រំលងម៉ឺនុយទំព័រ

តើអ្នកមានបញ្ហារងសម្ពាធផ្លូវចិត្តពីមិត្តភក្តិ ឬក្រុមដែរឬទេ?

តើអ្នកមានបញ្ហារងសម្ពាធផ្លូវចិត្តពីមិត្តភក្តិ ឬក្រុមដែរឬទេ?

ព័ត៌មានសុខភាពយុវវ័យ
909

តើការរងសម្ពាធផ្លូវចិត្តពីមិត្តភក្តិឬក្រុមជាអ្វី?

ការរងសម្ពាធផ្លូវចិត្តពីមិត្តភក្តិឬក្រុម គឺជាអារម្មណ៍ ដែលជំរុញឱ្យមនុស្សម្នាក់ចង់ ឬគួរធ្វើឱ្យដូចមនុស្សផ្សេងទៀត ដូចជាការស្លៀកពាក់ ការនិយាយ និងទង្វើ ជាដើម។ អារម្មណ៍នេះផ្សារភ្ជាប់ជាមួយនឹងតម្រូវការដើម្បីឱ្យសម និងត្រូវបានការគោរពពីអ្នកដទៃ ឬឱ្យចុះសម្រុងជាមួយនឹងក្រុម តែវាផ្លាស់ប្តូរឥរិយាបថដើមរបស់បុគ្គល។ ការរងសម្ពាធពីមិត្តភ័ក្តិអាចពិបាកនឹងទប់ទល់ ហើយជាទូទៅត្រូវបានគេមើលឃើញថាជាអ្វីមួយដែលមានភាពអវិជ្ជមានច្រើន។ វាកើតឡើងគ្រប់វ័យ សូម្បីតែក្មេងទើបចេះដើរតេះតះក៏ដោយ តែភាគច្រើនគឺនៅក្នុងវ័យកុមារ និងយុវវ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្ពាធពីមិត្តភ័ក្តិក៏អាចជាឥទ្ធិពលវិជ្ជមានផងដែរ។ ជាឧទាហរណ៍ កុមារ ឬយុវវ័យប្រហែលជាចង់ចូលរួមក្រុមកីឡា ក្លឹបសាលារៀន ឬព្យាយាមដើម្បីទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរ ប្រសិនបើមិត្តម្នាក់របស់គាត់ធ្វើដូចគ្នា។

ពេលខ្លះកុមារដឹងថាគេមិនគួរធ្វើ ប៉ុន្តែគេធ្វើតាម ដូចជា លោតទន្ទ្រាំលើគ្រែលេង ជីក ឬចាក់ដីចេញពីផើងផ្កា ឬរត់ប្រសាចនៅក្នុងផ្ទះ។ នៅពេលដែលកុមារចូលរៀន សម្ពាធពីមិត្តភ័ក្តិអាចប៉ះពាល់ដល់អាកប្បកិរិយាធ្ងន់ធ្ងរជាងនេះទៀត ដូចជាការលួចទំនិញ ការបំពានច្បាប់ផ្ទះ ឬបំពានច្បាប់សាលា ជាដើម។ សិស្សមធ្យមសិក្សា និងវិទ្យាល័យចាប់ផ្តើមមានបញ្ហា ដូចជាការគេចសាលាមិនចូលរៀន ការជក់បារី ឬការប្រើប្រាស់គ្រឿងញៀន ការរួមភេទជាគូ ឬជាក្រុមជាដើម។ វាកាន់តែគ្រោះថ្នាក់ទៅៗ។

តើយើងត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា?

ប្រសិនបើអ្នកជាឪពុកម្តាយ៖

ព្យាយាមស្គាល់មិត្តភក្តិរបស់កូនអ្នក និងឪពុកម្តាយរបស់ពួកគេ។ កុមារ និងក្មេងជំទង់ដែលឪពុកម្តាយស្គាល់ នរណាជាមិត្តរបស់កូន ហើយ ពេលទំនេរពួកគេចូលចិត្តធ្វើអ្វី នោះ ទំនងជាមិនសូវមានបញ្ហាដូចកុមារ ឬក្មេងជំទង់ដែលឪពុកម្តាយមិនស្គាល់មិត្តភក្តិនោះទេ។

សូមចំណាយពេលជជែកលេងជាមួយកូនអ្នកឱ្យបានច្រើន។ ប្រសិនបើអ្នកចំណាយពេលនិយាយ និងធ្វើអ្វីៗជាមួយកូនរបស់អ្នកច្រើន គាត់ទំនងជានឹងមកជជែកជាមួយអ្នកពីក្តីកង្វល់នៅក្នុងចិត្តដែលទាក់ទងនឹងសម្ពាធពីមិត្តភ័ក្តិ។ បើកូនរបស់អ្នកហាក់មិនសប្បាយចិត្ត កុំព្យាយាមបង្ខំ តែព្យាយាមនិយាយលួងលោមឱ្យគាត់និយាយអំពីវា។ រំលឹកកូនរបស់អ្នកថា អ្នកនៅទីនោះដើម្បីស្តាប់ និងបារម្ភ ពីកង្វល់របស់គាត់។

កុមារដែលអាចទប់ទល់នឹងសម្ពាធពីមិត្តភ័ក្តិអវិជ្ជមានគឺជាអ្នកដែលមានអារម្មណ៍ខ្លាំងចំពោះខ្លួនឯងនិងទំនុកចិត្តក្នុងការនិយាយថា “ទេ”។ សូមជួយកូនរបស់អ្នកឱ្យមានមោទនភាពចំពោះខ្លួនឯង។ គោរពគុណសម្បត្ដិពិសេសរបស់កូនអ្នក។ ផ្តោតលើអ្វីដែលកូនរបស់អ្នកអាចធ្វើបាន អ្វីដែលកូនអ្នកពូកែ និងអ្វីដែលធ្វើឱ្យកូនអ្នកមានមោទនភាពចំពោះខ្លួនឯង។ កុំប្រៀបធៀបកូនរបស់អ្នកជាមួយមិត្តភ័ក្តិ បងប្អូនបង្កើត ឬខ្លួនអ្នកកាលពីក្មេង។

និយាយជជែកជាមួយគាត់អំពីអ្វីជាមិត្តល្អ។ សូមជួយកូនរបស់អ្នកឱ្យយល់ថា មិត្ដភក្ដិដែលដាក់សម្ពាធឱ្យគាត់ផឹក ឬប្រើគ្រឿងញៀន មិនមែនជាមិត្តភ័ក្ដិទាល់តែសោះ។ កូនអ្នកអាចមិនស្គាល់អំពីការរងសម្ពាធផ្លូវចិត្តពីមិត្តភក្តិ ហេតុនេះ សូមបំផុសគំនិតជាមួយកូនអំពីវិធីដែលគាត់អាចគ្រប់គ្រងសម្ពាធពីមិត្តភ័ក្តិ។ កាលណាកូនរបស់អ្នកត្រៀមខ្លួនកាន់តែច្រើន គាត់នឹងអាចគ្រប់គ្រងស្ថានការណ៍ដែលមានសម្ពាធធ្ងន់ធ្ងរ។ អ្នកអាចព្យាយាមលេង បែបសម្តែងជាមួយកូន ដើម្បីអនុវត្តការឆ្លើយថា ទេ! ចំពោះការបង្ខំពីមិត្តភក្តិឱ្យផឹក ឬ សេពគ្រឿងញៀន ឬ ចូលរួមសកម្មភាពផ្លូវភេទ ដើម្បីសម្តែងពីភាពពេញវ័យ ឬបញ្ជាក់ពីក្តីស្រលាញ់ ជាដើម។

សូមពិនិត្យ និងតាមដានអំពីសញ្ញា កាយវិការដែលមានការផ្លាស់ប្តូរនៅក្នុងអាកប្បកិរិយាធម្មតារបស់កូនអ្នក ជាពិសេសអាកប្បកិរិយាដែលផ្ទុយនឹងប្រព័ន្ធតម្លៃរបស់គ្រួសារអ្នក។ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាកំពុងតស៊ូជាមួយសម្ពាធពីមិត្តភ័ក្តិ សូមទាក់ទងអ្នកប្រឹក្សាក្នុងសាលា ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នក។

ប្រសិនបើអ្នកកំពុងរងសម្ពាធពីមិត្តភក្តិ៖

ជាឧទាហរណ៍ដែលច្រើនកើតមាន៖

១. មិត្តភ័ក្តិរបស់ខ្ញុំបានអញ្ជើញខ្ញុំចូលរួមពិធីជប់លៀង នៅឯឃ្លាំងដែលគេបោះបង់ចោលកាលពីយប់ថ្ងៃសុក្រ។ ខ្ញុំដឹងថានឹងមានគ្រឿងស្រវឹង និងមានអ្នកយកញ្ឆាមកជក់។ ខ្ញុំមិនផឹកគ្រឿងស្រវឹង និងមិនចង់សាកល្បងគ្រឿងញៀនទេ ប៉ុន្តែខ្ញុំមិនចង់ឱ្យគេគិតថា ខ្ញុំកំសាក អាញី មិនមែនជាបុរសក្លាហានស្គាល់សង្គម ជាដើម។

២. មិត្តខ្ញុំ ពីរបីអ្នក ចាប់ផ្តើមជក់បារី! ខ្ញុំមើលទៅដូចជាសង្ហារណាស់។ កាលពីសប្តាហ៍មុន មិត្តល្អបំផុតរបស់ខ្ញុំ ក៏បានជក់បារីដែរ ។

៣. មិត្តប្រុសខ្ញុំតែងតែអង្វរខ្ញុំឱ្យទៅដើរលេងជាមួយគាត់។ គាត់និយាយថា "មនុស្សគ្រប់គ្នាកំពុងរួមភេទ" ប៉ុន្តែខ្ញុំមិនទាន់ប្រាកដចិត្តថាគួរសម្រេចចិត្តរួមភេទដែរឬទេ។ ខ្ញុំស្រលាញ់មិត្តប្រុសខ្ញុំណាស់ ហើយមិត្តភក្តិរបស់ខ្ញុំទាំងអស់សុទ្ធតែមានដៃគូ និងបានរួមភេទហើយ។ ខ្ញុំពិតជាមិនចង់ឱ្យគាត់គិតថាខ្ញុំមិនស្រលាញ់គាត់ ហើយខ្ញុំខុសពីមិត្តភក្តិស្រីខ្ញុំដទៃទៀត។

ក្នុងករណីទាំងអស់នេះ ការសម្រេចចិត្តរបស់អ្នកពីការរងសម្ពាធពីមិត្តភ័ក្តិតាមរយៈការគិតពីលទ្ធផលដែលអាចកើតមានជាផលវិបាកយ៉ាងធំធេងដែលអ្នកមិនអាចគ្រប់គ្រងបាន៖

សម្រាប់ឧទាហរណ៍ទី១៖ ចុះបើមានប៉ូលីសចុះឃាត់ខ្លួនទាំងអស់គ្នា? តើឪពុកម្ដាយរបស់អ្នកនឹងមានប្រតិកម្មយ៉ាងណាពេលប៉ូលិសហៅពួកគាត់? តើការចាប់ខ្លួននឹងប៉ះពាល់ដល់ការចូលរៀននៅមហាវិទ្យាល័យ ឬកេរ្តិ៍ឈ្មោះរបស់អ្នកទៅអនាគតយ៉ាងដូចម្តេច? តើនរណាជាអ្នករងគ្រោះ និងឈឺចាប់បំផុត?

សម្រាប់ឧទាហរណ៍ទីពីរ៖ ផលនៃការជក់បារីអាក្រក់ប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នក រួមទាំងហានិភ័យនៃជំងឺសួត ជំងឺបេះដូង និងជំងឺមហារីក ជាដើម។ ការជក់បារីមិនបន្ថែមភាពអស្ចារ្យ ឬភាពសង្ហាររបស់អ្នកជាងមុននោះទេ។ វាអាចជក់ងាយពេកហើយ តែវាមិនអាចងាយនឹងបញ្ឈប់ឡើយ។

សម្រាប់ឧទាហរណ៍ទី៣៖ និយាយអំពីផលប៉ះពាល់រយៈពេលវែង អ្នកពិតជាត្រូវគិតទៅលើអ្វីដែលអ្នកនឹងធ្វើនៅក្នុងឧទាហរណ៍ទីបី។ ការរួមភេទសូម្បីតែមួយដងអាចធ្វើឱ្យអ្នកមានផ្ទៃពោះ។ អ្នកត្រូវតែផ្លាស់ប្តូរជីវិតរបស់អ្នកពីសិស្ស និស្សិត ទៅជាម្តាយ ឬឪពុកគេ។ តើអ្នកទទួលខុសត្រូវជីវិតមួយទៀតយ៉ាងដូចម្តេចបើអ្នកស្ថិតក្នុងវ័យសិក្សានៅឡើយ? តើអ្នកអាចទទួលខុសត្រូវរួចដែរឬទេប្រសិនបើដៃគូរអ្នកបោះបង់អ្នកចោល ឬក្រុមគ្រួសារមិនទទួលស្គាល់? ហើយចុះប្រសិនបើអ្នកឆ្លងជំងឺកាមរោគពីដៃគូ? តើអ្នកនឹងដោះស្រាយយ៉ាងណាប្រសិនបើអ្នកទៅធ្វើតេស្តរកឃើញថាកមានជំងឺប្រមេះ ឬមេរោគអេដស៍?

សូមចៀសផុតពីការសាកល្បងអ្វីដែលប៉ះពាល់ដល់អនាគតអ្នក បើទោះជាមិត្តអ្នកបានធ្វើវាក៏ដោយ!

អត្ថបទដោយ: RHAC

មតិយោបល់