
សារគន្លឹះ សុខភាព៖ តើអ្នកមានកង្វល់នឹងការរួមភេទលើកដំបូងរបស់អ្នកឬ?
នៅពេលអ្នកចាប់ផ្តើមគិតអំពី "ការរួមភេទ" ជាលើកដំបូង អ្នកអាចហាក់ដូចជាមានអារម្មណ៍រំភើប រំជើបរំជួល ច្របូកច្របល់។ តែសង្គម និងវប្បធម៌នៅជុំវិញខ្លួនអ្នកបាននិងកំពុងប្រាប់អ្នកថា អ្នកនឹង "បាត់បង់ព្រហ្មចារី" ហើយវានឹងមិនអាចមានជាលើកទី២ទេ។
យោងតាមអ្នកជំនាញខាងផ្លូវភេទ បានលើកឡើងថា តាមពិតទៅ វាគ្មាន "ព្រហ្មចារី"នោះទេ។ ពាក្យនេះត្រូវបានបង្កើតដោយសង្គមដែលបង្កប់ក្នុងគំនិតចាស់ ដើម្បីកាត់បន្ថយទំនាក់ទំនងផ្លូវភេទនៅក្នុងពេលយុវវ័យភាព។ តែវាក៏បង្កឱ្យមានភាពអាម៉ាស់ និងការមាក់ងាយកើតឡើង ព្រោះប្រសិនបើអ្នកមានអារម្មណ៍ថាបាត់បង់អ្វីមួយ អ្នកមិនអាចយកវាមកវិញនោះ អ្នកនឹងមានអារម្មណ៍ថាមានកំហុស។
ទោះជាយ៉ាងណាក៏ដោយ! មុននឹងអ្នកធ្វើការសម្រេចចិត្តរួមភេទជាលើកដំបូង (ទោះជាអ្នកមានសិទ្ធិសម្រេចចិត្តលើរាងកាយខ្លួនឯងក៏ដោយ) អ្នកគួរតែសួរ និងឆ្លើយទៅនឹងសំនួរមួយចំនួនដោយខ្លួនឯងជាមុនសិន។
- តើវាជារឿងដែលខ្ញុំពិតជាចង់ធ្វើមែនទេ? តើការសម្រេចចិត្តនេះគឺសម្រាប់ខ្លួនខ្ញុំ?
- តើខ្ញុំមានភាពស្រណុកក្នុងចិត្ត លើរាងកាយរបស់ខ្ញុំហើយមែនទេ?
- តើខ្ញុំដឹងពីរបៀបចរចាជាមួយដៃគូរបស់ខ្ញុំទេ?
- តើខ្ញុំនឹងគិតគូអំពីភាពស្រណុកសុខស្រួលក្នុងពេលរួមភេទរបស់ខ្ញុំស្មើនឹងដៃគូរបស់ខ្ញុំឬទេ?
- តើទំនាក់ទំនងរបស់ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពប្រសើរបំផុត និងជាបទពិសោធន៍ប្រកបដោយគុណភាពវិជ្ជមានសម្រាប់ខ្ញុំដែរឬទេ? (អ្នកជំនាញបានលើកឡើងថា ស្នេហាគឺជាពាក្យដែលមានន័យមហាសាល តែន័យទាំងនោះនឹងខុសៗគ្នាចំពោះមនុស្សផ្សេងៗគ្នា" ដូច្នេះគោលគំនិតរបស់អ្នកគឺ "តើមានការយកចិត្តទុកដាក់ ការគោរព និងសមធម៌នៅក្នុងភាពជាដៃគូរបស់អ្នកទេ? គ្មានការបង្ខិតបង្ខំ ដាក់សម្ពាធមែនទេ?"
- តើខ្ញុំដឹងពីរបៀបគ្រប់គ្រងផលដែលអាចមានបន្ទាប់ពីរួមភេទដែរទេ? ជាឧទាហរណ៍ ១) ការហ៊ានទៅទទួលការព្យាបាលជំងឺកាមរោគ? ២)ទទួលរងការនិយាយអាក្រក់ពីអ្នកជុំវិញ ទាំងអ្វីដែលអ្នកបានប្រព្រឹត្ត ឬមិនបានប្រព្រឹត្ត? ៣) ប្រសិនបើខ្ញុំរួមភេទដោយមិនបានការពារ ខ្ញុំនឹងមានផ្ទៃពោះដោយមិនបានគ្រោងទុក។ ហេតុនេះ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការទិញស្រោមអនាម័យការពារជំងឺកាមរោគ និងប្រឹក្សាយោបល់ ជ្រើសរើសមធ្យោបាយពន្យារកំណើត ដែលសក្តិសមសម្រាប់ខ្ញុំដែរឬទេ?
- តើខ្ញុំត្រៀមខ្លួនហើយឬនៅក្នុងការនិយាយជាមួយអ្នកផ្តល់សេវាសុខភាពអំពីរបៀបថែទាំខ្លួនខ្ញុំ?
- តើខ្ញុំត្រៀមខ្លួនរួចរាល់ហើយឬនៅក្នុងការប្ដេជ្ញាចិត្តដើម្បីធ្វើតេស្តរកជំងឺកាមរោគ?
- បើមានអ្វីកើតឡើងដែលខ្ញុំនឹកស្មានមិនដល់ តើខ្ញុំមានគម្រោងដោះស្រាយយ៉ាងម៉េចដែរ?
- សូមសម្រេចចិត្តសារជាថ្មីលើការរួមភេទជាលើកដំបូងរបស់ខ្លួន ប្រសិនបើអ្នកមិនអាចឆ្លើយសំនួរទាំងអស់នេះបានទេ!
ប្រភេព៖ WebMD
មតិយោបល់