រំលងម៉ឺនុយទំព័រ

ត្រូវផ្ដល់ក្ដីសុខដល់ខ្លួនឯង៖ ករណីអំពើហិង្សាក្នុងគ្រួសារ និងសុខភាពផ្លូវចិត្តរបស់ស្រ្តី

ត្រូវផ្ដល់ក្ដីសុខដល់ខ្លួនឯង៖ ករណីអំពើហិង្សាក្នុងគ្រួសារ និងសុខភាពផ្លូវចិត្តរបស់ស្រ្តី

រឿងជោគជ័យ
323

ណារ៉េន មានអាយុ ៤៥ឆ្នាំ មានទីលំនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពត។ ពីមុនគាត់មានមុខរបរជាអ្នកលក់ចាប់ហួយ។ ប៉ុន្តែដោយសារបញ្ហាអំពើហិង្សាក្នុងគ្រួសារធ្វើឱ្យអ្នកស្រីមិនអាចលក់ដូរ ឬប្រកបរបរតាមធម្មតាបាន ហើយយូរទៅ នៅសល់តែបំណុល។

អ្នកស្រីណារ៉េនបានរៀបការជាមួយប្ដីអស់រយៈពេលជាង ២០ឆ្នាំមកហើយ តាមរយៈការផ្សំផ្គុំពីចាស់ៗ។ អ្នកស្រីមិនបានសិក្សារៀនសូត្រអ្វីនោះទេ ព្រោះតែជីវភាពក្រីក្រ។ អ្នកស្រីបានរៀបការនៅអាយុ ១៩ឆ្នាំ តាំងពីអ្នកស្រីណារ៉េនចាប់ដៃគ្នាជាប្ដីប្រពន្ធ ជាមួយស្វាមីគាត់មក អ្នកស្រីមិនដែលទទួលបានសុភមង្គលពេញលេញនោះទេ។ អ្នកស្រីបានពោលថា « ប្ដីរបស់ខ្ញុំតែងវាយធ្វើបាបរាងកាយ បង្កររបួសស្នាមលើរាងកាយ ផឹកស្រា លេងល្បែង និងតែងតែស្រែកឡូឡាផ្អើលដល់អ្នកជិតខាងរាល់យប់។ រាល់ពេលមានបញ្ហា ណារ៉េនតែងត្រូវបានស្រ្តីបង្គោល អ្នកជិតខាង និងកូនៗជួយសម្របសម្រួល។ អ្នកស្រីស៊ូទ្រាំអត់ធ្មត់រស់នៅជាមួយប្ដីដោយសារមិនចង់បែកបាក់គ្នា ណាមួយកូនក៏ធំ ខ្លួនក៏ចាស់ៗអស់ហើយដែរ។

ប្ដីរបស់អ្នកស្រីណារ៉េនលេងល្បែងកាន់តែខ្លាំង(ជល់មាន់) ជំពាក់បំណុលគេកាន់តែច្រើនឡើងៗ។ ថ្ងៃមួយនៅអំឡុងពេលនៃខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃមិនអាចបំភេ្លចបានក្នុងជីវិតរបស់អ្នកស្រី។ វាជាថ្ងៃសម្រាកចូលឆ្នាំ ដែលមនុស្សម្នាទាំងអស់បានឈប់សម្រាក ជួបជុំក្រុមគ្រួសារ និងសប្បាយជាមួយគ្នា។ ប៉ុន្តែរឿងដឺលមិននឹកស្មានដល់បានកើតឡើង។ ប្ដីរបស់ណារ៉េនបានទៅខ្ចីមាន់ជល់គេ យកមកជល់ហើយក្រុងក្នុងទ្រុងនៅផ្ទះ។ អ្នកស្រីណារ៉េនឃើញថាមាន់នោះជារបស់អ្នកដទៃ ដែលខ្ចីគេមក អ្នកស្រីខ្លាមានបញ្ហា ត្រូវសងលុយគេ ណាមួយមិនចង់ឱ្យប្ដីលេងបន្តទៀត អ្នកស្រីណារ៉េនក៏យកមាន់នោះ ទៅសងគេម្ចាស់គេវិញ។ ក្រោយពេលប្ដីមកពីផឹកស្រាស្រវឹងវិញ ដឹងថាបាត់មាន់ ខឹងប្រពន្ធជាខ្លាំង បានយកសាំងមកចាក់ស្រោចលើអ្នកស្រីណារ៉េន និងកេះ ដែកកេះ បោះមកលើគាត់ធ្វើឱ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ ណារ៉េនបានរត់រកអ្នកជិតខាងជួយ សំណាងល្អមានអ្នកជិតខាងនៅជួបជុំគ្នា បានជះទឹកពន្លត់ភ្លើងនោះរលត់អស់។ សកម្មភាពដុតមនុស្សទាំងរស់នេះ គឺជាអំពើមនុស្សឃាតដ៏ឃោរឃៅ ដែលមិនត្រឹមតែបំផ្លាញជីវិតមនុស្សទេ ថែមទាំងផ្លូវចិត្ត និងអនាគតសមាជិកគ្រួសារដទៃទៀត។

ក្រោយកើតហេតុ អាជ្ញាធរ និងគ្រួសារ បានបញ្ជូនណារ៉េន ទៅមន្ទីរពេទ្យឯកជនមួយកន្លែង ដោយតែសារ  ណារ៉េនរងរបួសធ្ងន់ធ្ងរពេក ក៏មន្ទីរពេទ្យបានបញ្ជូនណារ៉េនបន្តទៅវៀតណាមដើម្បីទទួលការព្យាបាល។ ចំណែកប្ដីត្រូវបានខាងសមត្ថកិច្ចចាប់ដាក់ពន្ធធនាគារ ជាប់ទោសរយៈពេល ៣ឆ្នាំ។ មួយរយៈក្រោយមកណារ៉េន មានសុខភាពល្អឡើងវិញ ប៉ុន្តែដៃគាត់មិនអាចបត់បែនបានដូចដើមទេ ព្រោះដុះសាច់ទៅជាសម្លាក។ ក្រោយ មានរឿងនេះកើតឡើង បងស្រីមិនចង់ទទួលយកប្ដីវិញទេ (ពេលប្ដីចេញពីមន្ទីរឃុំឃាំង) តែដោយសារការស្នើសុំរបស់កូនៗគាត់ គាត់យល់ព្រម តែក្នុងចិត្តគាត់ពិតជាស្មុគស្មាញ និងភ័យខ្លាចជួបរឿងបែបនេះទៀតណាស។

បុគ្គលិកសង្គមបានចុះសួរសុខទុក្ខណារ៉េនផ្ទាល់ ដើម្បីសាកសួរពីស្ថានភាពផ្លូវចិត្ត និងផ្លូវកាយ។ បុគ្គលិកសង្គមបានផ្ដល់ប្រឹក្សា លើកទឹកចិត្ត និងព័ត៌មានផ្សេងទៀតដើម្បីជួយដល់ណារ៉េន។ រយៈជិតមួយឆ្នាំកន្លងមកណារ៉េនរស់នៅជាមួយកូនៗ និងចៅៗដោយគ្មានប្ដី ណារ៉េនពិតជាមានអារម្មណ៍ថារីករាយ សប្បាយចិត្ត កក់ក្ដៅជាពន់ពេក  ជាពិសេសណារ៉េនបានដឹងពីអ្វីដែលខ្លួនឯងកំពុងត្រូវការ ធ្វើឱ្យគាត់មានកម្លាំងចិត្តប្រកបរបរឡើងវិញ។ បងស្រីបានសម្រេចចិត្តថាមិនត្រូវគ្នាជាមួយប្ដីវិញទេ នៅពេលប្ដីចេញពីពន្ធធនាគាវិញ។ចំណែកកូនៗបានឃើញម្ដាយមានសុខភាពល្អបែបនេះគាត់លែងបង្ខំម្ដាយឱ្យជានាជាមួយឪពុកវិញដែរ។ អ្នកស្រីក៏មានការព្រួយបារម្ភពីសុវត្ថិភាពដែរ ព្រោះខ្លាចប្ដីត្រឡប់មកធ្វើបាបម្ដងទៀត។ បច្ចុប្បន្ននេះអ្នកស្រីបានមករស់នៅ និងប្រកបរបរលក់ផ្លែឈើជាមួយកូននៅភ្នំពេញ។ អ្នកស្រីសង្ឃឹមថាការចាកចេញនេះធ្វើឱ្យអ្នកស្រីមានសុភមង្គលក្នុងជីវិត។

អត្ថបទដោយ: RHAC

មតិយោបល់