
ការចែចង់ និងការណាត់ជួប
ការចែចង់ និងការណាត់ជួបសំដៅទៅដល់អន្តរកម្មសង្គមជាមួយនឹងអ្នកដទៃដែលអាចក្លាយជាដៃគូស្នេហា ឬដៃគូរួមភេទ។ ទំនៀមទម្លាប់ និងការអនុវត្តទាក់ទងនឹងការចែចង់ និងការណាត់ជួប គឺខុសគ្នាយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ នៅក្នុងមជ្ឈដ្ឋានជាច្រើន ការចែចង់ និងការណាត់ជួបគឺជាទម្លាប់។ ទោះជាយ៉ាងណាមិនមែនវប្បធម៌ទាំងអស់សុទ្ធតែអនុវត្តការចែចង់ និងការណាត់ជួបនោះទេ ហើយមិនមែនមនុស្សទាំងអស់សុទ្ធតែចែចង់ និងណាត់ជួបគ្នានោះទេនៅក្នុងមជ្ឈដ្ឋានដែលមនុស្សមិនអាចណាត់ជួបជា លក្ខណៈបុគ្គលទេនោះ ពួកគេអាចនឹងស្វែងរកវិធីផ្សេងសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ដូចជាប្រព័ន្ធអ៊ិនធឹណេតជាដើម។ នៅក្នុងទីកន្លែងដែលការរៀបអាពាហ៍ពិពាហ៍បែបរៀបចំ គឺជារឿងទម្លាប់នោះ មនុស្សអាចនឹងរៀបការដោយមិនបានចែចង់ ឬណាត់ជួបគ្នាឡើយ គឺដោយសារឪពុកម្ដាយ (ឬសហគមន៍) អាចរៀបចំអាពាហ៍ពិពាហ៍ ឬកំណត់ពីដៃគូអាពាហ៍ពិពាហ៍សម្រាប់កូនរបស់ខ្លួន និងមានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយក្ដីស្រលាញ់។
តើការចែចង់ និងការណាត់ជួបផ្ដល់នូវអ្វីខ្លះ? ការចែចង់ និងការណាត់ជួបផ្ដល់ឱ្យមនុស្សនូវឱកាស អភិវឌ្ឍជំនាញទំនាក់ទំនងអន្តរបុគ្គល។ ជំនាញទាំងនេះរួមមានការទទួលស្គាល់ ការផ្ដល់កិត្តិយស និងការបង្ហាញពីអារម្មណ៍របស់ខ្លួន ការទទួលស្គាល់ពីអារម្មណ៍របស់អ្នកដទៃ និងការអភិវឌ្ឍនូវការយល់ដឹងពីអ្វីដែលគេឱ្យតម្លៃ និងចូលចិត្តចំពោះបុគ្គលម្នាក់ទៀត។ការចែចង់ និងការណាត់ជួបផ្ដល់ឱ្យមនុស្សនូវឱកាស នៃភាពមានដៃគូ និងបទពិសោធន៍ថ្មី និងដើម្បីស្គាល់ជាបណ្តើរៗនូវអ្នកដែលអាចក្លាយជាដៃគូស្នេហា ឬដៃគូរួមភេទ។
តើមនុស្សចាប់ផ្ដើមណាត់ជួប និងចែចង់នៅអាយុប៉ុន្មាន? អាយុដែលមនុស្សត្រូវដល់ពេលចាប់ផ្ដើមណាត់ជួបគ្នា គឺខុសគ្នាខ្លាំងពីមនុស្សម្នាក់ទៅម្នាក់ទៀត ពីវប្បធម៌មួយទៅវប្បធម៌មួយ និងពីសង្គមមួយទៅសង្គមមួយ។អាយុដែលឪពុកម្ដាយអនុញ្ញាតឱ្យមនុស្សវ័យក្មេងអាចចាប់ផ្ដើម ណាត់ជួប ឬចែចង់គ្នា ក៏ខុសគ្នាខ្លាំងដែរ ទាំងនៅក្នុងសហគមន៍នីមួយៗ និងពីសហគមន៍មួយទៅសហគមន៍មួយ និងពីវប្បធម៌ មួយទៅវប្បធម៌មួយទៀត។ មនុស្សពេញវ័យជាច្រើនក៏ណាត់ជួបគ្នាផងដែរ។
តើមនុស្សចែចង់ ណាត់ជួប និង“ចេញដើរលេងខាងក្រៅ” ជាមួយនរណា? ជាញឹកញាប់មនុស្សណាត់ជួបនឹងនរណាម្នាក់ដែលមានអាយុប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនមែនសុទ្ធតែបែបនេះគ្រប់ពេលវេលានោះទេ។ នៅក្នុងមជ្ឈដ្ឋានមួយចំនួន បុរសពេញវ័យស្វែងរកក្មេងស្រីជាដៃគូណាត់ជួប។ ភាពខុសគ្នាខាងអាយុនេះ ជាញឹកញាប់រួមចំណែកបង្កើតឱ្យមានការបែងចែកមិនស្មើគ្នានៃអំណាចនៅក្នុងទំនាក់ទំនងរបស់គេ ហើយមនុស្សអាចនឹងណាត់ជួបនរណាម្នាក់ដែលមានភេទដូចគ្នា ឬផ្សេងគ្នា។
តើការណាត់ជួប និងការចែចង់ចាប់ផ្ដើមតាមរបៀបណា? មនុស្សជួបគ្នាតាមវិធីជាច្រើន រាប់បញ្ចូលទាំងតាមរយៈសៀវភៅ សាលារៀន គ្រួសារ មិត្តភក្ដិជិតស្និទ្ធ បណ្ដាញសង្គម នៅក្នុងសហគមន៍ តាមប្រព័ន្ធអ៊ិនធឺណែត ឬកន្លែងផ្សេងទៀត។នៅក្នុងបរិបទជាច្រើននៃការរួមភេទរវាងមនុស្សភេទផ្ទុយគ្នា ក្មេងប្រុស និងបុរសពេញវ័យត្រូវបានរំពឹងថាជាអ្នកផ្ដួចផ្ដើមការណាត់ជួប។ ទោះជាយ៉ាងណា នៅក្នុងទីកន្លែងមួយចំនួន ការជួបជុំនេះមានលក្ខណៈធម្មតាហើយក្មេងស្រី និងស្ត្រីអាចផ្ដួចផ្ដើមការណាត់ជួបបាន។ មនុស្សជាច្រើនមានអារម្មណ៍ភ័យអរក្នុងការសុំនរណាម្នាក់ចេញទៅដើរលេងខាងក្រៅលើកដំបូង។
តើមនុស្សធ្វើអ្វីខ្លះពេលណាត់ជួប ឬជាផ្នែកមួយនៃការចែចង់? មនុស្សធ្វើខុសៗគ្នាពេលមានការណាត់ជួប។ ឧទាហរណ៍ ពួកគេអាចនឹងអង្គុយហើយជជែក ដើរលេង ឬជិះកង់កម្សាន្ត ទទួលទានកាហ្វេ ឬតែរួមគ្នា ទៅមើលកុន ចួលរួមព្រឹត្តិការណ៍សហគមន៍ ឬពិធីជប់លៀង ឬទៅសួរសុខទុក្ខមិត្តភក្ដិ ឬសមាជិកគ្រួសារ។មនុស្សពីរនាក់អាចធ្វើសកម្មភាពទាំងអស់នេះតែពីរនាក់ខ្លួនឯង ឬជាមួយនឹងក្រុមមិត្តភក្ដិច្រើនគ្នា ឬអមដំណើរសមាជិកគ្រួសារ ឬអ្នកថែទាំ។ ប្រពៃណីនេះហាក់បីដូចជាត្រូវបានកំណត់ដោយទំនៀមទម្លាប់ក្នុងតំបន់។មនុស្សមួយចំនួនចែចង់គ្នា អស់រយៈពេលយ៉ាងយូរ តាមអ៊ិនធឺណែត ឬមធ្យោបាយផ្សេងទៀតនៃការប្រាស្រ័យទាក់ទងគ្នា និងអាចមានអារម្មណ៍ងាយស្រួល រំភើប ភ័យអរ ឬតក់ក្រហល់ ចំពោះការណាត់ជួបជាមួយបុគ្គលណាម្នាក់។មនុស្សអាចនឹងណាត់ជួបគ្នាតែមួយលើក ឬក៏ពួកគេអាចនឹងបន្តណាត់ជួបគ្នា ឬចែចង់គ្នាក្នុងរយៈកាលជាច្រើនឆ្នាំទៀតផង និងអាចជាឱកាសក្នុងការកសាងការជឿទុកចិត្តគ្នា និងមិត្តភាព។ ឧទាហរណ៍ មនុស្សវ័យក្មេងអាចនឹងចែករំលែកនូវតម្លៃរបស់ខ្លួន ក្ដីសង្ឃឹម និងក្ដីសុបិនរបស់គេ ឬបទពិសោធន៍លំបាក ឬសេចក្ដីព្រួយបារម្ភដែលគេកំពុងតែប្រឈម។
តើការទាក់ទងផ្លូវភេទ ឬរាងកាយក្នុងលក្ខណៈជិតស្និទ្ធ គឺជាផ្នែកមួយនៃការណាត់ជួប ដែរឬទេ? ជួនកាល មនុស្សដែលកំពុងតែណាត់ជួបគ្នា យល់ថាពួកគេមានការទាក់ទាញខាងផ្នែករាងកាយទៅវិញទៅមកហើយទាំងពីរនាក់អាចចង់មានទំនាក់ទំនងខាងផ្លូវភេទ ដែលអាចរាប់បញ្ចូលទាំងការកាន់ដៃ ការថើប ការបបោស អង្អែល សកម្មភាពជិតស្និទ្ធផ្សេងទៀត។ក្នុងបរិបទនៃការជឿទុកចិត្ត ភាពមានអ្វីៗរួមគ្នា និងការគោរព ទង្វើបែបនេះអាចជារឿងអស្ចារ្យ និងគួរឱ្យរំភើបថែមទៀតផង។ ពួកគេអាចនឹងផ្ដល់ឱកាសដល់មនុស្សវ័យក្មេងឱ្យបានដឹងពីអារម្មណ៍ផ្លូវភេទ និងចម្លើយតបរបស់គេ។ សម្រាប់មនុស្សជាច្រើន ការចែករំលែកបទពិសោធន៍ផ្លូវភេទ តែងតែពាក់ព័ន្ធនឹងក្ដីស្រលាញ់ ភាពជិតស្និទ្ធនិងស្នេហា។សម្រាប់មនុស្សផ្សេងទៀត ស្នេហាមិនមែនសុទ្ធតែជាផ្នែកមួយនៃការរួមភេទនោះទេ។
មតិយោបល់