
បញ្ហាស្រ្តីក្នុងវ័យអស់រដូវ
ស្រី្តគ្រប់វ័យត្រូវតែយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួនឯង ជាពិសេសនៅពេលដែលមានការវិវត្តទៅរកវ័យអស់រដូវ។ មានសំនួរជាច្រើនដែលប្រិយមិត្តបានចោទសួរមកក្រុមការងារជំនាញ និងអ្នកផ្តល់សេវាអំពីព័ត៌មាន និងបញ្ហាដែលទាក់ទងនឹងវ័យអស់រដូវនៃរាងកាយមនុស្សស្រី។ ខាងក្រោមនេះ គឺជាសំនួរដែលសួរជាញឹកញាប់របស់ប្រិយមិត្តយើង។ សូមស្វែងយល់ និងដោះស្រាយចំងល់របស់អ្នកទាំងអស់គ្នា!
១. តើគេសម្គាល់យ៉ាងដូចម្តេចខ្លះ ទើបចាត់ទុកថាស្រ្តីដល់វ័យអស់រដូវ?
អាយុ និងសណ្ឋានផ្សេងៗគឺជាកត្តាដែលបញ្ជាក់ពីវ័យនៃការអស់រដូវ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ដែលអ្នកត្រូវអានលម្អិត៖
កត្តាអាយុ: ជាទូទៅ ស្រ្តីនៅទូទាំងពិភពលោក ជួបប្រទះការអស់រដូវនៅចន្លោះអាយុ ៤៥ ទៅ ៥៥ ឆ្នាំ។ ហើយបន្ទាប់ពីការអស់រដូវទៅ ស្រ្តីអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាសុខភាពជាច្រើន បើសិនជាមិនមានការថែទាំសុខភាព និងការបង្ការបញ្ហាសុខភាពនោះទេ។ បញ្ហាសុខភាពដែលកើតមាន គឺបណ្តាលមកពីការធ្លាក់ចុះកម្រិត អ័រម៉ូន អឹស្រ្តូសែន ហើយប្រសិនបើស្រ្តីឆាប់អស់រដូវមុនអាយុ ៤០ឆ្នាំ ទៀត ស្រ្តី រឹតតែមានការប្រឈមមុខក្នុងការមានបញ្ហាសុខភាពកាន់តែឆាប់។
ជុំវិញការអស់រដូវ (Perimenopause): គឺជាពេលវេលាដែលមិនទាន់បញ្ចប់រដូវទាំងស្រុងនោះទេ តែវាបង្កឱ្យមាន រោគសញ្ញា រដូវមិនទៀង មានការក្តៅភាយៗនៅលើមុខ និង ក (Hot Flush) មានការប្រែប្រួលអារម្មណ៍ (Mood Swing) ស្ងួតទ្វារមាស(Vaginal Dryness) សម្រាន្តមិនបានលក់ស្រួល(Sleep Disturbance) ដែលរោគសញ្ញាទាំងនេះអាចមានរយៈពេលជាមធ្យម ៤ឆ្នាំ មុនពេលដែលស្រ្តីអស់រដូវទាំងស្រុង ។
កំណត់ការអស់រដូវ (Menopause): នៅពេលដែលស្រ្តី មិនមករដូវ ជាប់ៗ គ្នាក្នុងរយៈពេល ១២ ខែ ដោយធម្មជាតិ
នៅក្នុងលក្ខខណ្ឌមួយចំនួនទៀត គឺស្ត្រីអស់រដូវភ្លាមៗ គឺបណ្តាលមកពីអន្តរាគមន៍វេជ្ជសាស្រ្តណាមួយ ឬមានការវះកាត់កន្សោមពងទាំងពីរចេញ ឬមកពីការខូចកន្សោមពងទាំងពីរធ្ងន់ធ្ងរ ហើយនោះគេហៅថា ការជំរុញឱ្យមានការអស់រដូវ (Induced Menopause)។ ម្យ៉ាងវិញទៀត ក៏មានស្ត្រីមួយចំនួនអស់រដូវមុនអាយុ ៤០ឆ្នាំ ហើយត្រូវបានគេចាត់ទុកថាជាការអស់រដូវមុនពេលកំណត់ (Premature Menopause)។
ក្រោយការអស់រដូវ (Post Menopause) ដែលត្រូវបានគេចាត់ទុកថាជាដំណាក់កាលនៃជីវិត ក្រោយពេលអស់រដូវ។ វាគឺជាដំណាក់កាលសំខាន់សម្រាប់ស្ត្រីក្នុងការស្វែងយល់បន្ថែម បន្ស៊ាំខ្លួន និង ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ។
២. តើមានរោគសញ្ញា និង បញ្ហាអ្វីខ្លះដែលអាចកើតមានលើស្ត្រីក្នុងវ័យអស់រដូវ?
ការធ្លាក់ចុះនៃអ័រម៉ូន អឹស្រ្តូសែន បណ្តាលឱ្យស្ត្រីក្នុងវ័យអស់រដូវប្រឈមនឹងបញ្ហាដែលមានដូចជា :
ធ្លាក់ឈាមរដូវមិនទៀងទាត់ ហើយលក្ខណៈនៃការធ្លាក់ឈាមមានការប្រែប្រួល ទាំង វដ្តរដូវ ទាំងចំនួនថ្ងៃមករដូវ អាចវែង អាចខ្លី ចំណែកឯបរិមាណឈាមរដូវជួនកាលតិច ជួនកាលច្រើន និង ពេលខ្លះអាចធ្លាក់ឈាមនៅចន្លោះរដូវ និងជួនកាលទៀតក៏អាចរាំងរដូវ ដែរ។
រោគសញ្ញាស្វិតទ្វារមាស: ស្ងួតទ្វារមាស ក្រហាយទ្វារមាស រមាស់ទ្វារមាស ថយចុះទឹករំអិល និង ឈឺចាប់ពេលមានការរួមភេទ។
សញ្ញាស្វិតបង្ហួរនោម ធ្វើឱ្យមានការរាន់នោមភ្លាមៗ
ក្តៅមុខមាត់ និង បែកញើស ( hot flashes) តែងតែកើតមាននៅលើស្រ្តីក្នុងវ័យអស់រដូវញឹកញាប់ជាងគេ។ ៧៥%នៃស្ត្រីអស់រដូវ អាចមានសញ្ញានេះហើយក្នុងចំណោម ៨០%នៃស្ត្រីដែលមានរោគសញ្ញានេះអាចមានរោគសញ្ញា បន្តដល់រយៈពេល ១ឆ្នាំ និង ២៥% ទៅ ៥០% អាចបន្តមានរោគសញ្ញានេះរហូតដល់រយៈពេល ៤ ឆ្នាំ
សញ្ញាពុកឆ្អឹង (Osteoporosis) ការពុកផុយនៃឆ្អឹងឈានទៅរកការបាក់តែម្តង ភាគច្រើនកើតនៅលើឆ្អឹងខ្នង កំភួនដៃ ឆ្អឹងភ្លៅ ឆ្អឹងត្រគាក និងឆ្អឹងជំនីរ ជាដើម។ ជាលទ្ធផលក្នុងចំណោមស្រ្តីអស់រដូវ ២នាក់ មានម្នាក់បាក់ឆ្អឹងដោយសារការពុកឆ្អឹង
ប្រឈមមុខនឹងជំងឺ សរសៃរឈាមបេះដូង ដែលជាមូលហេតុស្លាប់មួយរបស់ស្ត្រី ផងដែរ
ស្បែក និងសក់ : ស្បែកបាត់បង់ភាពយឺត មានភាពជ្រីវជ្រួញ និងមានការជ្រុះរោម និងសក់
មានបញ្ហាផ្លូវភេទ បាត់បង់ចំណង់ និង តម្រូវការផ្លូវភេទ
រសាប់រសល់ មានការភ្លេចភ្លាំងច្រើន
៣. តើយើងអាចបង្ការរោគសញ្ញាទាំងអស់នោះបានឬទេ?
ស្រ្តីមិនអាចការពារមិនឱ្យមានការអស់រដូវបានទេ ប៉ុន្តែស្រ្តីអាចមានវិធានការថែទាំដើម្បីទទួលបានសុខភាពល្អក្រោយអស់រដូវ ព្រោះបើស្រ្តីបានទទួលការថែទាំបង្ការទាន់ពេល ស្រ្តីអាចមានអាយុវែង អាចកាត់បន្ថយ អត្រាស្លាប់ដោយជំងឺសរសៃរឈាម បេះដូង កាត់បន្ថយ ជំងឺពុកឆ្អឹង ជំងឺក្តៅមុខមាត់ បែកញើស (Hot Flashes) អាចឱ្យមានដំណេកល្អ និងទំនាក់ទំនងផ្លូវភេទ បានល្អប្រសើរ ។
ការថែទាំ ការព្យាបាល ជាទូទៅ វាមិនអាចលុបបំបាត់ នូវផលប៉ះពាល់សុខភាពបានទាំងស្រុងនោះទេ តែវាអាចជួយឱ្យគុណភាពជីវិតរបស់ស្ត្រីក្នុងវ័យអស់រដូវបានល្អប្រសើរឡើង។ ចំណុចទាំងនេះជាអនុសាសន៍ដែលអាចជួយស្ត្រីឱ្យមានលក្ខខណ្ឌសុខភាពល្អក្នុងវ័យអស់រដូវ:
ស្រ្តីត្រូវថែទាំសុខភាពនៅវ័យកណ្តាលឱ្យបានល្អ ត្រួតពិនិត្យសុខភាពជាទៀងទាត់មិនចាំបាច់តែមានរោគសញ្ញានោះទេ ជាពិសេសដើម្បីបង្ការ ជំងឺសរសៃរឈាមបេះដូង ជំងឺពុកឆ្អឹង និងជំងឺមហារីកជាដើម។
ការអនុវត្តការរស់នៅប្រចាំថ្ងៃបានល្អ
- រក្សាទម្ងន់ឱ្យបានល្អកុំឱ្យធាត់
- ទទួលទានអាហារ ដែលមានតុល្យភាព អាហារដែលមានជាតិ កាល់ស្យូម និងវីតាមីន D និង បន្លែផ្លែឈើផ្សេងទៀត
- ធ្វើលំហាត់ប្រាណទៀងទាត់ និង ទម្លាប់ចូលគេងទៀងទាត់ដែរ
- ចៀសវាងអាហារមួយចំនួន ដែលជំរុញឱ្យមាន hot flashes ដូចជាការញាំអាហារនៅពេលយប់ដែលមានជាតិកាហ្វេ អាកុល អាហារដែលមានជាតិផ្អែម និងហិរ ជាដើម។
មុនអស់រដូវ ឬចាប់ផ្តើមអស់រដូវភ្លាម ត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាលដោយអ័រម៉ូនជំនួស ឬដោយថ្នាំផ្សេងទៀតដែលមានមុខងារជួយកែលំអរបញ្ហារបស់ស្រ្តីក្នុងវ័យអស់រដូវ ដើម្បីឱ្យគុណភាពជីវិតក្នុងវ័យនេះមានភាពប្រសើឡើង។
អត្ថបទដោយ វេជ្ជ.សុខ ផានី ប្រធានគ្លីនិករ៉ាក់បាត់ដំបង
ប្រភពឯកសារ៖
១.ពិធីសារគ្លីនិករ៉ាក់ផ្នែកសម្ភព និង រោគស្ត្រី ឆ្នាំ ២០១៩
២.ឯកសារ FIGO conference 2023 in Paris
មតិយោបល់