រំលងម៉ឺនុយទំព័រ

រឿងរ៉ាវពីការរំលូតសុវត្ថិភាព

រឿងរ៉ាវពីការរំលូតសុវត្ថិភាព

រឿងជោគជ័យ
28

កញ្ជនាជាឈ្មោះតំណាង

នៅក្នុងស្រុកក្រឡាញ់មានឃុំចំនួន១០ ក្នុងនោះយើងឃើញថាប្រជាជនប្រកបរបរដោយធ្វើស្រែចម្ការភាគច្រើន ហើយមិនសូវមានប្រជាជនធ្វើការចំណាកស្រុកច្រើននោះទេ  ដោយសារមានមុខរបរនៅក្នុងភូមិឃុំរបស់គាត់ស្រេច។

នៅក្នុងនោះ យើងទៅស្វែងយល់ពីគ្រួសារមួយរស់នៅក្នុងឃុំស្រណាល ដែលជាគ្រួសារមួយមានជីវភាពមធ្យម  និងមានកូនចំនួន០២នាក់នៅបន្ទុកគ្រួសារ។ គ្រួសារនេះមានកូនប្រុសម្នាក់ជាកូនច្បងនិងម្នាក់ទៀតជាកូនស្រីពៅ ដែលគ្រួសារនោះគឺគ្រួសាររបស់កញ្ជនា។ ឪពុករបស់កញ្ជនាជាកសិករ  ហើយម្ដាយរបស់នាងជាស្រ្តីមេផ្ទះ។  ចំណែកឯបងប្រុសរបស់នាងបាននិងកំពុងបន្តការសិក្សានៅឯក្រុងភ្នំពេញ។ ដូច្នេះ នៅក្នុងគ្រួសារមានតែកញ្ជនា ដែលរស់នៅជាមួយម្តាយឪពុកនាងតែប៉ុណ្ណោះ។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ឪពុកកញ្ជនាតែងតែទៅស្រែចម្ការ ដើម្បីធ្វើស្រែ និងដាំបន្លែ ថែមបន្តិចបន្តួច  ចំណែកឯម្ដាយរបស់នាងជាអ្នករៀបចំផ្ទះនិងធ្វើម្ហូបចាំកូនមកពីសាលារៀន។

សព្វថ្ងៃ កញ្ជនាជាសិស្សរៀនថ្នាក់ទី៧នៃអនុវិទ្យាល័យមួយកន្លែង ស្ថិតក្នុងស្រុកក្រឡាញ់។ នៅក្នុងថ្នាក់នាងជាសិស្សម្នាក់ ដែលខិតខំរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អជារៀងរាល់ខែ។  ឪពុកម្ដាយរបស់កញ្ជនាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលកូនរបស់គាត់ជាសិស្សពូកែនិងជាកូនល្អ។ ដោយឡែក នៅក្នុងថ្នាក់រៀន កញ្ជនាជាសិស្សដែលមិនសូវមានមិត្តភក្តិជិតស្និតច្រើនទេ គឺមានតែ២ឬ៣នាក់ប៉ុណ្ណោះ ដែលពួកគេសុទ្ធសឹងតែជាសិស្សពូកែនិងទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ បន្ទាប់ពីចេញពីរៀនវិញ ក្រុមពួកគេមានក្រុមស្វ័យសិក្សាមួយ  ដែលអាចឱ្យពួកគេពិភាក្សានិងសាកសួរចម្ងល់និងស្វែងយល់ពីមេរៀនបន្ថែមជាមួយគ្នា។ ថ្ងៃមួយ មិត្តភក្តិរបស់កញ្ជនាបានណែនាំមិត្តថ្មីម្នាក់ឈ្មោះពិសិទ្ធិដែលជាសិស្សរៀននៅថ្នាក់ខុសគ្នា តែសាលាជាមួយគ្នា ដើម្បីអាចឱ្យពួកគេចែករំលែកចំណេះដឹងនិងរៀនសូត្រពីគ្នាទៅវិញទៅមកបាន។

អំឡុងពេលពួកគេកំពុងស្វ័យសិក្សា ពិសិទ្ធិ ដែលជាមិត្តថ្មីរួមក្រុមរបស់កញ្ជនា មានចិត្តចាប់អារម្មណ៍លើកញ្ជនា ដោយសារនាងជាមនុស្សរួសរាយរាក់ទាក់ ចូលចិត្តរាប់អានមិត្តថ្មីៗ  ហើយថែមទាំងជាសិស្សពូកែទៀតផងនោះ ធ្វើឲ្យពិសិទ្ធិ មានការធ្លាក់ក្នុងអន្លង់ស្នេហ៍លើនាងយ៉ាងខ្លាំង។ ក្រោយមក ពិសិទ្ធិក៍បានឆាតទៅហ្វេសប៊ុក(Facebook)ផ្ទាល់ខ្លួនរបស់កញ្ជនា ហើយសាកសួរពីសុខទុក្ខរបស់នាង ព្រមទាំងបានបង្ហាញពីអារម្មណ៍របស់គេទៅលើនាងផងដែរ។ ដំបូងឡើយកញ្ជនា មិនបានយល់ព្រមទទួលសេចក្តីស្រលាញ់របស់ពិសិទ្ធិមកលើខ្លួនទេ  ដោយនាងគិតថាពួកគេទាំងពីរនៅក្មេងវ័យនៅឡើយ ហើយមិនទាន់ចង់គិតរឿងស្នេហាទេ ព្រោះខ្លាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

មួយរយៈចុងក្រោយដែលគ្រួសាររបស់កញ្ជនា មិនសូវយកចិត្តទុកដាក់លើនាងដូចកាលមុន ព្រោះម្ដាយនិងឪពុករបស់នាងមានការរវល់ច្រើនលើការដាំដុះស្រូវ និងបន្លែនៅឯចម្ការ ហើយពេលខ្លះពួកគាត់គេងនៅចម្ការ ដោយទុកឲ្យកញ្ជនា​នៅតែម្នាក់ឯង ដែលធ្វើឱ្យនាងមានអារម្មណ៍ឯកានិងខ្វះភាពកក់ក្តៅពីគ្រួសារ។ ប៉ុន្តែ កំឡុងពេលនោះ ពិសិទ្ធិតែងតែជជែកនិងកំដរនាងជានិច្ច។ ក្រោយមក ដោយសារមានការយកចិត្តទុកដាក់ពីពិសិទ្ធិ ដែលព្យាយាមសួរនាំជារៀងរាល់ថ្ងៃទាំងព្រឹកថ្ងៃល្ងាចយប់ យូរៗទៅប្រហែលជា៣ខែក្រោយ ពួកគេក៏ចាប់ផ្តើមទាក់ទងគ្នាជាគូសង្សា។ ទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និត រហូតដល់ពេលខ្លះពួកគេទាំងពីរនាក់លួចជួបគ្នានៅកន្លែងស្ងាត់និងបានការរួមភេទជាច្រើនដង។ មូលហេតុនេះបានធ្វើឲ្យការសិក្សារបស់កញ្ជនា មានការធ្លាក់ចុះយ៉ាងខ្លាំង ព្រោះនាងបានមិនបានស្វ័យសិក្សាដូចមុនឡើយ ហើយនាងចំណាយពេលនៅជាមួយពិសិទ្ធិច្រើន រហូតដល់ពេលខ្លះពួកគេបានគេចសាលាដើម្បីជួបគ្នាទៀតផង។

ប្រាប់ម៉ាក់តាមត្រង់បានទេ ថាកូនមករដូវឬអត់ប៉ុន្មានខែនេះ ហើយកូនមានបានរួមភេទជាមួយអ្នកណាដែរឬទេ?”។ កញ្ជនាក៏បានសារភាពនិងរៀបរាប់ទាំងទឹកភ្នែកទៅកាន់ម្តាយនាងថា៖”កូនបានទាក់ទងជាមួយសង្សាររបស់កូន ហើយពួកយើងបានលួចជួបគ្នាជាច្រើនដងនិងបានរួមភេទជាច្រើនដងដោយមិនបានការពារនោះឡើយ ហើយបន្ទាប់មកកូនចេះតែមិនស្រួលខ្លួន ឈឺក្បាល វិលមុខ និងចង់តែក្អួតទៀតផង។ ម្ដាយរបស់កញ្ជនាមានការខឹងនឹងកូនជាខ្លាំង ដោយសារតែនាងនៅក្មេងពេកទើបតែអាយុ១២ឆ្នាំ។ តែដើម្បីឲ្យប្រាកដថាកញ្ជនាមានកូនឬអត់ ម្ដាយរបស់នាងបានទិញឧបករណ៍ពិនិត្យទឹកនោមឲ្យនាងពិនិត្យ ហើយជាលទ្ធផលកញ្ជនា ពិតជាមានកូនពិតមែន។ ឃើញបែបនេះម្ដាយកញ្ជនា ពិបាកចិត្តយ៉ាងខ្លាំងក៏បានយករឿងនេះទៅប្រាប់និងពិភាក្សាជាមួយម្ដាយរបស់ពិសិទ្ធិ។ ប៉ុន្តែដោយសារតែកូនៗរបស់ពួកគាត់ នៅក្មេងខ្ចីខ្លាំងពេក ពួកគាត់មិនអាចរៀបចំកូនៗឱ្យក្លាយជាគូរស្វាមីភរិយាបានឡើយ។

ម្ដាយរបស់កញ្ជនាក៍នឹកឃើញថា កាលពីប៉ុន្មានថ្ងៃមុនគាត់បានទៅចូលរួមប្រជុំជាមួយស្រ្តីបង្គោលនៅឃុំស្រណាល ដោយស្រ្តីបង្គោលបានផ្សព្វផ្សាយនិងប្រាប់គាត់ថា នៅជិតផ្ទះគាត់មានមណ្ឌលសុខភាពស្នួលដែលមានសេវារំលូតដោយសុវត្ថិភាព ហើយគាត់មានក្មួយដែលជាអ្នកគ្រូពេទ្យឆ្មបម្នាក់ធ្វើការនៅទីនោះផងដែរ។  មិនរង់ចាំយូរ ម្ដាយរបស់កញ្ជនាបាននាំកូនទៅមណ្ឌលសុខភាព ដើម្បីពិភាក្សាជាមួយក្រុមគ្រូពេទ្យ។ ពេលទៅដល់ អ្នកគ្រូពេទ្យបានណែនាំឲ្យទៅអេកូមើលដើម្បីបញ្ជាក់ថាតើកញ្ជនាមានផ្ទៃពោះប៉ុន្មានខែហើយ។ លទ្ធផលបញ្ជាក់ថាកញ្ជនា មានផ្ទៃពោះ៣ខែកន្លះ ស្មើនឹង១៤សប្ដាហ៍។ អ្នកគ្រូពេទ្យបានណែនាំថា៖ ”នៅមណ្ឌលសុខភាពមិនមានសេវារំលូតសម្រាប់អ្នកដែលមានផ្ទៃពោះលើស១២សប្ដាហ៍ទេ តែមីងអាចជូនកូនទៅមន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបដែលអាចផ្តល់សេវារំលូតដោយសុវត្ថិភាពបាន” ។  បន្ទាប់ពីបានដឹងដំណឹងនេះម្ដាយរបស់កញ្ជនា បាននាំកូនទៅទទួលសេវារំលូតនៅមន្ទីរពេទ្យកុមារខេត្តសៀមរាបបានដោយជោគជ័យនិងសុវត្ថិភាព។ ក្រោយទទួលការរំលូតសុវត្ថិភាព កញ្ជនាបានបន្តការសិក្សាដូចដើមវិញដោយមានការរក្សាការសម្ងាត់ពីក្រុមគ្រួសារនិងគ្រូពេទ្យ ហើយនាងបានសន្យាជាមួយគ្រួសារថានឹងឈប់ប្រព្រឹត្តរឿងបែបនេះ ព្រមទាំងប្ដេជ្ញាខិតខំរៀនឲ្យពូកែដូចកាលមុនធ្វើជាសិស្សល្អ កូនល្អ និងមិត្តល្អដូចកាលមុនវិញ។

នៅក្នុងសាច់រឿងនេះកញ្ជនា ចង់ផ្ដល់សារអប់រំទៅដល់ក្មេងស្រីទាំងអស់ថា សុខភាពផ្លូវភេទ សុខភាពបន្តពូជពិតជាមានសារៈសំខាន់ណាស់ក្មេងស្រី ហើយគ្រប់គ្នាគួរតែស្វែងយល់ឲ្យកាន់តែច្រើននិងច្បាស់លាស់ មុននឹងសម្រេចចិត្តរួមភេទជាមួយដៃគូសង្សារ ព្រោះយើងមិនអាចដឹងទេថានឹងមានអ្វីកើតឡើង។ ជាក់ស្តែងចំពោះកញ្ជនាផ្ទាល់ នាងមានវិប្បដិសារីនិងសោកស្តាយជាខ្លាំង ដោយសារនាងទើបតែមានអាយុ១២ឆ្នាំ តែបែរជាមានផ្ទៃពោះ ហើយត្រូវរំលូតទាំងវ័យក្មេង ដោយសារនាងមិនអាចក្លាយជាម្ដាយក្នុងវ័យនេះឡើយ។ នាងមិនបានដឹងទេថា នៅពេលដែលក្មេងស្រីគាត់ចាប់ផ្តើមមានរដូវ នោះមានន័យគាត់ពេញវ័យនិងអាចមានកូនបាន ប្រសិនបើគាត់រួមភេទ។ ម្យ៉ាងវិញទៀត ក្នុងវ័យ១២ឆ្នាំ គឺក្មេងខ្លាំងសម្រាប់ការមានផ្ទៃពោះ ហើយចំពោះបញ្ហាទាំងនេះ កញ្ជនាមិនដែលបានដឹងនិងសិក្សាពីមុនឡើយ។ ជាចុងក្រោយ នាងបានសំណូមពរឱ្យសាលារៀននៅតាមជនបទទាំងអស់ឱ្យផ្សព្វផ្សាយនិងបញ្រ្ជាបពីសុខភាពផ្លូវភេទ សុខភាពបន្តពូជឱ្យយល់ដឹងបន្ថែម ដើម្បីកុំឲ្យមានបញ្ហាកើតមានដូចរូបនាងទៅថ្ងៃក្រោយទៀត។

អត្ថបទដោយ: RHAC

មតិយោបល់