«ខ្ញុំមិនអាចបន្ទោសនរណាម្នាក់ទេព្រោះនេះគឺជាកំហុសរបស់ខ្ញុំដែលសប្បាយភ្លេចខ្លួនមួយរយៈ! » នេះជាការលើកឡើងរបស់យុវជនម្នាក់ដែលទើបរកឃើញថាខ្លួនមានផ្ទុកមេរោគអេដស៍កាលពីខែកុម្ភៈ ឆ្នាំ២០២៤។
ឆេន ឆន (ឈ្មោះតាង) ជាយុវជនវ័យក្មេងមួយរូប ដែលកើតក្នុងឆ្នាំ២០០២ និងមានលំនៅបច្ចុប្បន្នក្នុងខេត្តសៀមរាប។ សព្វថ្ងៃ យុវវជនរូបនេះមានតួនាទីជាបុគ្គលិក បម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយ។ ឆន បានឱ្យដឹងថា លោកចាប់ផ្ដើមធ្វើតេស្តរកមេរោគអេដស៍ដំបូងនៅឆ្នាំ២០១៨ ដោយកាលនោះកំពុងនៅជាសិស្សនៅឡើយ។ ដោយសារតែដឹងថាខ្លួនជាអ្នកមានការប្រឈមខ្ពស់បែបនេះហើយបានជាលោក ឆេន ឆន តែងតែស្វែងរកការធ្វើតេស្តរកមេរោគអេដស៍ជាប្រចាំ។ គិតពីពេលលោកធ្វើតេស្ដលើកដំបូងក្នុងឆ្នាំ២០១៨ មកដល់ខែកុម្ភៈ ឆ្នាំ២០២៤ លោកបានធ្វើតេស្តរកមេរោគអេដស៍ និងស្វាយចំនួន២៧ដងរួចមកហើយ។ «ខ្ញុំធ្លាប់បានធ្វើតេស្តជាមួយបងៗអ្នកអប់រំនៅតាមសហគមន៍តាំងពីខែ១០ ឆ្នាំ២០១៨ មកម្ល៉េះ តែក្នុងអំឡុងពេលនោះខ្ញុំហាក់ដូចជាពុំសូវទាន់ប្រឡូកនឹងការរួមភេទច្រើនទេ ដោយសាររាងខ្លាចដែរ ណាមួយនៅរៀនហើយក៏ពុំសូវចេះដើរលេងច្រើនដែរ»។ ទោះជាយ៉ាងណា ក្រោយពីបញ្ចប់ភាពជាសិស្ស ឆនបានសារភាពថា លោកមានភាពងាយស្រួលក្នុងការរកដៃគូរួមភេទ និងបានផ្លាស់ប្ដូរដៃគូជាច្រើនក្នុងយុវវ័យភាពរបស់ខ្លួន។ លោកបានអះអាងថាលោកបានព្យាយាមប្រើស្រោមអនាម័យរាល់ពេលរួមភេទ។ ប៉ុន្តែនៅពេលស្រវឹង វាអាចមានភាពចន្លោះប្រហោងក្នុងការការពារខ្លួន។ «ខ្ញុំក៏មិនដែលនឹកស្មានថាខ្ញុំមានថ្ងៃនេះទេ! ពីព្រោះថាពេលមានដៃគូ ខ្ញុំតែងប្រើស្រោមអនាម័យ។ តែខ្ញុំប្រាកដចិត្ត១០០% នោះទេ ពីព្រោះជួនកាលខ្ញុំក៏ស្រវឹង។ វាជាឱកាសដែលខ្ញុំប្រឈមនឹងការឆ្លងនេះខ្ពស់តែម្តង។ ហើយពេលនេះវាបានកើតឡើងមកលើរូបខ្ញុំមែន»។
លោកបានក្រើនរំលឹកដល់យុវជនដទៃទៀតថា បើទោះជាយើងមានការយកចិត្តទុកដាក់ក្នុងការស្វែងរកតេស្ត និងធ្វើច្រើនដងក៏ដោយ ប៉ុន្តែកត្តាសំខាន់ គឺការកែប្រែឥរិយាបថប្រឈមរបស់ខ្លួន។ លោកសំដែងនូវិប្បដិសារី នៃការធ្វេសប្រហែសរបស់ខ្លួន ដែលធ្វើឱ្យគាត់មានលទ្ធផលបែបនេះ ប៉ុន្តែទោះជាយ៉ាងណា យុវវជនរូបនេះ បានប្តេជ្ញាចិត្តក្នុងការទទួលការថែទាំ និងព្យាបាលដើម្បីថែរក្សាសុខភាពរបស់ខ្លួន។ លោកបានលើកឡើងថា ការមិនកែប្រែឥរិយាបថប្រឈម នឹងនាំមកនៅគ្រោះមហន្តរាយនៃសុខភាព តាមរយៈការឆ្លងជំងឺអេដស៍ និងជំងឺកាមរោគផ្សេង។ ។
លោកក៏បានសម្តែងនូវការអរគុណចំពោះការចូលរួមលើកកម្ពស់សុខភាពរបស់អង្គការរ៉ាក់ និងអង្គការដៃគូដែលបានលើកទឹកចិត្ត និងគាំទ្រដល់ការថែរក្សាសុខភាព។ លោកសង្ឃឹមថា បទពិសោធន៍របស់លោក ជាឧទាហរណ៍មួយសម្រាប់ឱ្យយុវវជនដទៃមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការថែរក្សា និងការពារការឆ្លងមេរោគអេដស៍ និងហានិយភ័យផ្សេងទៀត ចំពោះខ្លួនឯង និងដៃគូរបស់ខ្លួន។
អត្ថបទផ្សេងៗជាច្រើនទៀត៖
វិប្បដិសារីនៃខ្ញុំភាពក្លាហានបានបញ្ជាក់នូវភាពជាខ្លួនឯងពេញលេញ
មតិយោបល់