កិច្ចសម្ភាសន៍អំពីសុខភាព-ការថែទាំផ្ទៃពោះ31 March, 2021ព័ត៌មាន56១. តើអ្វីទៅជាការថែទាំផ្ទៃពោះ?’ ការថែទាំផ្ទៃពោះជាការ៖ ជាការស្រាវជ្រាវរកកត្តាប្រឈមមុខមួយចំនួន និងស្រាវជ្រាវរកជំងឺមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់ស្រ្តី។ ប្រសិនបើរកឃើញសញ្ញាប្រឈមមុខទាំងនោះ យើងអាចជួយស្រ្តី និងឆ្លើយសំនួរទាំងឡាយដែលស្រ្តីចងដឹង និងផ្ដល់ដំបូន្មានដល់គាត់ក្នុងអំឡុងពេលមានផ្ទៃពោះផងដែរ។ ២. តើហេតុអ្វីបានជាស្ត្រីចាំបាច់ត្រូវទទួលសេវាថែទាំផ្ទៃពោះ? ក. បានទទួលនូវការអប់រំអំពី អាហារូបត្ថម្ភ លំហាត់ប្រាណរាងកាយ ការបំបៅដោះកូន និងការត្រៀមសម្ភារមួយចំនួនសម្រាប់ការសម្រាលផងដែរ។ ខ. ធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានសមស្រប និងទាន់ពេលវេលា ជាពិសេសជំងឺមួយចំនួនដែលមិនមានចេញរោគសញ្ញាដូចជា ស្វាយ អេដស៍ លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងភាពស្លេកស្លាំង។ គ. ស្រ្តីនឹងទទួលបានសារធាតុបន្ថែមដូចជា វីតាមីន ថ្នាំជាតិដែក និងការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ឃ. អាចដឹងពីសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងក្នុងកំឡុង ពេលមានផ្ទៃពោះ និងពេលសម្រាល ៣. តើការថែទាំផ្ទៃពោះគួរចាប់ផ្ដើមឡើងនៅពេលណា? ហើយប្រសើរបំផុតគួរពិនិត្យឱ្យបានប៉ុន្មានដង ក្នុងកំឡុងពេលមានផ្ទៃពោះ? ស្រ្តីគួរស្វែងរកសេវាថែទាំផ្ទៃពោះតាំងពីខែដំបូងក្រោយពេលបាត់រដូវ នៅមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគ្លីនិករ៉ាក់ ដែលនៅជិតគាត់។ ស្រ្តីគួរមកទទួលសេវាថែទាំផ្ទៃពោះជារៀងរាល់ខែឱ្យបានជាប់លាប់ ឬយ៉ាងហោចណាស់៤ដងក្នុងកំឡុងពេលមានផ្ទៃពោះ ៤. តើការថែទាំផ្ទៃពោះ គេពិនិត្យទៅលើអ្វីខ្លះ? ពិនិត្យសុខភាពទូទៅ ថ្លឹងទម្ងន់ វាស់កម្ដៅ វាស់សម្ពាធឈាម ពិនិត្យឈាមរកការកររោគផ្សេងៗ ជាតិស្ករដែលលើសក្នុងឈាម ការពិនិត្យទឹកនោមមើលជាតិប្រៃ កៀររំអិលទ្វារមាស ពិនិត្យមើលការកររោគដែលអាចបង្កហានិភ័យដល់ទារក និងស្រ្តីផង ដែរ។ ៥. តើការពិនិត្យអេកូក្នុងកំឡុងពេលមានផ្ទៃពោះមានផលប៉ះពាល់ដែរឬទេ? ហើយគួរពិនិត្យឱ្យបានប៉ុន្មានដង? ការពិនិត្យផ្ទៃពោះដោយការធ្វើអេកូសាស្រ្តមិនមានផលប៉ះពាល់ដល់ទារក និងស្រ្តីទេ។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោកយ៉ាងហោចណាស់ស្រ្តីគួរពិនិត្យផ្ទៃពោះដោយអេកូ ឱ្យបាន៣ដងក្នុងអំឡុងពេលមានផ្ទៃពោះ ពោលគឺនៅសប្ដាហ៍ទី ៨-១២ ,១២-២២ និង ២៨-៣២ នៃផ្ទៃពោះ។ ៦. តើមានជំងឺ ឬបញ្ហាប្រឈមអ្វីខ្លះដែលអាចកើតមានក្នុងកំឡុងពេលមានផ្ទៃពោះ? តាមលទ្ធផលនៃការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ឆ្នាំ២០១៤ បានបង្ហាញថាក្នុងចំណោមស្រ្តីមកទទួលការថែទាំផ្ទៃពោះទាំងអស់មានស្រ្តី ០.៤២% មានមេរោគស្វាយ ហើយស្ទើរតែ១០០%ដែលអាចចម្លងទៅកូននៅត្រីមាសទី១ និង២៣% អាចចម្លងទៅកូននៅត្រីមាសចុងក្រោយ។ ក្នុងចំណោមស្រ្តីមកទទួលការថែទាំផ្ទៃពោះទាំងអស់មានស្រ្តី ០.៦២%មានផ្ទុកមេរោគអេដស៍ហើយអាចចម្លងទៅកូនពេលពរពោះប្រហែល ៣៥%។ មានស្ត្រីពរពោះ ៣០-៤០%មានផ្ទុកមេរោគប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ហើយអាចចម្លងទៅកូនក្នុងពេលសម្រាលដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ទារកពីកំណើតដូចជារលាកភ្នែក និងរលាកសួតផងដែរ។ មាន ២០-៣០% មានជំងឺរលាកថ្លើមប្រភេទបេ ដែលអាចចម្លងទៅកូនក្នុងពេលសម្រាល។ មានជំងឺផ្សេងទៀតដែលអាចកើតមានឡើងក្នុងកំឡុងពេលមានផ្ទៃពោះនោះដែរដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ស្លេកស្លាំង និងជំងឺដែលអាចប្រឈមនឹងការសម្រាលមុនកំណត់។ ៧. អនុសាសន៍ ឬដំបូន្មានសម្រាប់ស្រ្តីមានផ្ទៃពោះ សម្រាប់ការសម្រាល និងការថែទាំក្រោយសម្រាល? ស្រ្តីត្រូវរកសេវាថែទាំផ្ទៃពោះឱ្យបានជាប់លាប់ជារៀងរាល់ខែ ឬយ៉ាងហោចណាស់៤ដង។ ស្ត្រីគួរទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលមានសុវត្ថិភាពទាំងម្ដាយ និងកូន។ បន្ទាប់ពីសម្រាលហើយគួរមកពិនិត្យសុខភាពឡើងវិញយ៉ាងហោចណាស់នៅ៤២ថ្ងៃក្រោយ។ ការពិនិត្យសុខភាពក្រោយសម្រាលអាចឱ្យស្រ្តីពិនិត្យសុខភាពផ្ទាល់ខ្លួន ទទួលបានការប្រឹក្សាពីការពន្យារកំណើត រួមនិងការចាក់វ៉ាក់សាំងដល់ទារកផងដែរ។ អត្ថបទដោយ: RHACមតិយោបល់