រំលងម៉ឺនុយទំព័រ

តើរោគសញ្ញានៃជំងឺស្វាយមានអ្វីខ្លះ?

តើរោគសញ្ញានៃជំងឺស្វាយមានអ្វីខ្លះ?

ព័ត៌មានសុខភាពយុវវ័យ
67

រាល់កង្វល់អំពីសុខភាពបុរស ស្ត្រី សូមទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់រ៉ាក់តាមទូរស័ព្ទលេខ ០១០ ៨១២​៨១២ ឬ ០៨៩​​ ៣៣៣ ៩៩០ ឬ ០៨៨ ៧១០៧ ១០៧  ឬឆាតទៅបណ្តាញសង្គមហ្វេសប៊ុករ៉ាក់ ដោយឥតគិតថ្លៃ។

 ជំងឺស្វាយ គឺជាប្រភេទជំងឺកាមរោគដែលជាទូទៅ តែងត្រូវបានដឹង ស្ទើរគ្រប់បុគ្គលជាពិសេសក្នុងវ័យបន្តពូជ។ ទោះជាយ៉ាងណា មានរឿងជាច្រើនដែលយើងគួរតែស្វែងយល់អំពីជំងឺស្វាយនេះ!

យើងសូមចែករំលែកព័ត៌មានមួយជ្រុងនៃរោគសញ្ញានៃជំងឺស្វាយមកចែកជូនបងប្អូនទាំងអស់។

តើបងប្អូនដឹងទេថា ជំងឺស្វាយត្រូវបានបែងចែកជាប៉ុន្មានដំណាក់កាល? និងមានរោគសញ្ញាអ្វីខ្លះ?

ជំងឺស្វាយចែកចេញជាបីដំណាក់កាល ហើយរោគសញ្ញាដែលអ្នកមានគឺអាស្រ័យលើដំណាក់កាលនៃជំងឺដែលអ្នកកំពុងស្ថិតនៅ។ ប៉ុន្តែដំណាក់កាលអាចត្រួតលើគ្នា ហើយរោគសញ្ញាមិនតែងតែវិវត្តទៅតាមលំដាប់ដូចគ្នានោះទេ។ ម្យ៉ាងវិញទៀត អ្នកអាចមានការឆ្លងជំងឺកាមរោគហើយ តែអ្នកមិនមានសញ្ញាណាមួយនៃជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំ ក៏មាន។

ប៉ុន្តែទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ អ្នកនៅតែអាចចម្លងទៅដៃគូរួមភេទរបស់អ្នកបានដដែល។ ប្រសិន បើអ្នកគិតថាអ្នកមានមេរោគ ឬមានឱកាសក្នុងការឆ្លងរោគស្វាយ សូមទៅពិនិត្យ និងព្យាបាលភ្លាមៗ។

ដំណាក់កាលនៃរោគស្វាយត្រូវបានគេហៅថា "បឋម ឬតំបូង" "ទីពីរ និងដំណាក់កាលលាក់មុខ " និង "ទី៤ ឬដំណាក់កាលយឺតយ៉ាវ" ។ ខាងក្រោមនេះ គឺជាការចែករំលែកអំពីរោគសញ្ញាទៅតាមដំណាក់កាលនីមួយៗ។

រោគស្វាយដំបូង ឬដំណាក់កាលទី១

រោគសញ្ញាសម្រាប់ដំណាក់កាលដំបូងជាធម្មតាលេចឡើងពី ១០ ថ្ងៃទៅ ៣ ខែបន្ទាប់ពីអ្នកបានឆ្លងមេរោគស្វាយ។ អ្នក​អាច​សម្គាល់​ឃើញ​ថា​កូនកណ្តុរ​នៅ​ជិត​ក្រលៀន​របស់​អ្នក​រីក​ធំ​។ ជាទូទៅ រោគសញ្ញាដំបូងដែលអាចមើលឃើញនៃរោគស្វាយ គឺមានចំណុចដំបៅមួយ តែមិនឈឺចាប់​ នៅលើស្បែក (គ្រូពេទ្យហៅវាថាជា "chancre") ហើយវាក៏អាចវិវត្តទៅជាដំបៅច្រើន។ ជាធម្មតាវាលេចឡើងនៅកន្លែងដែលបាក់តេរីជ្រៀតចូលក្នុងខ្លួនរបស់អ្នក។ ដំបៅនោះមិនឈឺចាប់ទេ ហើយវាអាចលាក់នៅខាងក្នុងរន្ធគូថ ឬទ្វារមាសរបស់អ្នក។ អ្នកប្រហែលជាមិនដឹងថាអ្នកមានវាទេ។

បន្ទាប់មកដំបៅនោះនឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលប្រហែល ៣ ទៅ ៦ សប្តាហ៍។ ប៉ុន្តែនេះមិនមានន័យថាការឆ្លងបានបាត់ទៅវិញឡើយ។ វា​មាន​ន័យ​ថា​អ្នក​ហៀប​នឹង​ចូល​ដល់​ដំណាក់​កាល​ទី​ពីរ​នៃ​រោគ​ស្វាយ។

ដំណាក់កាលទី២នៃរោគស្វាយ

ប្រហែល ជា២ ទៅ ១០ សប្តាហ៍បន្ទាប់ពីដំណាក់កាលដំបូងលេចឡើង អ្នកអាចវិវត្តដូចខាងក្រោមៈ

  • កន្ទួល​លើ​ស្បែក​ដែល​បណ្តាល​ឱ្យ​មាន​ដំបៅ​តូចៗ​ពណ៌​ក្រហម​ត្នោត

  • មានដំបៅក្នុងមាត់ ទ្វារមាស ឬរន្ធគូថ

  • គ្រុន

  • ហើមកូនកណ្តុល

  • ស្រកទម្ងន់

  • ជ្រុះសក់

  • ឈឺក្បាល

  • អស់កម្លាំងខ្លាំង

  • ឈឺសាច់ដុំ

ប្រសិនបើអ្នកមិនទទួលបានការព្យាបាលភ្លាមៗទេ រោគសញ្ញារបស់អ្នកនឹងបាត់ទៅវិញ រួចកើតវិញ ទៅមកៗ។ អាការៈនេះនឹងកើតឡើងរហូតដល់មួយឆ្នាំ។ ទោះបីជារោគសញ្ញារបស់អ្នកមិនត្រលប់មកវិញក៏ដោយ ការឆ្លងនៅតែមាននៅក្នុងខ្លួនរបស់អ្នក។ រោគស្វាយនឹងកាន់តែមានកម្រិតធ្ងន់ធ្ងរទៅៗ ហើយអ្នកនៅតែអាចឆ្លងដល់ដៃគូរួមភេទរបស់អ្នក។

ប្រសិនបើអ្នកមិនបានព្យាបាលរោគស្វាយដំណាក់កាលទីពីរទេ ជំងឺនេះអាចនឹងឈានទៅដល់ដំណាក់កាលមិនទាន់ឃើញច្បាស់(លាក់មុខ)។ មិនមែនគ្រប់គ្នាដែលមានរោគស្វាយនឹងឆ្លងកាត់ដំណាក់កាលនេះទេ។ ប្រសិនបើអ្នកមាន អ្នកនឹងមិនមានរោគសញ្ញាអ្វីទេ ប្រហែលជារាប់ឆ្នាំ។ ក្នុងករណីខ្លះ រោគសញ្ញានឹងមិនត្រលប់មកវិញទេ។ ប៉ុន្តែការឆ្លងក៏មិនបាត់ដែរ។ បាក់តេរីនៅតែមាននៅក្នុងខ្លួន។ ករណីមួយចំនួនអាចឈានទៅដល់ដំណាក់កាលទីបីនៃជំងឺ។

រោគស្វាយដំណាក់កាលទីបី

នេះគឺជាដំណាក់កាលចុងក្រោយ និងធ្ងន់ធ្ងរបំផុតនៃជំងឺស្វាយ។ វាអាចលេចឡើងពី ១០ ទៅ ៣០ ឆ្នាំបន្ទាប់ពីការឆ្លងដំបូង។ អ្នកអាចឈានទៅរកភាពខូចខាតនៃសរីរាង្គជាអចិន្ត្រៃយ៍ និងស្លាប់បាន។ ផលវិបាកដំណាក់កាលនេះអាចរួមមាន៖

  • បញ្ហាខួរក្បាល (សរសៃប្រសាទ)

  • ជំងឺដាច់សរសៃឈាមខួរក្បាល

  • ការឆ្លង និងការរលាកនៃភ្នាសជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង

  • ស្ពឹក

  • ថ្លង់

  • បញ្ហាមើលឃើញឬពិការភ្នែក

  • ការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ

  • ជំងឺវង្វេង

  • ជំងឺសរសៃឈាមបេះដូង

  • សរសៃឈាមអារទែ

  • ការរលាកនៃសរសៃឈាម ជាដើម

រោគសញ្ញានៃរោគស្វាយចំពោះទារក

អ្នកអាចចម្លងជំងឺកាមរោគនេះទៅកូនរបស់អ្នកដែលមិនទាន់កើត ឬដល់កូនរបស់អ្នកក្នុងអំឡុងពេលសម្រាល។ គ្រូពេទ្យហៅជំងឺនេះថា ជារោគស្វាយពីកំណើត។ បើ​មិន​បាន​ព្យាបាល​ទេ វា​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុងពេល​សម្រាល​កូន និង​ទារកអាចស្លាប់។

ទារកភាគច្រើនកើតមកដោយរោគស្វាយ មិនមានរោគសញ្ញាអ្វីឡើយ។ អ្នកខ្លះអាចមានកន្ទួលលើបាតដៃ ឬបាតជើង។ ជាយថាហេតុ ទារកអាចវិវត្តទៅជាផលវិបាកនៃសរីរាង្គជាច្រើន រួមមានៈ

  • ថ្លើមរីកធំ

  • ជំងឺខាន់លឿង

  • ការហូរសំបោរពីច្រមុះ

  • ហើមក្រពេញ

  • ភាពមិនប្រក្រតីនៃឆ្អឹង

  • បញ្ហាខួរក្បាល (សរសៃប្រសាទ) ជាដើម

សូមទៅជួបគ្រូពេទ្យជំនាញផ្នែកកុមារភ្លាមៗ ប្រសិនបើអ្នកសង្កេតឃើញថា កូនមានការហូរទឹករំអិលខុសពីធម្មតា ឈឺ ឬឡើងកន្ទួលនៅជិតក្រលៀន។

អត្ថបទដោយ: RHAC

មតិយោបល់