រំលងម៉ឺនុយទំព័រ

នៅក្មេងសោះ ហេតុអ្វីគេងមិនលក់ដែរ?

នៅក្មេងសោះ ហេតុអ្វីគេងមិនលក់ដែរ?

ព័ត៌មានសុខភាពយុវវ័យ
650

អ្នកស្ថិតក្នុងយុវវ័យភាព តែអ្នកគេងមិនលក់ស្រួលនៅពេលយប់មែនទេ?

ប្រសិនបើអ្នក (ជាយុវវ័យ) ឬអាណាព្យាបាល ដែលមានកូនក្នុងវ័យជំទង់ កំពុងជួបស្ថានភាពបែបនេះ សូមសាកល្បងអានអត្ថបទខាងក្រោម និងវិភាគមើលអំពីស្ថានភាព ដើម្បីកែសម្រួល!

យុវវ័យជាច្រើនមិនទទួលបានបរិមាណនៃការគេងតាមការណែនាំទេ គឺចន្លោះពី៨ ទៅ១០ម៉ោង ហើយនោះអាចជាអាការៈនៃ ការគេងមិនលក់ (Insomnia)។

តើ​អ្វី​ជា​សញ្ញា​នៃ​ការ​គេង​មិន​លក់​ក្នុង​យុវវ័យភាព​? នេះជាសញ្ញាដែលកើតមានមួយចំនួន៖

  1. អាចមានអារម្មណ៍នឿយហត់នៅពេលថ្ងៃ ហើយងក់ក្នុងថ្នាក់ ឬពេលកំពុងបើកបរ។

  2. ប្រហែលជាពិបាកក្នុងការផ្តោតអារម្មណ៍យកចិត្តទុកដាក់រៀននៅក្នុងថ្នាក់ ឬអ្នកអាចមានអារម្មណ៍ឆេវឆាវ និងឆាប់ខឹង។

  3. អាចនឹងពិបាកក្នុងការក្រោកពីដំណេកទាន់ពេលនៅថ្ងៃសិក្សា ឬគេងយឺតនៅចុងសប្តាហ៍។

ការគេងមិនលក់អាចធ្វើ​ឱ្យយុវវ័យប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ៖

  • គ្រោះថ្នាក់ ឬរបួស

  • ភាពធាត់

  • សម្ពាធ​ឈាម​ខ្ពស់

  • ជំងឺទឹកនោមផ្អែម

  • ជំងឺធ្លាក់ទឹកចិត្ត

  • គំនិតធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯង ជាដើម

ហេតុអ្វីបានជាយុវវ័យខ្លះគេងមិនលក់?

មនុស្សគ្រប់រូបមាននាឡិកា ដែលកំណត់ចង្វាក់ Circadian ខាងក្នុងរាងកាយរបស់ខ្លួន ដែលជាវដ្ត២៤ម៉ោងនៃពេលដែលអ្នកគេង និងភ្ញាក់។ អំឡុងពេលពេញវ័យ យុវវ័យឆ្លងកាត់ការផ្លាស់ប្តូរចង្វាក់នាឡិកាខាងក្នុងខ្លួននេះ។ ចង្វាក់ circadian អាចផ្លាស់ប្តូរដោយធម្មជាតិដើម្បីធ្វើឱ្យ មានអារម្មណ៍ងងុយគេងប្រហែល២ម៉ោងក្រោយម៉ោងដែលកំណត់គេងពីមុនមក។

មួយវិញទៀត អាចជាមូលហេតុដែលយុវវ័យផលិតមេឡាតូនីន ដែលជាអ័រម៉ូនជួយឱ្យអ្នកគេងលក់ស្រួល នៅពេលយប់ជាងកុមារ ឬមនុស្សពេញវ័យ។ ដូចនេះយុវវ័យអាច មានអារម្មណ៍ថាដូចជាស្វាងនៅពេលព្រលប់។

ហេតុផលផ្សេងទៀត អាចមកពីកាលវិភាគសាលារៀន និងភាពតានតឹង។ កិច្ចការដែលគ្រូដាក់ឱ្យ និងកាលវិភាគអាចប៉ះពាល់ដល់ការគេងរបស់យុវវ័យផងដែរ។ ប្រសិនបើអ្នកក្រោកពីម៉ោង៦ ព្រឹកដើម្បីត្រៀមខ្លួនទៅសាលារៀន អ្នកត្រូវចូលគេងនៅម៉ោង ៩ ឬ ១០ យប់។ យុវវ័យជាច្រើនប្រហែលជាមិនអាចគេងលក់នៅម៉ោងនេះទេ។

ការសិក្សានៅកម្រិតវិទ្យាល័យក៏អាចនាំមកនូវសម្ពាធបន្ថែមសម្រាប់អ្នកក្នុងការចូលគេងយឺតដើម្បីធ្វើកិច្ចការផ្ទះ ឬត្រៀមសម្រាប់ការប្រឡង។ ភាពតានតឹងជារឿយៗប៉ះពាល់ដល់យុវវ័យ។ អ្នក​ប្រហែល​ជា​ខ្វល់ខ្វាយ​អំពី​ការ​សិក្សា​ឬ​ការ​ណាត់​ជួប។ ភាពតានតឹងគឺជាមូលហេតុចម្បងនៃការគេងមិនលក់។

ជាតិកាហ្វេអ៊ីន៖ យុវវ័យដែលទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដើម្បីរក្សាភាពក្លៀវក្លា ការផ្តោតអារម្មណ៍នៅពេលថ្ងៃអាចមានការពិបាកក្នុងការងងុយគេង ឬគេងលក់នៅពេលយប់។ ខូឡា តែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងទាំងអស់អាចមានជាតិកាហ្វេអ៊ីន។

ថ្នាំសង្កូវ៖ ថ្នាំដែលចេញតាមវេជ្ជបញ្ជា ដែលមានប្រភេទជា Sedatives និង Steroids អាចរំខានដល់ដំណេករបស់យុវវ័យផងដែរ។

ឧបករណ៍អេឡិចត្រូនិក៖ យុវវ័យជាច្រើនចំណាយពេលច្រើនលើអ៊ីនធឺណេត ឬនៅលើឧបករណ៍អេឡិចត្រូនិក   ផ្សេងៗ។ អ្នកអាច​គេង​យឺត ព្រោះរវល់​ក្នុងការ​ផ្ញើរ​សារ ឬ​បង្ហោះរូបភាព​លើ​បណ្តាញ​សង្គម។ ពន្លឺអេក្រង់របស់ស្មាតហ្វូន និងថេប្លេតបញ្ចេញមក ធ្វើឱ្យពិបាកក្នុងការងងុយគេង ទោះបីជាអ្នកបានបិទឧបករណ៍ក៏ដោយ។

លក្ខខណ្ឌវេជ្ជសាស្រ្តដែលបណ្តាលឱ្យគេងមិនលក់។ ការគេងមិនលក់អាចជារោគសញ្ញានៃជំងឺមួយចំនួនដូចជា៖

  1. ការស្ទះដង្ហើមក្នុងអំឡុងពេលគេង(OSA)៖ ការស្ទះដង្ហើមក្នុងអំឡុងពេលគេងគឺជាជំងឺផ្លូវដង្ហើមដែលអាចប៉ះពាល់ដល់យុវវ័យ។ ភ្នាសសាច់ច្រមុះបិទផ្លូវដង្ហើម និងធ្វើឱ្យស្ទះខ្យល់អំឡុងពេលគេង ដូច្នេះយុវវ័យអាចក្រោកពីដំណេកជាញឹកញាប់ដើម្បីដកដង្ហើម ឬស្រមុកខ្លាំង បែកញើស ឬមានបញ្ហាក្នុងការដកដង្ហើមនៅពេលគេងលក់។ អ្នកអាចគេងមិនស្កប់ និង​មាន​ភាព​នឿយហត់​នៅ​ពេល​ថ្ងៃ។ យុវវ័យដែលលើសទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការមានអាការៈ OSA ។

  2. ជំងឺងងុយគេងខុសប្រក្រតី (Narcolepsy)៖ ជំងឺនេះជាករណីកម្រ ប៉ុន្តែធ្ងន់ធ្ងរខ្លាំងចំពោះយុវវ័យប្រសិនបើមានជំងឺនេះ។ យុវវ័យអាចមានរោគសញ្ញាដំបូងនៅអាយុ ១៥ឆ្នាំ ឬក្មេងជាងនេះ។ ជំងឺងងុយគេងខុសប្រក្រតី អាចត្រូវបានគេមិនធ្វើរោគវិនិច្ឆ័យក្នុងអំឡុងពេលវ័យជំទង់។ អ្នកដែលមានជំងឺនេះអាចងងុយគេងភ្លាមៗនៅពេលថ្ងៃ អាចមានការបាត់បង់កម្លាំងសាច់ដុំភ្លាមៗ ឬការគ្រប់គ្រងសាច់ដុំ (cataplexy) ឬមានគេងមានសុបិន្តអាក្រក់ដូចនៅនឹងភ្នែក។

  3. មមើរដើរ៖ យុវវ័យខ្លះមានការគេងមមើរដើរ ហើយវាអាចនឹងរឹតតែញឹកញាប់នៅពេលដែលឈឺគ្រុនក្តៅ ឬស្ថិតក្រោមភាពតានតឹងខ្លាំង។ ពួកគេអាចត្រឡប់ទៅគេងដោយខ្លួនឯង ប៉ុន្តែឪពុកម្តាយ ឬអាណាព្យបាលគួរនាំផ្លូវគេ ហើយដាក់គេចុះសម្រាកថ្នមៗ ដើម្បីកុំឱ្យពួកគេឈឺខ្លួន។

  4. ជំងឺច្រាលអាស៊ីតក្រពះ(GERD)៖ ជំងឺ GERD អាចមានបញ្ហាក្នុងការគេង នៅពេលដែលអាស៊ីតក្រពះឡើងដល់បំពង់ក ក្នុងអំឡុងពេលគេង។ ជំងឺនេះបណ្តាលឱ្យក្រហាយទ្រូង ដែលជារោគសញ្ញាឈឺចាប់ដែលអាចឱ្យអ្នកភ្ញាក់នៅពេលយប់។

  5. ជំងឺឈឺចាប់ពេញតាមរាងកាយ (Fibromyalgia)៖ បញ្ហានៃការគេងគឺជារោគសញ្ញាមួយនៃជំងឺ Fibromyalgia ដែលជាស្ថានភាពនាំឱ្យមានការឈឺចាប់នៅក្នុងសាច់ដុំ និងឆ្អឹង។ វាអាចលេចឡើងជាលើកដំបូងនៅចន្លោះអាយុ ១៣ និង ១៥ឆ្នាំ។ ក្មេងជំទង់ដែលមានជំងឺ fibromyalgia ប្រហែលជាមិនអាចគេងលក់ស្កប់ឬគេងមិនលក់តែម្តង។

  6. ចលនាអវយវៈ៖ រោគសញ្ញាជើងមិនឈប់ចលនា (RLS) និងជំងឺចលនាអវយវៈតាមកាលកំណត់ (PLMD) អាចធ្វើឱ្យជើងរបស់ក្មេងជំទង់កន្ត្រាក់ និងទាត់គ្រែ ដែលរំខានដល់ការគេងលក់ស្កប់ស្រួល។

  7. ជំងឺហឺត៖ យុវវ័យដែលមានជំងឺហឺតដែលមិនបានគ្រប់គ្រងបានល្អដោយថ្នាំអាចភ្ញាក់ឡើងជាញឹកញាប់នៅពេលយប់ ក្អក ឬព្យាយាមដកដង្ហើម។

  8. ជំងឺធ្លាក់ទឹកចិត្ត៖ យុវវ័យអាចមានអារម្មណ៍ប្រែប្រួល ឬព្រួយបារម្ភអំពីសាលារៀន សម្ពាធគ្រួសារ ឬស្នេហា ឬមិត្តភក្តិ ដែលធ្វើឱ្យភ្ញាក់នៅពេលយប់។ យុវវ័យខ្លះវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត ដែលជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយធ្វើឱ្យបញ្ហាដំណេកកាន់តែធ្ងន់ធ្ងរ។

តើយើងគួរត្រូវធ្វើដូចម្តេច?

ប្រសិនបើ មានការគេងមិនលក់ សូមពិគ្រោះជាមួយគ្រូពេទ្យប្រចាំគ្រួសាររបស់អ្នកឱ្យបានកាន់តែឆាប់កាន់តែល្អ។ អ្នកជំនាញអាចធ្វើរោគវិនិច្ឆ័យពីស្ថានភាពវេជ្ជសាស្ត្រដែលបណ្តាលឱ្យគេងមិនលក់។ អ្នកជំនាញអាចបញ្ជូនអ្នក(ជាយុវវ័យ) ឬកូនអ្នកទៅកាន់អ្នកឯកទេសដំណេក សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបន្ថែម ប្រសិនបើចាំបាច់។

ត្រូវចាំថា! សូមកុំលេបថ្នាំងងុយគេង OTC លុះត្រាតែគ្រូពេទ្យរបស់អ្នកប្រាប់ថាមិនអីទេ។ ថ្នាំទាំងនេះមិនមែនជាការព្យាបាលរយៈពេលវែងសម្រាប់ការគេងមិនលក់នោះទេ។

សូមធ្វើការផ្លាស់ប្តូរស្ថានភាពមួយចំនួននៅផ្ទះដើម្បីជួយឱ្យអ្នក(ជាយុវវ័យ)  ឬកូនអ្នកគេងលក់ស្រួល៖

  1. បង្កើតបរិយាកាសសម្រាក៖ ប្រហែលកន្លះម៉ោងមុនពេលចូលគេង សូមស្តាប់តន្ត្រីស្ងប់ស្ងាត់ អាន ឬសម្រាកជាមួយនឹងការងូតទឹកក្តៅ ឬងូតទឹក។

  2. ចៀសវាងសារធាតុរំញោច ឬប៉ូវកំលាំង៖ ទឹកចិត្តខ្លួនឯង (ជាយុវវ័យ) ឬកូនអ្នកឱ្យរំលងជាតិកាហ្វេអ៊ីន សូកូឡា ឬសូដាដែលមានជាតិស្ករ ក្រោយពីម៉ោង ៤ រសៀល។ អាហារ និងភេសជ្ជៈទាំងនេះអាចធ្វើឱ្យភ្ញាក់ស្វាងនៅពេលក្រោយ។ ប្រសិនបើអ្នកជាអាណាព្យាបាល សូមពិនិត្យមើលថាតើពួកគេជក់បារី ឬទទួលទានគ្រឿងស្រវឹងដោយសម្ងាត់ ដែរឬទេ? ដែលនេះក៏ជាមូលហេតុប៉ះពាល់ដល់ដំណេកផងដែរ។ ហើយបើអ្នកជាយុវវ័យ គួរចៀសវាងឥរិយាបថទាំងនេះទៅ!

  3. សូមកុំទទួលទានអាហារពេលយប់៖ ការញាំអាហារ​ច្រើន និងយឺត​អាច​ធ្វើឱ្យអ្នក​ភ្ញាក់ស្វាង។ ប្រសិនបើ​ឃ្លាន ​គួរ​តែ​ញ៉ាំ​អាហារ​សម្រន់​បន្តិច​មុន​ពេល​ចូល​គេង គឺគ្រប់គ្រាន់។

  4. កំណត់កាលវិភាគមើលអេក្រង់ឧបករណ៍អេឡិចត្រូនិច៖ អ្នកគួរតែបិទទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀត យ៉ាងហោចណាស់ ៣០ នាទីមុនពេលចូលគេង។

  5. សកម្មភាពពេលថ្ងៃដែលមានសុខភាពល្អ៖ ហាត់ប្រាណពេលថ្ងៃអាចគេងលក់ស្រួលនៅពេលយប់។ ការទទួលពន្លឺព្រះអាទិត្យក៏ជួយឱ្យនាឡិកាខាងក្នុងខ្លួនអ្នកមានសុខភាពល្អផងដែរ។ នៅពេលដែលអ្នកអាចត្រូវការ ការគេងថ្ងៃសម្រាក នៅពេលដែលពួកគេគេងមិនស្កប់ពេលយប់នោះ សូមកុំព្យាយាមបង្កើតទម្លាប់គេងថ្ងៃ ដើម្បីជំនួសឱ្យការព្យាយាមគេងនៅពេលយប់។

  6. មិនគួរបង្កើតទម្លាប់គេងថែម៖ នៅចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក អ្នកអាចគេងថែមបាន តែអ្នក​មិន​គួរ​គេង​យូរ​ពេក​ ឬហួស ២ ម៉ោង ពីម៉ោងដែលងើបរាល់ថ្ងៃនោះឡើយ។ ការទម្លាប់បែបនេះ នឹងជួយបង្កើតកាលវិភាគគេងល្អក្នុងរាងកាយ។

អត្ថបទដោយ: RHAC

មតិយោបល់