់។

មុនបិទបញ្ចប់កម្មវិធីលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់ បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូតំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល មន្ទីតាមខេត្ត និងប្អូនសិស្សានុសិស្យ និងក្រុមអ្នកប្តូរភេទ/យេនឌ័រ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលបានខិតខំចូលរួមចំណែកលើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខុមាលភាពប្រជាជន។

អត្ថបទដោយ: RHAC

មតិយោបល់