រំលងម៉ឺនុយទំព័រ

និរន្តភាពត្រូវផ្ដើមចេញពីខ្លួនយើង

និរន្តភាពត្រូវផ្ដើមចេញពីខ្លួនយើង

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
44

និរន្តភាពត្រូវផ្ដើមចេញពីខ្លួនយើង អ្វីដែលយើងទទួលបានពីអង្គការរ៉ាក់កន្លងមក ជាសំណាងរបស់យើងមុនគេ​ ដូច្នេះយើងកុំទុកសំណាងនេះតែម្នាក់ឯង យើងត្រូវចែកចាយចំណេះដឹងទាំងអស់នេះដល់ក្រុមគ្រួសារ បងប្អូន និងសហគមន៍របស់យើង មិនចាំបាច់ទាល់តែមានជំនួយនោះទេ​​

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិកានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសប្រកាសបើកសិក្ខាសាលាបិទបញ្ចប់ជាស្ថាពរគម្រោងភាពជាដៃគូ ក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ ក្នុងចំណោមកម្មករ-កម្មការិនី រោងចក្រកាត់ដេរ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ្ត ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមចំនួនសរុបចំនួន១១៩នាក់។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង បង្ហាញជូនពីលទ្ធផលនៃការអនុវត្ត គម្រោងភាពជាដៃគូក្នុងការលើកកម្ពស់ការទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងចំណោមកម្មករកម្មការិនី រោងចក្រកាត់ដេរក្នុងឆ្នាំ២០២៣-២០២៤ និងជាការជូនដំណឹងនៃការបញ្ចប់គម្រោងជាស្ថាពរ ព្រមទាំងការប្តេជ្ញាចិត្តបន្តនិរន្តរ៍ភាពក្នុងការអនុវរត្តសកម្មភាពអប់រំពីតំណាងរោងចក្រផងដែរ។ ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៅមន្ទីរសុខភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «រ៉ាក់បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជាដៃគូជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវសកម្មអប់រំសុខភាពបន្តពូជ ផ្ដោតលើសុខភាពមាតា និងទារក ការបង្ការជំងឺឆ្លងនានា និងជាពិសេសជម្រុញឱ្យមានការទទួលបាននូវសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកម្មវិធីចំបងរបស់ក្រសួងសុខាភិបាល ហើយអន្តារាគមន៍ទាំងអស់នេះបានរួមចំណែកកាត់បន្ថយអត្រាមរណៈមាតា និងទារក នៅក្នុងប្រទេសកម្ពុជាផងដែរ»។ បើតាមការបញ្ជាក់ពីលោកស្រីបណ្ឌិត សាផន សុមោលីរស្មី បានឱ្យដឹងថាអង្គការរ៉ាក់បានរួមចំណែកជាច្រើនជាមួយសេវាសុខាភិបាលសាធារណៈ ក្នុងការផ្តល់សេវា ផ្តល់ការអប់រំ ជាពិសេសសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ទៅដល់ក្រុមប្រជាជនដែលមានភាពប្រឈម និងអ្នកលំបាកទទួលបានសេវាសុខភាព ដូចជា យុវវ័យ អ្នកធ្វើការនៅសេវាកម្សាន្ត កម្មកររោងចក្រ ក្រុមប្រឈមខ្ពស់ និងប្រជាជនក្រីក្រ ដែលបាននិងកំពុងធ្វើការនៅតាមបណ្តាខេត្តក្រុងទាំង១៩ របស់អង្គការរ៉ាក់។ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លោកស្រីបណ្ឌិត បានអះអាងដែរថា អង្គការរ៉ាក់ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៦ឆ្នាំរបស់ខ្លួន គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ធ្វើការផ្តោតសំខាន់​លើសរសរស្តម្ភរបស់អង្គការរ៉ាក់ធំៗចំនួន៣ មាន១៖ បង្កើនការយល់ដឹង និងទទួលស្គាល់ពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ, ២៖ ការបង្កើនការទទួលបានការថែទាំ និងទី៣៖ ការរីកចម្រើននៃស្ថាប័ន។ លោកស្រី បានបន្ថែមថា រ៉ាក់ មានផែនការយុទ្ធសាស្ត្រក្នុងការបន្តការផ្ដល់ជូននូវសេវាសុខភាពបន្តពូជ ជូនដល់ប្រជាជន ដោយសហការណ៍យ៉ាងជិតស្និតជាមួយគ្លីនិកដៃគូ និងតាមរយៈការប្ដេជ្ញាចិត្តពីតំណាងរោងចក្រ ប៊ឺរី និង រីឡាយអេបល លោកស្រីជឿជាក់ថារោងចក្រទាំងអស់ និងអាចបន្តនិរន្តភាពក្នុងការអប់រំសុខភាពផ្លូវភេទ​ និងបន្តពូជ ជូនដល់បុគ្កលិករបស់ខ្លួនបានយ៉ាងប្រសើរ។

អត្ថបទដោយ: RHAC

មតិយោបល់