
ជំនួបសម្តែងការគួរសម និងកិច្ចពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់អង្គការរ៉ាក់ ជាមួយឯកឧត្តមអភិបាល នៃគណអភិបាលខេត្តស្ទឹងត្រែង
ជំនួបប្រជុំពិភាក្សាជាមួយនឹងឯកឧត្តមសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាមួយតំណាងអង្គការរ៉ាក់ បានទទួលការគាំទ្រ លើដាក់ផែនការ និងការអនុវត្តគម្រោង/សកម្មភាពលើកកម្ពស់សុខភាពមាតា និងយុវវ័យតាមរយៈការផ្តល់នូវសិទ្ធិអំណាចដល់សហគមន៍ និងការពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតបឋម។
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រុមការងារអង្គការរ៉ាក់ ដឹកនាំដោយ លោកស្រី សេក ស៊ីសុខុម ទីប្រឹក្សាគៀងគរធនធាន និងគាំទ្រកម្មវិធី និងមានការចូលរួមពី លោកស្រី Kei Yoshidome ជាអ្នកជំនាញជាន់ខ្ពស់ និងសហការី របស់អង្គការ JOICEP មានឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងថ្មី ស្តីពីលើកកម្ពស់សុខភាពមាតា និងយុវវ័យតាមរយៈការផ្តល់នូវសិទ្ធិអំណាចដល់សហគមន៍ និងការពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតបឋមក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលនឹងអនុវត្តដោយអង្គការរ៉ាក់។ កិច្ចពិភាក្សានេះផ្តោតលើការជម្រាបជូនអំពីដំណើរការនៃការអនុវត្តគម្រោង និងសារៈសំខាន់នៃការទទួលបានការអន្តរាគមន៍ពីថ្នាក់ ដឹកនាំខេត្ត ចំពោះលទ្ធផលនៃគម្រោងនេះ។
នាឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបង្ហាញនូវសេចក្តីរីករាយ និងស្វាគមន៍ការអនុវត្តគម្រោងរយៈពេល៣ឆ្នាំ ជាពិសេសលើកកម្ពស់សុខភាពមាតា និងយុវវ័យនិងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្រិតបឋមក្នុងខេត្តស្ទឹងត្រែង។ ឯកឧត្តមបានមានផ្តល់អនុសាសន៍ដល់អ្នកជំនាញទាំងអស់ ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ឱ្យចូលរួមដោះស្រាយរបាំងវប្បធម៌ ការរៀបអាពាហ៍ពិពាហ៍នៅវ័យជំទង់ ការមានផ្ទៃពោះនៅវ័យជំទង់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមាតា និងទារកដែលអាចប្រឈមមរណភាពខ្ពស់ និងសំណូមពរឱ្យមន្ទីរពាក់ព័ន្ធទាំងអស់ និងមន្ទីរសុខភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ ធ្វើកិច្ចសហការឱ្យបានល្អបំផុត ដើម្បីជាប្រយោជន៍ និងជោគជ័យទាំងអស់គ្នា តាមរយៈការសហការជាមួយអង្គការរ៉ាក់។
លោកស្រី សេក ស៊ីសុខុម ក៏បានរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលអនុវត្តគម្រោងរបស់រ៉ាក់ ដំណោះស្រាយបញ្ហា និងយុទ្ឋសាស្ត្រតាមរយៈការលើកកម្ពស់លទ្ធភាព ទទួលបានសេវាថែទាំសុខភាពមាតាប្រកបដោយគុណភាព និងសេវាពន្យារកំណើតសម្រាប់ស្រ្តី និងក្មេងស្រីក្នុងខេត្តស្ទឹងត្រែង តាមរយៈយុទ្ធសាស្ត្រ ការពង្រឹងគុណភាពសេវាសុខភាពបន្តពូជនៅមណ្ឌលសុខភាព និងការដោះស្រាយរបាំងវប្បធម៌ និងសង្គមចំពោះអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ ដែលជាការប្តេជ្ញាចិត្តអទិភាពមួយរបស់រ៉ាក់ផងដេរ។ ចំណែកឯលោកស្រី Kei Yoshidome អ្នកជំនាញជាន់ខ្ពស់ និងជានាយកគម្រោងពីទីស្នាក់ការកណ្តាល JOICFP នៅទីក្រុងតូក្យូ បានថ្លែងថា កម្ពុជាជាប្រទេសសំខាន់នៅអាស៊ី និងសហការអនុវត្តការងារអស់រយៈកាល ៥៧ឆ្នាំមកហើយ ជាមួយនឹង អង្គការJOICFP ។ លោកស្រីបន្ថែមថា JOICFP ប្តេជ្ញាកែលម្អសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិស្ត្រី-ក្មេងស្រី ដោយធ្វើការនៅជាង ៤០ ប្រទេស ហើយប្រាកដណាស់ ប្រទេសកម្ពុជា គឺជាដៃគូសហការណ៍ដើម្បីលើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសសម្រាប់ស្ត្រី និងកុមារី។ ជាក់ស្តែងគម្រោងនាខេត្តស្ទឹងត្រែងនេះ ក៏ជាផ្នែកមួយនៃការអនុវត្ត និងសហការណ៍ដើម្បីលើកកម្ពស់សេវាសុខភាពមាតា-ទារក និងសេវាពន្យារកំណើតសម្រាប់ស្ត្រី ក្មេងស្រីវ័យជំទង់ និងជនជាតិភាគតិច ដែលប្រឈមបញ្ហាដូចជាការមានផ្ទៃពោះវ័យជំទង់ និងកង្វះសេវាថែទាំសុខភាពមាតា និងទារក និងសេវាពន្យារកំណើត។ លោកស្រីជឿជាក់ថា កិច្ចសហការនឹងនាំមកនូវលទ្ធផលជោគជ័យ។
មតិយោបល់