
តើមធ្យោបាយពន្យារកំណើត ដោយការដាក់កងនៅក្រោមស្បែក និងការដាក់កងក្នុងស្បូន មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច?
ការដាក់កងនៅក្រោមស្បែក និងការដាក់កងក្នុងស្បូន (IUDs) គឺជាវិធីសាស្ត្រគ្រប់គ្រងកំណើតប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ ឧបករណ៍តូចទាំង២ប្រភេទនេះត្រូវបានគេហៅថាជាមធ្យោបាយពន្យារកំណើតរយៈពេលយូរ (LARCs) ដែលអាចការពារមិនឱ្យមានផ្ទៃពោះបានរយៈពេលជាច្រើនឆ្នាំ។ នៅពេលដែលស្ត្រីជ្រើសរើសយកមធ្យោបាយមួយណាក្នុងចំណោម២នេះ ស្ត្រីមិនចាំបាច់ធ្វើអ្វីផ្សេងទៀតដើម្បីការពារការមានផ្ទៃពោះនោះទេ។
ភាពស្រដៀងគ្នានៃកងនៅក្រោមស្បែក និងការដាក់កងក្នុងស្បូន
ទាំងកងនៅក្រោមស្បែក និងការដាក់កងក្នុងស្បូនមានប្រសិទ្ធភាពខ្លាំងណាស់ ហើយឱកាសនៃការមានផ្ទៃពោះរបស់អ្នក គឺតិចជាង 1ភាគរយ ក្នុងឆ្នាំដំបូងដែលអ្នកប្រើវា។
ភាពដូចគ្នាបេះបិទរវាងកងនៅក្រោមស្បែក និងកងដាក់ក្នុងស្បូនមួយទៀត គឺវិធីសាស្ត្រក្នុងការដាក់ និងបញ្ឈប់ការប្រើប្រាស់។ ការដាក់បញ្ចូល និងដកវាចេញ ត្រូវអនុវត្តដោយអ្នកផ្តល់សេវា ក្រោយពីមានការប្រឹក្សាយោបល់ត្រឹមត្រូវ។ អ្នកមិនអាចធ្វើវាដោយខ្លួនឯងបានទេ។ នៅពេលដែលអ្នកបញ្ចប់ការប្រើប្រាស់មធ្យោបាយណាមួយក្នុងចំណោមទាំងពីរនេះ អ្នកអាចមានផ្ទៃពោះបានភ្លាមៗ។ មធ្យោបាយទាំង២នេះអាចមានតម្លៃថ្លៃជាងថ្នាំពន្យារកំណើតប្រភេទផ្សេងទៀតនៅពេលដែលអ្នកប្រើប្រាស់លើកដំបូង ប៉ុន្តែវាមានតម្លៃលើសពីពេលវេលា។
ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចងចាំថា មធ្យោបាយពន្យាកំណើតទាំងពីរនេះ មិនអាចការពារជំងឺកាមរោគ (STDs) បានទេ។
លក្ខណៈពិសេសផ្សេងគ្នានៃកងនៅក្រោមស្បែក និងកងដាក់ក្នុងស្បូន
កងដាក់ក្នុងស្បូន គឺជាឧបករណ៍រាងអក្សរ T តូចមួយដែលអ្នកផ្តល់សេវា ស៊កចូលទៅខាងក្នុងស្បូនរបស់អ្នក។ កងដាក់ក្នុងស្បូន មាន ២ ប្រភេទ គឺ កងដែលមានសារជាតិអ័រម៉ូន និងកងទង់ដែង (គ្មានជាតិអ័រម៉ុន)។
កងដែលមានអ័រម៉ូន បញ្ចេញជាតិអរម៉ូនប្រូសេស្តេរ៉ូនទៅក្នុងខ្លួនរបស់អ្នក។ វាការពារការមានគភ៌ដោយធ្វើឱ្យទឹករំអិលនៅក្នុងមាត់ស្បូនរបស់អ្នកឡើងខាប់ ក្រាស់ មិនអាចឱ្យមេជីវិតឈ្មោលហែលឆ្លងកាត់បាន វារារាំងអូវែរបស់អ្នកមិនឱ្យបញ្ចេញពង និងការពារស៊ុតមិនឱ្យភ្ជាប់នឹងស្រទាប់ភ្នាសខាងក្នុងនៃស្បូនដើម្បីបង្កកំណើត។ កងទង់ដែងត្រូវបានរុំដោយខ្សែស្ពាន់ស្តើងដែលជួយបង្អាក់មេជីវិតឈ្មោលមិនឱ្យជួបនឹងមេជីវិតញី ហើយក៏បង្អាក់មេជីវិតញី មិនឱ្យផ្លាស់ប្តូទីតាំងមកដើម្បីបង្កកំណើតក្នុងតួស្បូនផងដែរ។
កងនៅក្រោមស្បែក គឺជាបំពង់តូចមួយដែលមានទំហំប៉ុនឈើគូសដែលអាចដាក់ ចូលទៅក្រោមស្បែកនៃក្រោមស្បែករបស់អ្នក។ វាបញ្ចេញជាតិអ័រម៉ូន ប្រូសេស្តេរ៉ូនតិចតួច ដើម្បីបញ្ឈប់អូវែរបស់អ្នកពីការបញ្ចេញពង ហើយធ្វើឱ្យទឹករំអិលនៅក្នុងមាត់ស្បូនក្រាស់ពេកសម្រាប់មេជីវិតឈ្មោលមិនអាចឆ្លងកាត់បាន។
តើមធ្យោបាយទាំង២នេះមានប្រសិទ្ធិភាពរយៈពេលប៉ុន្មានដែរ?
មធ្យោបាយពន្យារកំណើតទាំង២ប្រភេទនេះ មានប្រសិទ្ធិភាពចន្លោះពី ៣ ទៅ ៧ ឆ្នាំ អាស្រ័យលើម៉ាកនៃផលិតផល។ កងនៅក្រោមស្បែក អាចប្រើបានរហូតដល់ទៅ ៣ ឆ្នាំ។ ចំណែកកងដាក់ស្បូនទង់ដែង មានប្រសិទ្ធិភាពបានរហូតដល់ ១០ ឆ្នាំ។
កងដាក់ក្នុងស្បូន ទង់ដែង ចាប់ផ្តើមមានប្រសិទ្ធិភាពភ្លាមៗនៅពេលដែលស៊កបញ្ចូលក្នុងស្បូនរួចរាល់ហើយនោះ។ ចំណែកឯប្រភេទកងមានជាតិអ័រម៉ូននឹងមានប្រសិទ្ធិភាពភ្លាមៗប្រសិនបើអ្នកដាក់វាក្នុងអំឡុងពេល ៧ ថ្ងៃដំបូងនៃការមករដូវ។ បើមិនដូច្នេះ អ្នកអាចប្រើពេលដល់ទៅ៧ថ្ងៃដើម្បីការពារការមានផ្ទៃពោះជាមុនសិន។
កងដាក់ក្រោមស្បែកមានប្រសិទ្ធិភាពភ្លាមៗ ប្រសិនបើអ្នកចាប់ផ្តើមដាក់ ក្នុងរយៈពេល ៥ ថ្ងៃដំបូងនៃការមករដូវ។ ប្រសិនបើអ្នកដាក់វាបន្ទាប់ពីនោះ អ្នកត្រូវប្រើស្រោមអនាម័យយ៉ាងហោចណាស់៧ ថ្ងៃក្រោយការដាក់ ដើម្បីកុំឱ្យមានគភ៌។
តើការដាក់កងប្រព្រឹត្តទៅយ៉ាងដូចម្តេច?
មុនពេលអ្នកប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយក្នុងចំណោម២នេះ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងធ្វើតេស្តរកជំងឺកាមរោគជាមុនសិន។ ការប្រើប្រាស់មធ្យោបាយណាមួយនៅពេលដែលអ្នកមានជំងឺកាមរោគអាចបង្កឱ្យមានជំងឺរលាកអាងត្រគាក ដែលជាការឆ្លងមេរោគធ្ងន់ធ្ងរ។ អ្នកផ្តល់សេវារបស់អ្នកក៏អាចធ្វើតេស្តការមានផ្ទៃពោះ ដើម្បីប្រាកដថាអ្នកមិនមានផ្ទៃពោះមុនពេលដាក់។
អ្នកផ្តល់សេវានឹងប្រើឧបករណ៍ពិសេសមួយដើម្បីស៊កកងចូលទៅតាមទ្វារមាស ទៅដល់មាត់ស្បូន និងស៊កចូលទៅក្នុងស្បូនរបស់អ្នក។ ជាធម្មតាវាចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ អ្នកអាចមានការរមួលក្រពើ ប៉ុន្តែត្រឹមតែមួយនាទី ឬពីរនាទីប៉ុណ្ណោះ។ កងនេះមានខ្សែភ្ជាប់ ដើម្បីឱ្យអ្នកផ្តល់សេវា អាចប្រើដើម្បីយកវាចេញនៅពេលដែលដល់អាយុកាលកំណត់ ឬអ្នកសម្រេចចិត្តដកវាចេញវិញ។
ចំណែកឯការដាក់កងនៅក្រោមស្បែកវិញ ដំបូងអ្នកផ្តល់សេវារបស់អ្នកនឹងចាក់ថ្នាំស្ពឹកនៅ ដើមដៃផ្នែកចំហៀងខាងក្រោម ដែលជាកន្លែងត្រូវស៊កកងចូលទៅ។ បន្ទាប់មកគាត់នឹងប្រើឧបករណ៍ពិសេសមួយដើម្បីដាក់ផ្សាំនៅក្រោមស្បែករបស់អ្នក។ វាចំណាយពេលតែពីរបីនាទីប៉ុណ្ណោះ ហើយមិនចាំបាច់មានការដេរនោះទេ។ បន្ទាប់មកអ្នកផ្តល់សេវា នឹងប្រាប់អ្នកពីរបៀបថែទាំស្បែកនៅតំបន់នោះ បន្ទាប់ពីអ្នកបានទទួលការផ្សាំ។
ជាធម្មតា អ្នកមិនអាចមើលឃើញកងនៅក្រោមស្បែករបស់អ្នកទេ ប៉ុន្តែអ្នកនឹងអាចដឹងវាដោយប្រើម្រាមដៃស្ទាបប៉ះវា។ កន្លែងនេះអាចឈឺរយៈពេលពីរបីថ្ងៃ ហើយស្នាមជាំអាចកើតឡើង។
តើការដាក់កងមានផលរំខានយ៉ាងដូចម្តេចខ្លះ?
បន្ទាប់ពីអ្នកដាក់កង ប្រភេទអ័រម៉ូន អ្នកអាចមានអាការៈរមួលក្រពើតិចៗ ហើយរដូវរបស់អ្នកអាចមានតិចជាងមុន។ ក្រៅពីនេះ ផលរំខានផ្សេងទៀតអាចមានដូចជា ការមករដូវមិនទៀងទាត់ និងការមករដូវអាចកើតមានឡើងធម្មតា ប៉ុន្តែជាធម្មតាបាត់ទៅវិញក្នុងរយៈពេលពី ៣ ទៅ ៦ ខែ។ ការដាក់កងគ្មានជាតិអ័រម៉ូន អាចបណ្តាលឱ្យមានការធ្លាក់ឈាមខ្លាំង រមួលក្រពើ ឬមានឈាមរដូវច្រើនជាង១ដងក្នុងខែ។
ចំណែកឯការដាក់កងនៅក្រោមស្បែកអាចធ្វើឱ្យអ្នកមានរដូវតិច ឬបាត់រដូវ ប៉ុន្តែវាជួយសម្រួលដល់ការរមួលក្រពើ និងការឈឺចាប់។ ផលរំខាននេះ ជាញឹកញាប់គឺអាចមាននៅក្នុងអំឡុងរយៈពេលពី ៦ ទៅ ១២ ខែដំបូង។ ផលរំខានផ្សេងទៀតអាចមានដូចជាឈឺក្បាល ការឡើងទម្ងន់ និងការផ្លាស់ប្តូរអារម្មណ៍អាចកើតឡើង ប៉ុន្តែវាមិនមែនជារឿងដែលតែងតែកើតមានជាទូទៅនោះឡើយ។
ការធ្លាក់ឈាមច្រើនមិនមែនជារឿងធម្មតាដែលកើតមាននៅពេលដែលអ្នកប្រើប្រាស់ការដាក់កងក្រោមស្បែកឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកជួបនឹងរឿងនេះ សូមតាមដានចំនួនបន្ទះសំឡីអនាម័យដែលអ្នកប្រើ ឬ សំឡីថាមផុង (tampons) ដែលអ្នកប្រើ ហើយទូរស័ព្ទទៅអ្នកផ្តល់សេវារបស់អ្នកភ្លាមៗដើម្បីពិភាក្សា។
សុវត្ថិភាពនៃការប្រើប្រាស់ការដាក់កង
ស្ត្រីស្ទើរតែទាំងអស់អាចប្រើប្រាស់មធ្យោបាយ ការដាក់កងទាំង២ប្រភេទនេះ រួមទាំងយុវវ័យ និងស្ត្រីដែលមិនទាន់មានកូន។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌមួយចំនួនដែលអ្នកផ្តល់សេវាមិនណែនាំស្ត្រី ឬយុវវ័យឱ្យប្រើប្រាស់។
អ្នកមិនគួរប្រើប្រាស់ការដាក់កង ប្រសិនបើអ្នក៖
- អ្នកមានការធ្លាក់ឈាម ប៉ុន្តែមិនមែនជាការមករដូវ
- មានជំងឺមហារីកមាត់ស្បូន ឬស្បូន
- មានមេរោគអេដស៍
- មានផ្ទៃពោះ ឬចង់មានផ្ទៃពោះ
- មានជំងឺមហារីកសុដន់
- មានដុំសាច់ថ្លើម
- ជំងឺថ្លើម
- ប្រឈមនឹងហានិភ័យនៃជំងឺកាមរោគ (STD) / ជំងឺរលាកអាងត្រគាក (PID)
- កាយវិភាគសាស្ត្រស្បូនមិនប្រក្រតី
កុំប្រើការដាក់កងក្រោមស្បែក ប្រសិនបើអ្នក៖
- មានផ្ទៃពោះ
- មានជំងឺថ្លើម
- ធ្លាប់មានជំងឺមហារីកសុដន់
- អ្នកមានការធ្លាក់ឈាម ប៉ុន្តែមិនមែនជាការមករដូវ
ប្រការដែលអ្នកគួរយល់ដឹងបន្ថែម៖
មានបញ្ហាកម្រខ្លាំងមួយចំនួនដែលអាចកើតមាន បន្ទាប់ពីអ្នកប្រើប្រាស់មធ្យោបាយដាក់កង។ កង អាចរុញចូលជញ្ជាំងស្បូនរបស់អ្នកនៅពេលដាក់។ ប្រសិនបើមានករណីបែបនេះកើតឡើង នៅពេលដែលអ្នកផ្តល់សេវារបស់អ្នកកំពុងដាក់វា គាត់នឹងអាចកែសម្រួលបានភ្លាមៗ។ ប្រសិនបើវាមិនត្រូវបានកែសម្រួលភ្លាមៗទេ កងនោះអាចបំផ្លាញសរីរាង្គក្បែរៗនោះ ដូច្នេះអ្នកផ្តល់សេវាត្រូវដកវាយកចេញមកវិញ។
មានករណីកម្រមួយទៀតគឺ អ្នកអាចនឹងមានផ្ទៃពោះនៅក្នុងពេលដែលអ្នកប្រើមធ្យោបាយពន្យារកំណើត ដាក់កង ។ អ្នកអាចមានឱកាសមានកូនក្រៅស្បូន។ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង ឬរមួលក្រពើនៅផ្នែកក្រោមពោះរយៈពេលលើសពីពីរបីនាទី សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ព្រោះអ្នកអាចត្រូវការជំនួយបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។
កងអាចចេញមកវិញដោយខ្លួនឯង ហេតុនេះអ្នកត្រូវទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នក៖
- មិនអាចមានអារម្មណ៍ថាខ្សែ កងនោះទេ។
- អាចមានអារម្មណ៍ថាកងនៅក្នុងមាត់ស្បូនរបស់អ្នក។
- មានសារធាតុរាវ ឬក្លិនចេញពីទ្វារមាសរបស់អ្នក។
- មានការឈឺចាប់ជាប់លាប់
ចំណែកឯការដាក់កងក្រោមស្បែកអាចផ្លាស់ទីនៅខាងក្នុងដៃរបស់អ្នក ឬចាប់ផ្តើមចេញមក ជាធម្មតានៅក្នុងខែដំបូងបន្ទាប់ពីអ្នកប្រើប្រាស់វា។ ប្រសិនបើអ្នកសម្គាល់ឃើញថា កងក្រោមស្បែករបស់អ្នកចេញមកក្រៅវិញ សូមចាប់ផ្តើមប្រើវិធីពន្យារកំណើតផ្សេងទៀតភ្លាមៗ ហើយទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
តើអ្នកបញ្ចប់ការប្រើប្រាស់មធ្យោបាយពន្យារកំណើត៖ការដាក់កងនេះដោយរបៀបណា?
វាអាស្រ័យលើប្រភេទកងដែលអ្នកប្រើ។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើ គឺអ្នកត្រូវទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីដកយកកងនោះចេញនៅពេលវាដល់អាយុកាលកំណត់ (៣ ទៅ ៧ ឆ្នាំសម្រាប់ប្រភេទកងមានសារជាតិអរម៉ូន និង ១០ឆ្នាំសម្រាប់កងប្រភេទទង់ដែង)។
ប្រសិនបើអ្នកប្រើប្រាស់ការដាក់កងក្រោមស្បែក សូមធ្វើការណាត់ជួបក្រោយរយៈពេល ៣ ឆ្នាំដើម្បីឱ្យអ្នកផ្តល់សេវារបស់អ្នកយកកងនោះចេញ។
នៅពេលដែលកង (ប្រភេទណាមួយក៏ដោយ) របស់អ្នកត្រូវបានដកចេញ អ្នកអាចប្តូរកងថ្មីភ្លាមៗប្រសិនបើអ្នកចង់បន្តការប្រើប្រាស់។
ព័តមានបន្តែមអំពីការប្រើប្រាស់ ឬការទទួលសេវាមធ្យោបាយពន្យាកំណើត សូមទាក់ទងមកទូរសព័្ទលេខ៖ 010 812 812, 089 333 990 និង 088 7 107 107
មតិយោបល់