រំលងម៉ឺនុយទំព័រ

គោរពសិទ្ធិមនុស្ស គឺគោរពសិទ្ធិបុគ្គល

គោរពសិទ្ធិមនុស្ស គឺគោរពសិទ្ធិបុគ្គល

រឿងជោគជ័យ
32

គោរពខ្លួនឯង និងគោរពអ្នកដទៃដោយមិនប្រកាន់ភេទ ពណ៌សម្បុរ ជាតិសាសន៍ នោះសង្គមនឹងមានគ្មានការរើសអើង។ នេះគឺជាសម្តីរបស់រ៉ា ដែលបានលើកឡើងអំពីការគិតរបស់គាត់ សម្រាប់ខ្លួនឯង និងសម្រាប់សង្គម។

រ៉ា! គឺជាយុវវ័យដ៏មានភាពសកម្ម និងក្លាហានមួយរូប។ បើទោះជាគាត់កើតក្នុងគ្រួសារដែលមានស្ថានភាពក្រីក្រលំបាក គាត់នៅតែជំនះ និងភាពក្រក្សត់ រួមទាំងជំនះសង្គមអំពីការបង្ហាញអត្តសញ្ញាណយេនឌ័របស់ខ្លួនថែមទៀតផង។ សព្វថ្ងៃ រ៉ាបម្រើការងារជាបុគ្គលិកពេញម៉ោងវេនយប់នៅហាងលក់ទំនិញមួយកន្លែង នៅខេត្តកំពត ។ ទោះជាការងារ មានការលំបាក ក៏រ៉ាខិតខំប្រឹងប្រែង បំពេញការងាររបសខ្លួន និងបន្តមកអស់រយៈពេល៣ឆ្នាំមកហើយ។

ព្រោះតែស្ថានភាពគ្រួសារ រ៉ា បានឈប់រៀនតាំងពីថ្នាក់ទី ៧ម្ល៉េះ។ គាត់បានចែករំលែកនូវបទពិសោធន៍ជីវិត ដែលទទួលរងការរើសអើង លើនិន្នាការយេនឌ័របស់ខ្លួន។ “ក្នុងអំឡុងពេលដែលខ្ញុំធ្វើការឱ្យគេវាមិនងាយស្រួលឡើយសម្រាប់ក្មេងស្រីម្នាក់ដែលបានកែប្រែបុគ្គលិកលក្ខណៈខ្លួនឯងពីក្មេងស្រីទៅជាក្មេងប្រុស។ រូបរាងពីធម្មជាតិដែលបានផ្តល់ឱ្យខ្ញុំជាក្មេងស្រី តែខ្លួនខ្ញុំបានស្គាល់ខ្លួនឯងតាំងពីខ្ញុំអាយុ១៧ឆ្នាំមកម្លេះ ព្រោះអារម្មណ៍ខ្ញុំបានប្រាប់ខ្ញុំថា «ខ្ញុំជាក្មេងប្រុស»។ ខ្ញុំមានអារម្មណ៍ស្រឡាញ់មនុស្សស្រី ខ្ញុំចង់មានដៃគូ ជាមនុស្សស្រី។ តែទោះជាខ្ញុំបានស្គាល់ច្បាស់ពីខ្លួនឯងកម្រិតណា ក៏អ្នកនៅជុំវិញខ្ញុំគេមិនយល់ពីអារម្មណ៍ខ្ញុំឡើយ ពេលខ្លះពួកគេ (អ្នកធ្វើការថ្មីៗ អតិថិជនថ្មីៗ អ្នកជិតជិតខាង និងបងប្អូន) បានបង្ហាញពីអាកប្បកិរិយាមិនពេញចិត្ត រើសអើង និងសំឡឹងមើលមកខ្ញុំដូចជាមនុស្សម្នាក់ដែលខុសប្រក្រតី។ ពេលខ្លះខ្ញុំបានសួរខ្លួនឯងថា​ « ម្តេចបានម្នាក់ៗមើលមកខ្ញុំដូចជាមនុស្សចម្លែក ហើយហាក់ដូចជាមិនចង់ឱ្យកូនចៅរបស់ពួកគេមករាប់អានជាមួយខ្ញុំ? ខ្ញុំមិនយល់ទេ ស្រប​ពេលដែលខ្ញុំមានទឹកចិត្តល្អជាមួយពួកគេ ចង់រាប់អានពួកគេដោយទឹកចិត្តស្មោះសរ ហើយពេលខ្លះតើពួកគេមានដឹងទេថា ការម៉ាក់ងាយ និងរើសអើង រប់សពួកគេអាចធ្វើឱ្យខ្ញុំចង់គិតខ្លីម្តងៗ និងមិនចង់ទ្រាំរស់នៅក្នុងជីវិតបែបនេះទៀតទេ?» នេះគឺជាស្ថានភាពដែលរ៉ា តែងតែជួបប្រទះក្នុងសង្គមដែលប្រកបដោយការរើសអើងនេះ!

រ៉ា បានចែករំលែកអំពីការចងចាំដែលបំផ្លាញនូវទឹកចិត្តក្នុងអំឡុងពេលនៃយុវវ័យភាព របស់ខ្លួន។  រ៉ាបានបន្តរឿងនៅក្នុងជីវិតទៀតថា ខ្ញុំដែលខ្ញុំចាំមិនភ្លេចគឺ អ្នកជិតខាងខ្ញុំបានហៅថា «ខ្ទើយ» និងចំអកថា «គ្មានកំណើតទេ» ខ្ញុំបានយំជាខ្លាំង និងសួរខ្លួនឯង «ហេតុអ្វីបានជាមាក់ងាយខ្ញុំម្ល៉េះ?» ខ្ញុំខុសអ្វីគ្រាន់តែចង់ធ្វើតាមបេះដូងរបស់ខ្លួនឯងហ្នឹង​ ខ្ញុំធ្លាប់លួចស្អប់អ្នកនៅជុំវិញខ្លួនខ្ញុំ។ ចំណែកឯ ឪពុកម្តាយរបស់ខ្ញុំមិនអនុញ្ញាតឱ្យស្លៀកបំពាក់បែបប្រុសទេ ប៉ុន្តែយូរៗទៅពួកគាត់បានស្របតាមអ្វីដែលខ្ញុំចង់បាន”។

ទង្វើដែលមានឥទ្ធិពលបំផុតសម្រាប់ជីវិត គឺស្ថានភាពនៃការគាំទ្រពីគ្រួសាររបស់បុគ្គល។ ដូចគ្នាជាមួយនឹងរ៉ាដែរ។ បន្ទាប់ពីការបើកចិត្តទទួលស្គាល់អំពីរ៉ា ពីសំណាក់គ្រួសារ នោះគឺជាការបំបែករនាំងដ៏ធំបំផុតសម្រាប់អ្នកដែលមាននិន្នាការភេទចម្រុះ។ រ៉ាបានរៀបរាប់បន្តថា “ការទទួលស្គាល់ពីគ្រួសារ ជាពិសេសឪពុកម្តាយរបស់ខ្ញុំ គឺជាកម្លាំងចិត្តមួយសម្រាប់ខ្ញុំឱ្យគិតថា នឹងនៅតែបន្តមានក្តីសង្ឃឹមទៀតលើខ្លួនឯង ត្រូវបន្ថែមការស្រឡាញ់ខ្លួនឯងបន្ថែមទៀត ព្រោះថាបើគេស្អប់យើងជារឿងរបស់គេ តែយើងដាច់ខាតមិនត្រូវស្អប់ខ្លួនឯងទេ ហើយខ្ញុំជឿថាលើលោកនេះគឺមិនមែនមានតែអ្នកដែលស្អប់យើងទាំងអស់នោះទេ ផ្ទុយទៅវិញក៏ប្រហែលជាមានមនុស្សជាច្រើននាក់ទៀតដែលគេឱ្យតម្លៃយើង យល់ពីយើង ព្រមទទួលយើង និងមិនរើសអើងយើង។ ស្របពេលដែលជីវិតរបស់ខ្ញុំកំពុងតែបែងចែកមិនដាច់រវាងអ្នកដែលស្អប់យើង រើសអើងយើង មិនចូលចិត្តយើង ហើយវាពិតជាបានជះឥទ្ធិពលខ្លាំងណាស់មកលើផ្លូវចិត្តរបស់ខ្ញុំ

ការគាំទ្រដំណាក់កាលទី២ គឺជាការគាំទ្រដែលគួរទទួលបានក្នុងកម្រិតសង្គម។ រ៉ាអាចនៅទទួលរងនូវស្ថានភាពនៃការរើសអើងមួយចំនួន ប៉ុន្តែរ៉ា បានជំនះស្ថានភាពរើសអើងទាំងនេះ ហើយព្យាយាមក្នុងការក្លាយខ្លួនជាអ្នកស្វែងរកការគាំទ្រមតិ បញ្ឈប់ការរើសអើងលើអ្នកដែលមាននិន្នាការចម្រុះ លើកកម្ពស់គុណតម្លៃនៃចម្រុះភាពតាមរយៈ ការពង្រីកចំណេះដឹងស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិក្នុងសហគមន៍។ រ៉ាក៏បានបញ្ជាក់អំពីអារម្មណ៍របស់ខ្លួន​ នៅពេលដែលស្នើសុំការចូលរួមជាអ្នកស្ម័គចិត្តរបស់អង្គការរ៉ាក់។​ “ខ្ញុំ បានស្នើសុំចូលជាអ្នកស្មគ្រ័ចិត្តជាយុវជនបង្គោលជាមួយអង្គការរ៉ាក់នៅក្នុងឃុំរបស់ខ្ញុំ ពេលខ្ញុំស្នើសុំចូលជាអ្នកស្មគ្រ័ចិត្ត ខ្ញុំគ្មានសង្ឃឹមថាអាចបានចូលទេ ព្រោះខ្ញុំឈ​ប់រៀនត្រឹមថ្នាក់ទី៧ ហើយការតុបតែងខ្លួនរបស់ខ្ញុំស្រីមិនស្រី បុ្រសមិនប្រុស ខ្លាចគេរើសអើងខ្ញុំ តែផ្ទុយទៅវិញបុគ្គលិកអង្គការរ៉ាក់គាត់មានទឹកចិត្តល្អ មិនរើសអើងខ្ញុំទេ ថែមទាំងលើកទឹកចិត្តដល់ខ្ញុំជាច្រើន។ បន្ទាប់បានជាក្លាយជាយុវជនបង្គោលរ៉ាក់ ខ្ញុំទទួលបានការបណ្តុះបណ្តាលចំណេះដឹងស្តីអំពីសិទ្ធិផ្លូវភេទ យេនឌ័រ សុខភាពផ្លូវភេទ និងបន្តពូជ ក្នុងនោះរួមមានការកំណត់អត្តសញ្ញាណយេនឌ័រ ដែលធ្វើឱ្យខ្ញុំស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុន។ ខ្ញុំបានចុះអប់រំយុវវ័យតាមភូមិអំពីចំណេះដឹងសុខភាពផ្លូវភេទ សុខភាពពូជ និងសិទ្ធិ និងជាផ្នែកមួយដោះស្រាយបញ្ហាយុវវ័យតាមរយៈគម្រោងអនុវត្តជាមួយបណ្តាយយុវវ័យរ៉ាក់ដើម្បីសុខភាព។ នេះជាមោទនភាពមួយរបស់ខ្ញុំ!  ខ្ញុំសប្បាយចិត្តដែលស្គាល់ខ្លួនឯងជាងមុន ហើយមានមិត្តជាច្រើន និងគ្រួសាររបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំ បើកចិត្តទទួលយកការផ្លាស់ប្តូររបស់ខ្ញុំ។ ជាពិសេសទៅទៀតនោះគឺខ្ញុំមានដៃគូដ៏ល្អដែលនាងតែងតែលើកទឹកចិត្ត យល់ពីខ្ញុំ និងបានផ្តល់ក្តីស្រឡាញ់ដ៏ស្មោះចំពោះខ្ញុំយ៉ាងពិតប្រាកដ ហើយខ្ញុំនឹងមានគម្រោងភ្ជាប់ពាក្យនៅឆ្នាំក្រោយ

សង្គមដែលមានសុខដុមរមនីយកម្ម គឺជាសង្គមដែលមានសន្តិសុខ សុវត្ថិភាព និងមានការគោរព។ សាររបស់រ៉ាជាចុងក្រោយគឺ «សូមបញ្ឈប់រើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះពួកគេក៏មានសិទ្ធិដូចអ្នកដទៃដែរ»។

អត្ថបទដោយ: RHAC

មតិយោបល់