ការទុកចិត្តមិនមែនជាវិធីល្អក្នុងការបង្ការមេរោគអេដស៍នោះទេ ហើយ «គ្មាននរណាម្នាក់ចង់ជួបនូវរឿងបែបនេះទេ ប៉ុន្តែយើងមានដំណោះស្រាយកុំអស់សង្ឃឹម តស៊ូទៅមុខទៀត» នេះជាការលើកឡើងរបស់យុវជន លី ម៉េង
យុវជនមួយរូបវ័យខ្ទង់២០ឆ្នាំ រស់នៅខេត្តបាត់ដំបង បានលង់នឹងពាក្យលួងលោមរបស់ដៃគូរួមភេទដោយមិនប្រើស្រោមអនាម័យញឹកញាប់ រហូតឆ្លងមេរោគអេដស៍ ប៉ុន្តែគាត់មិនបានអស់សង្ឃឹមក្នុងជីវិតឡើយព្រោះគាត់ជឿថាអ្វីៗតែងមានដំណោះស្រាយជានិច្ចសម្រាប់គ្រប់គ្នា។
លី ម៉េង ជាឈ្មោះអ្នកនិពន្ធដាក់ឱ្យយុវជនរូបនេះ វ័យកាន់ច្រើន លី ម៉េង មានរូបរាងកាន់តែសង្ហា និងទាក់ទាញផងដែរ។ ក្នុងវ័យ១៩ឆ្នាំ លី ម៉េង ក៏បាប់ផ្ដើមមានស្នេហា ពេលនោះគាត់មិនទាន់ដឹងច្បាស់ពីការការពារខ្លួនពីមេរោគអេដស៍ និងជំងឺកាមរោគនៅឡើយ និងមានដៃគូរួមភេទច្រើនទៀងផង។
ដោយបានឃើញការផ្សព្វផ្សាយរបស់ហ្វេសប៊ុកផេកមិត្តល្អ លី ម៉េង បានទាក់ទងមកអ្នកផ្ដល់ប្រឹក្សាអនឡាញរបស់អង្គការរ៉ាក់។ លី ម៉េង បានស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ហើយជាលទ្ធផលនៅពេលនោះតេស្តមិនមានប្រតិកម្មមេរោគអេដស៍ទេ។ ទន្ទឹមនឹងលទ្ធផលអវិជ្ជមាន អ្នកប្រឹក្សាអនឡាញរបស់អង្គការរ៉ាក់ បានណែនាំឱ្យ លី ម៉េង ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវពេលរួមភេទ និងថាបើសិនជាមានដៃគូច្រើនគួរតែជ្រើសរើសប្រើថ្នាំប្រឹព។
លុះដល់ខែមីនា ឆ្នាំ២០២៤ លី ម៉េង បានទាក់ទងមកក្រុមការងារអង្គការរ៉ាក់ជាថ្មី ដើម្បីធ្វើតេស្តឈាមម្ដងទៀត បន្ទាប់ពីខ្លួនគេសង្ស័យថាអាចឆ្លងមេរោគអេដស៍ ដោយសារតែ មួយរយៈចុងក្រោយនេះ គាត់រួមភេទមិនបានប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវតាមការណែនាំនោះទេ។ បន្ទាប់ពីធ្វើតេស្តចុងម្រាមដៃ លទ្ធផលបង្ហាញថាតេស្តមេរោគអេដស៍មានប្រតិកម្ម ដែលជាលទ្ធផលមួយធ្វើឱ្យ លី ម៉េង សោកសៅជាខ្លាំង។ អ្នកប្រឹក្សាអនឡាញរបស់អង្គការរ៉ាក់ បានលើកទឹកចិត្ត និងណែនាំទៅធ្វើការបញ្ជាក់តេស្តនៅមន្ទីរពេទ្យបង្អែក និងទទួលលទ្ធផលតេស្តវិជ្ជមាន។ លី ម៉េង ឱ្យដឹងថា ខ្លួនបានរួមភេទជាមួយដៃគូដោយមិនបានប្រើប្រាស់ស្រោមអនាម័យនោះទេ ដោយហេតុថា ដៃគូតែងតែលួងលោម និងផ្ដល់ថវិកាខ្លះផង ជាថ្នូរនឹងការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ។
ដោយមានការលើកទឹកចិត្តពីគ្រូពេទ្យ និងអ្នកផ្ដល់ប្រឹក្សាអនឡាញរបស់អង្គការរ៉ាក់ លី ម៉េង អាចធ្វើចិត្តបាន និងបានទទួលថ្នាំប្រឆាំងមេរោគអេដស៍។ (អត្ថបទដោយ៖ ព្រីង សុខណា)
មតិយោបល់