រំលងម៉ឺនុយទំព័រ

វគ្គបណ្ដុះបណ្ដុះស្ដីពីការចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍

វគ្គបណ្ដុះបណ្ដុះស្ដីពីការចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
133

បាត់ដំបង៖ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់)​ បានគាំទ្រ លើវគ្គបណ្តុះបណ្តាល ស្តីពី ការចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍ រយៈ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅលូន។ នៅក្នុងកម្មវីធីបើកវគ្គបណ្ដុះបណ្ដាលនាពេលនោះ លោកគ្រូពេទ្យ អ៊ុំ ប៊ុនធី អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូនមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីអំពីការចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍ជាប្រធានបទថ្មីសម្រាប់គាត់ ហើយវគ្គបណ្តុះបណ្តាលនេះនឹងជួយបំពេញចំណេះដឹងបន្ថែមដល់គាត់ក្នុងការធ្វើការងារក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិត ហេង ខេង ប្រធានកម្មវិធីសុខភាពសហគមន៍ នៃអង្គការរ៉ាក់ មានប្រសាសន៍ថា អង្គការរ៉ាក់មានកិត្តិយស និងសេចក្តីសោមនស្សរីករាយណាស់ក្នុងការសហការគ្នាយ៉ាងជិតស្និតជាមួយមជ្ឈមណ្ឌលគាំពារមាតា និងទារកនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍ចំនួន​១៧នាក់ ជាលើកទី២ ដែលលើកទី១បានធ្វើឡើងកាលពីឆ្នាំ២០២៣។​ ​ លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ចាប់តាំងពីខែសីហា ឆ្នាំ២០២៣  រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ជាលទ្ធផល អ្នកចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍នៃគម្រោងបង្កើនការទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងចំណោមប្រជាជនសហគមន៍ ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ បានចែកចាយមធ្យោបាយពន្យារកំណើតរយៈពេលខ្លីសម្រេចបាន៤,០៤៨ករណី ចំពោះការ ការពារការមានផ្ទៃពោះដែលមិនចង់បានគិតជាឆ្នាំ។ ក្រៅពីនោះ អ្នកចែកចាយមធ្យោបាយពន្យារកំណើតក្នុងសហគមន៍ ក៏បានអប់រំអំពីការពន្យារកំណើត សេវារំលូតសុវត្ថិភាព និងអំពើហិង្សាបានចំនួន ១២,៤០២ដងផងដែរ។ អ្នកចែកចាយមធ្យោបាយពន្យារកំណើត ក៏បានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រជនរងគ្រោះដោយអំពើហិង្សា តាមរយៈការស្វែងរកករណីអំពើហិង្សា ការរាយការណ៍ទៅអជ្ញាធរមូលដ្ឋាន ការបញ្ជូនទៅរកការព្យាបាលនៅមណ្ឌលសុខភាពឬុមន្ទីរពេទ្យបង្អែក ព្រមទាំងស្វែងរកជំនួយបន្ថែមពីអង្គការដៃគូ ដើម្បីជួយគាំទ្រជនរងគ្រោះផងដែរ ហើយលោកសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមនៅពេលនេះ នឹងប្រើប្រាស់ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្សព្វផ្សាយ​ និងផ្តល់មធ្យោបាយពន្យារកំណើតដល់ប្រជាជនក្នុងសហគមន៍ដែលនៅតំបន់ឆ្ងាយៗឱ្យគាត់ទទួលបាននូវព័ត៌មាន និងសេវានេះ។

លោកស្រី មុត ចាន់ថង អនុប្រធានផ្នែកគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ដើម្បីកាត់បន្ថយអត្រាមរណៈមាតាដោយសារ​ អសុវត្ថិភាពនៃសេវារំលូត ការផ្សព្វផ្សាយពីសេវារំលូត និងមធ្យោបាយពន្យារកំណើតចាំបាច់ណាស់ ដើម្បីបង្កើនការផ្សព្វផ្សាយដល់សហគមន៍ឱ្យយល់ដឹងកាន់តែទូលំទូលាយ ព្រោះបច្ចុប្បន្ន២៥%នៃស្ត្រីមិនទាន់យល់ដឹងពីមធ្យោបាយពន្យារកំណើត និងខ្លាចក្នុងការទទួលសេវានេះ។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់អង្គការរ៉ាក់ និងម្ចាស់ជំនួយ ដែលបានឧបត្ថម្ភ និងគាំទ្រ វគ្គបណ្តុះបណ្តាល ព្រមទាំងផ្តល់ជូនសម្ភារៈអប់រំដល់អ្នកចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍ សម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីមធ្យោបាយពន្យារកំណើតដល់សហគមន៍ ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក។

ជាចុងក្រោយ លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សំបៅលូន ស្នើសុំឱ្យសិក្ខាកាមចូលរួមយកចិត្តទុកដាក់ក្រេបយកចំណេះដឹងមូលដ្ឋាន និងបន្តផ្សព្វផ្សាយដល់សហគមន៍អំពីសុខភាពមាតានិងទារក និងមធ្យោបាយពន្យារកំណើត ដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក។

អត្ថបទដោយ: RHAC

មតិយោបល់