រំលងម៉ឺនុយទំព័រ

method bank hero image

ស្វែងរកធនធាន

សេចក្តីផ្តើម

ប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន និងកំពុងកើនឡើងដល់ 30.18% នៃអាយុពី 0-14 ឆ្នាំ និង 17.28% នៃអាយុ 15-24 ឆ្នាំ ក្នុងនោះយុវជនដែលមានអាយុចន្លោះពី 10-24 ឆ្នាំមាន 35% នៃចំនួនប្រជាជនសរុប( )។ ប្រទេសកម្ពុជាក៏កំពុងឈានឆ្ពោះទៅកាន់ស្ថានភាពប្រជាសាស្រ្តមួយដែលធានាថា យុវវ័យមានការយល់ដឹងពីសុខភាពផ្លូវភេទ ការបន្តពូជ និងសិទ្ធិ (SRHR) របស់ខ្លួន ដើម្បីជម្រុញការផ្លាស់ប្តូរ ឥរិយាបថ និងអាកប្បកិរិយារបស់យុវវ័យជំនាន់ក្រោយ។ រ៉ាក់ទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ចំណេះដឹងដ៏ទូលំទូលាយ ដែលចាំបាច់សម្រាប់ការធ្វើការសម្រេចចិត្តពាក់ពន្ធ័នឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជរបស់យុវវ័យ ដើម្បីកាត់បន្ថយហានិភ័យ និងឱកាសនៃការឆ្លងជំងឺកាមរោគ មេរោគអេដស៍ ការមានផ្ទៃពោះដោយអចេតនា អំពើហិង្សាលើស្ត្រី និងកុមារ និងការរើសអើងចំពោះក្រុមអ្នកមាននិន្នាការចម្រុះ (SOGIESC)។ លើសពីនេះចំនួនជាមធ្យមនៃឆាំ្នដែលបានសិក្សា ក្នុងចំនោមក្មេងវ័យជំទង់ ដែលមានអាយុពី 15-19 ឆ្នាំគឺ 7.1ឆ្នាំសម្រាប់ស្ត្រី និងបុរសគឺ 6.7ឆ្នាំ ( )។ ភាគច្រើនយុវវ័យ មិនបានបញ្ចប់ថ្នាក់អនុវិទ្យាល័យឡើយ។ ហេតុនេះ យោងតាមទស្សនៈវិស័យអប់រំ ការដាក់បញ្ចូលការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីក្រុមអាយុវ័យក្មេង គឺជាយុទ្ធសាស្ត្រចំបងក្នុងការលើកកម្ពស់សុខមាលភាព សិទ្ធិ និងការអភិវឌ្ឍ។

កម្មវិធីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយរបស់រ៉ាក់ មានគោលបំណងបង្កើតកញ្ចប់ធនធានចំណេះដឹងឈានមុខគេ សម្រាប់អ្នកអប់រំ/គ្រូបង្រៀន និងយុវវ័យ/អ្នកសិក្សា ដើម្បីបង្កើតវេទិកា ដែលអាចឱ្យយុវវ័យពិភាក្សា ស្វែងយល់ពីអាកប្បកិរិយា និងតម្លៃរបស់ពួកគេលើប្រធានបទ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ។ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការកែលម្អការយល់ដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ យុវជនគួរទទួលបានការពង្រឹងភាពអង់អាចក្នុងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវអំពីសុខភាព និងសុខុមាលភាពផ្លូវភេទរបស់ពួកគេ។

cse team photo

ការប្តេជ្ញាចិត្តលើកកម្ពស់ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ របស់រ៉ាក់ គឺជាការរួមចំណែកក្នុងយុទ្ធសាស្រ្តចតុកោណកម្ពុជាដំណាក់កាលទី៤ និងគោលនយោបាយជាតិនៃប្រជាជន ឆ្នាំ 2016-2030 ហើយក៏ជាវិស័យអាទិភាពនៃផែនការយុទ្ធសាស្រ្ត 5 ឆ្នាំរបស់រ៉ាក់ផងដែរ ។ លើសពីនេះ កម្មវិធីនេះក៏ចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយរាជរដ្ឋាភិបាលប្រទេសកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ និង ក្របខណ្ឌ អន្តរជាតិដូចជាសន្និសិទ្ធិអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) និង អនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងស្រ្តីភេទ (CEDAW) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី3 ទី4 និង ទី5 ជុំវិញសុខភាព និងសុខុមាលភាពល្អ ការអប់រំប្រកបដោយគុណភាព និងសមភាពយេនឌ័រ។