អ្នកស្រី ជា វិជ្ជរ៉ា អាយុ៣១ឆ្នាំ ជាគ្រូបង្រៀនមុខវិជ្ជាគោលគេហៈវិជ្ជានៃវិទ្យាល័យ មាសសុភាបានៀវ ដែលស្ថិតក្នុងឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ ក្នុងឆ្នាំ២០២២ អ្នកស្រីត្រូវបានគណៈគ្រប់គ្រងសាលាផ្តល់ឱកាសអ្នកស្រីបានទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការរ៉ាក់ស្តីពីការអប់រំសុខភាពរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ។ បន្ទាប់មកគណៈគ្រប់គ្រងសាលាបានរៀបចំឱ្យមានកាលវិភាគបង្រៀនប្រចាំសប្តាហ៍ ព្រមទាំងកម្មវិធីបំណែងចែកមុខវិជ្ជាប្រចាំឆ្នាំសម្រាប់មុខវិជ្ជាអប់រំសុខភាព ហើយអ្នកស្រីជាគ្រូម្នាក់ដែលបានបញ្ចាប់ចំណេះដឹងសុខភាពក្នុងចំណោមគ្រូដទៃទៀត។ អ្នកគ្រូបានបន្តទៀតថា «ខ្ញុំសប្បាយចិត្តដែលសិស្សជំនាន់នេះបានមានឱកាសទទួលបានចំណេះដឹងសុខភាពដោយមិនគិតថាជាសុខភាពរបស់មនុស្សស្រី ឬប្រុស និងទទួលចំណេះដឹងដោយគ្មានរើសអើងលើអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ » ព្រោះកាលពីខ្ញុំនៅក្មេង រហូតមកដល់បានរៀនចប់ក្លាយជាគ្រូបង្រៀនសូម្បីតែនិយាយពាក្យថា ប្រដាប់ភេទ ឬភាសាដែលទាក់ទងនិងរឿងផ្លូវភេទក៏មិនដែលហ៊ាននិយាយដែរ ព្រោះខ្ញុំបានយល់ថាមនុស្សស្រីមិនល្អនៅពេលនិយាយរឿងផ្លូវភេទ និងធ្វើឱ្យគេវាយតម្លៃយើងមិនល្អ»។ អ្នកស្រីបានកែប្រែផ្នត់គំនិតអវិជ្ជមាននេះបន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយ «រ៉ាក់» ស្តីពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ហើយអ្នកស្រីបានបង្រៀនសិស្សដោយផ្អែកលើមេរៀន និងពន្យល់សិស្សដោយមិនមានភាពខ្មាស់អៀន។ មេរៀននេះមានសារៈសំខាន់ដល់សិស្សឱ្យយល់ដឹងអំពី ភាពពេញវ័យ ការការពារពីការបង្ករោគ និងអនាម័យជាដើម។ សិស្សភាគច្រើនមានភាពខ្មាសអៀនមិនហ៊ាននិយាយអំពីរដូវ ឬសុបិន្តសើមទេ ប៉ុន្តែ បច្ចុប្បន្នពួកគេហ៊ាននិយាយឆ្លើយឆ្លងជាមួយគ្រូ ហ៊ានសួរនៅពេលមានចម្ងល់ ដោយមានទំនួលខុសត្រូវ និងទំនុកចិត្តលើសុខភាពខ្លួនឯង។
ខ្ញុំយល់ថាការសិក្សាពីអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយមិនមែនជារឿងអាសអាភាសនោះទេផ្ទុយទៅវិញវាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យព្រោះមនុស្សទាំងអស់សុទ្ធតែត្រូវឆ្លងកាត់រឿងផ្លូវភេទដូចគ្នា ហើយការដាក់បញ្ចូលឲ្យមានម៉ោងអប់រំសុខភាពសម្រាប់សិស្សានុសិស្សនៅតាមសាលាជារឿងល្អណាស់ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងនិងវិធីសាស្រ្តក្នុងការពារខ្លួនពីជំងឺឆ្លងផ្សេងៗ ព្រមទាំងការសម្រេចិត្តត្រឹមត្រូវទៅលើរឿងផ្លូវភេទរបស់ពួកគេនៅថ្ងៃអនាគត។ អរគុណក្រសួងអប់រំ យុវវ័យ និងកីឡា និងអង្គការរ៉ាក់ដែលបានបញ្ចូលមេរៀនអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ក្នុងមុខវិជ្ជាសុខភាពសិក្សា។
មតិយោបល់