អង្គការសុខភាពពិភពលោក(WHO)បានកំណត់និយមន័យសុខភាពថា៖ ជាស្ថានភាពនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមពេញលេញ នោះមានន័យថា វាមិនមែនគ្រាន់តែអវត្តមាននៃជំងឺ ឬភាពទន់ខ្សោយនោះទេ។ ការពិនិត្យសុខភាពជាទៀងទាត់ គឺជាវិធីមួយដើម្បីសម្រេចបាននូវនិយមន័យនៃសុខភាពខាងលើនេះ។ ការពិនិត្យសុខភាពជាទៀងទាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាជីវិតដែលមានសុខភាពល្អដោយការលើកកម្ពស់វិធីសាស្រ្តសកម្មចំពោះការថែទាំសុខភាព។ យើងអាចសម្គាល់ដោយពាក្យជាច្រើនដែលប្រើជាទូទៅដូចជាការពិនិត្យសុខភាពទូទៅ ការទៅមើលសុខភាព ឬការវាយតម្លៃសុខភាពតាមកាលកំណត់ជាដើម។
ប្រជាជនភាគច្រើន មិនសូវបានយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពក៏ដូចជាការពិនិត្យសុខភាពជាប្រចាំទេ ប្រសិនបើពួកគេមិនមានអាការៈនានាកើតឡើង ឬចេញរោគសញ្ញាណាមួយដែលគួរឱ្យព្រួយបារម្ភ។ ជាការពិតណាស់ ការគិតបែបនេះ គឺជាកត្តាហានិភ័យមួយ ដែលអាចឱ្យពួកគាត់មិនបានដឹងមុនពីគ្រោះថ្នាក់ដែលគាត់អាចនឺងប្រឈម ក៏ដូចជាជំងឺមួយចំនួនដែលមិនមានចេញរោគសញ្ញាឱ្យដឹងមុននៅដំណាក់កាលដំបូងៗ ។ ការត្រួតពិនិត្យសុខភាពជាប្រចាំ អាចនាំឱ្យមានការរកឃើញ និងការព្យាបាលកាន់តែប្រសើរឡើងចំពោះជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសរសៃឈាម ជំងឺមហារីកដំណាក់កាលដំបូង និងជំងឺរ៉ាំរ៉ៃដទៃផ្សេងទៀតផងដែរ ។ ក្នុងនោះដែរ នៅពេលដែលយើង មានការយកចិត្តទុកដាក់នឹងសុខភាពរបស់ខ្លួនឯង និងបានមកជួបពិភាក្សាជាមួយគ្រូពេទ្យផ្ទាល់ គ្រូពេទ្យក៏អាចផ្តល់ដំបូន្មាន ក៏ដូចជាអនុសាសន៍ផ្សេងៗ ពីការថែទាំសុខភាព កាធ្វើលំហាត់ប្រាណ ការតមចំណីអាហារមួយចំនួនដែលអាចប៉ះពាល់ដល់រាងកាយទៅថ្ងៃមុខ និងការចាក់វ៉ាក់សាំងបង្ការជំងឺមួយចំនួនផងដែរ។ លើសពីនេះទៀត យើងក៏អាចស្វែងរកបញ្ហាសុខភាព ដែលអាចកើតមាន បានទាន់ពេលវេលា មុនពេលក្លាយជាជំងឺដែលពិបាកក្នុងការព្យាបាល។ ការរកឃើញទាន់ពេលវេលាផ្តល់ឱ្យយើងនូវឱកាសដ៏ល្អបំផុតសម្រាប់ការទទួលបានការព្យាបាលត្រឹមត្រូវយ៉ាងឆាប់រហ័ស ចៀសវាងផលវិបាកណាមួយ។
តើអ្នកណាខ្លះដែលគួរតែមកពិនិត្យសុខភាពជាប្រចាំ?
បុរស និងស្ត្រីជាច្រើននៅក្នុងក្រុមអាយុធ្វើការសកម្ម ចន្លោះពី ៣០ ទៅ ៦០ឆ្នាំ ងាយនឹងកើតជំងឺ ដោយសាររបៀបរស់នៅ ដូចជា ពេលវេលាការងារមិនទៀងទាត់ ទម្លាប់ញ៉ាំអាហារមិនល្អ ការគេងច្រើនម៉ោង ឬតិចម៉ោង និងភាពតានតឹងផ្លូវចិត្តជាដើម។ ប៉ុន្តែ ការវាយតម្លៃសុខភាពមិនគួរត្រូវបានដាក់កម្រិតតែចំពោះក្រុមអាយុធ្វើការនោះទេ។ បុគ្គលគ្រប់វ័យគួរកំណត់ពេលពិនិត្យសុខភាពជាប្រចាំជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ខ្លួន។ ភាពញឹកញាប់នៃការពិនិត្យទាំងនេះអាចប្រែប្រួលអាស្រ័យលើ អាយុ ភេទ និងប្រវត្តិសុខភាពផ្ទាល់ខ្លួន។ កុមារអាចត្រូវការការត្រួតពិនិត្យជាប្រចាំ ដើម្បីតាមដានការលូតលាស់ និងការអភិវឌ្ឍន៍ ខណៈដែលមនុស្សចាស់អាចត្រូវការការត្រួតពិនិត្យញឹកញាប់ជាង ដើម្បីតាមដានស្ថានភាពសុខភាពរ៉ាំរ៉ៃ។
តើការពិនិត្យសុខភាពសំខាន់ៗមានអ្វីខ្លះ?
ការតាមដានសម្ពាធឈាម
ការធ្វើតេស្តឈាម
ការចាប់ចង្វាក់បេះដូង(ECG)ដើម្បីរកមើលសកម្មភាពអគ្គិសនីមិនធម្មតានៃបេះដូង
ការធ្វើតេស្តកម្ពស់ ទម្ងន់ និងរកភាពធាត់ដូចជាសន្ទស្សន៍ម៉ាសរាងកាយ (BMI)
ការពិនិត្យភ្នែកប្រចាំឆ្នាំ ដើម្បីរកមើលជំងឺដក់ទឹកក្នុងភ្នែក ភ្នែកឡើងបាយ និងជំងឺទឹកនោមផ្អែម
ការពិនិត្យរកមើលមហារីកសុដន់ មហារីកមាត់ស្បូន និងមហារីកក្រពេញប្រូស្តាត
ការពិនិត្យធ្មេញប្រចាំឆ្នាំ ជាដើម។ល។
អត្ថប្រយោជន៏សំខាន់ៗ ៧ យ៉ាងក្នុងការមកពិនិត្យសុខភាពជាប្រចាំ ?
កាត់បន្ថយកត្តាហានិភ័យនៃជំងឺដែលអាចកើតមានជាយថាហេតុ
រកឃើញស្ថានភាពសុខភាព ឬជំងឺដែលអាចគំរាមកំហែងដល់អាយុជីវិតបានទាន់ពេលវេលា
បង្កើនឱកាសក្នុងការព្យាបាល និងពង្រឹងសុខភាព
កំណត់ហានិភ័យនៃផលវិបាកដោយតាមដានយ៉ាងដិតដល់នូវរោគសញ្ញាដែលកំពុងមាន ឬដែលបានរកឃើញ
បង្កើនអាយុជីវិត និងពង្រឹងសុខភាព កាត់បន្ថយការចំណាយលើការព្យាបាលសុខភាពតាមពេលវេលា ដោយចៀសវាងសេវាវេជ្ជសាស្រ្តដែលមានតម្លៃថ្លៃ
បង្កើតភាពជាដៃគូដ៏ល្អជាមួយគ្រូពេទ្យ ដើម្បីឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព
ទទួលបានបច្ចុប្បន្នភាពលើព័ត៌មានវេជ្ជសាស្ត្រ ឬបច្ចេកវិទ្យាថ្មីៗដែលមាន។
ប្រែសម្រួល និងសរសេរដោយ: វេជ្ជ.មាន សុភានី (គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់អូឌឹម)
ប្រភពឯកសារ៖
មតិយោបល់