
ជម្នះភាពខ្មាសអៀន ដើម្បីទទួលបានចំណេះដឹងត្រឹមត្រូវ អំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ
ក្នុងការសិក្សាស្វែងយល់ដឹងអំពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ មិនមែនសម្រាប់ស្រ្តីដែលរៀបការ ឬមានដៃគូហើយនោះទេ ហើយក៏មិនមែនជារឿងអាសអាភាស ដូចការយល់ឃើញមួយចំនួននោះដែរ។ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ជាពិសេសយុវវ័យក្នុងវ័យបន្តពូជ គួរទទួលយកចំណេះដឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានប្រភពត្រឹមត្រូវ និងច្បាស់លាស់ ដោយមានទំនុកចិត្ត និងគ្មានការខ្មាសអៀននោះទេ ព្រោះចំណេះដឹងទាំងនេះ នឹងនាំឱ្យអ្នកអាចត្រៀមខ្លួនជាមុន និងការការពារខ្លួនពីការបង្ករោគតាមផ្លូវបន្តពូជផ្សេងៗ ដូចរឿងរ៉ាវខាងក្រោមនេះ៖
យុវតី លំអរ ពេជ្រ មានអាយុ ១៧ឆ្នាំ កំពុងរៀនថ្នាក់ទី១០ នៃវិទ្យាល័យមួយនៅខេត្តបាត់ដំបង។ នាងបានធំធាត់ និងពេញវ័យ ក្នុងសហគមន៍មួយដែលពុំសូវបើកចំហរលើការយល់ដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ។ យុវតី លំអរ ពេជ្រ មានអារម្មណ៍ខ្មាសអៀន និងគ្មានទំនុកចិត្ត ពេលនិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្ត ហើយពេលខ្លះ នាងបានធ្លាប់គិតថា៖ «ចំណេះដឹងអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តជារឿងអាសអាភាស » ។
នាងជាសិស្សដែលកំពុងរៀននៅក្នុងសាលារៀនដែលជាក្រុមគោលដៅក្នុងកម្មវិធីសុខភាពយុវវ័យរបស់អង្កការ រ៉ាក់ ហើយថ្ងៃមួយនាងបានចូលរួមក្រុមពិភាក្សាស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជជាមួយបុគ្គលិកអង្គការរ៉ាក់លើប្រធានបទ «ការបង្ករោគតាមផ្លូវបន្តពូជ និងជំងឺកាមរោគ» ។ នាងបានរំលឹកពេលវេលាមុននាងចូលរួម ក្រុមពិភាក្សាជាមួយរ៉ាក់ ដោយបានពោល៖ « ដំបូង ខ្ញុំមានអារម្មណ៍ខ្មាសអៀន ហើយបានគិតថាជារឿងអាសអាភាសដែលគ្មាននរណាម្នាក់គួរនិយាយរឿងនេះទេ ហើយមេរៀននេះសម្រាប់តែស្រ្តីមានគ្រួសារប៉ុណ្ណោះ »។ បន្ទាប់ពីបានចូលរួម និងយល់ដឹងពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នាងបានកែប្រែផ្នត់គំនិតអវិជ្ជមាន។ មិនតែប៉ុណ្ណោះ នាងបានយល់ដឹងអំពីការការពារ ការអនាម័យ និងរបៀបឆ្លងពីជំងឺដែលបង្ករោគនៅផ្លូវបន្តពូជ។ នាងបានបន្តថា៖ « ទោះបីជាពេលនេះខ្ញុំមិនទាន់មានគ្រួសារ ប៉ុន្តែចំណេះដឹងទាំងអស់នេះមានសារៈសំខាន់ដើម្បីឱ្យយើងចេះថែរក្សាសុខភាពខ្លួនឯង និងពេលមានដៃគូនៅពេលអនាគត។ មនុស្សគ្រប់រូប ជាពិសេសយុវវ័យដូចជាខ្ញុំ គួរតែសិក្សាស្វែងយល់ឱ្យបានច្រើនចៀសវាងពីការឆ្លង ឬកើតជំងឺកាមរោគជាដើម »។
ជាចុងក្រោយយុវតី លំអរ ពេជ្រ បានថ្លែងអំណរគុណបុគ្គលិករ៉ាក់ដែលបានចុះអប់រំផ្សព្វផ្សាយពីប្រធានបទសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងបានផ្តល់ព័ត៌មានកន្លែងដែលអាចផ្តល់សេវាប្រកដដោយវិជ្ជាជីវៈ និងសុវត្ថិភាពដល់សិស្សានុសិស្សនៅតាមសាលាឱ្យបានយល់ដឹង។ ជាក់ស្តែង សិស្សានុសិស្ស ឬយុវវ័យពេលជួបបញ្ហាសុខភាព ប៉ុន្តែមិនបានដឹងថាគួរតែប្រឹក្សា និងទទួលសេវានៅកន្លែងណានោះទេ។ ម្យ៉ាងទៀតនាងបានផ្តល់សារអប់រំ៖ « លើកទឹកចិត្តឱ្យយុវវ័យទាំងអស់គួរតែយកចិត្តទុកដាក់ស្វែងយល់អំពីចំណេះដឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជឱ្យបានត្រឹមត្រូវ និងជម្នះភាពខ្មាសអៀនក្នុងការទទួលបានព័ត៌មានពិត និងត្រឹមត្រូវ»។
មតិយោបល់