រំលងម៉ឺនុយទំព័រ

អ្វីខ្លះដែលអ្នកគួរដឹងទាក់ទងនឹងការត្រៀមខ្លួន ឬការធ្វើតេស្តពិនិត្យរកភាពប្រែប្រួលនៃកោសិកាមាត់ស្បូន និងមហារីកមាត់ស្បូន?

អ្វីខ្លះដែលអ្នកគួរដឹងទាក់ទងនឹងការត្រៀមខ្លួន ឬការធ្វើតេស្តពិនិត្យរកភាពប្រែប្រួលនៃកោសិកាមាត់ស្បូន និងមហារីកមាត់ស្បូន?

ព័ត៌មានសុខភាពយុវវ័យ
361

តើមហារីកស្បូនគឺជាអ្វី? នៅពេលដែលមានកោសិកាមាត់ស្បូនដែលមើលទៅមិនធម្មតា ប៉ុន្តែមិនទាន់ក្លាយជាមហារីក វាត្រូវបានគេហៅថាមហារីកមាត់ស្បូន។ កោសិកាមិនធម្មតាទាំងនេះអាចជាសញ្ញាដំបូងនៃជំងឺមហារីកដែលនឹងវិវត្តន៍នៅច្រើនឆ្នាំបន្ទាប់។ មហារីកមាត់ស្បូនដំណាក់កាលដំបូង ជាធម្មតាមិនបង្កឱ្យមានការឈឺចាប់ ឬរោគសញ្ញាផ្សេងទៀតទេ។ វាត្រូវបានរកឃើញជាមួយនឹងការធ្វើតេស្តកៀររំអិលមាត់ស្បូន និងអាចបន្តធ្វើតេស្តផ្សេងទៀតដើម្បីបញ្ជាក់ច្បាស់។ ការធ្វើតេស្តកៀររំអិលមាត់ស្បូន អាចជួយការពារមហារីកមាត់ស្បូន ឬរកវាឱ្យឃើញទាន់ពេល។

ការធ្វើតេស្តពិនិត្យមាត់ស្បូន មានសារសំខាន់ណាស់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ។ ហេតុនេះ អ្នកដែលមានរាងកាយជាស្ត្រី គួរស្វែងយល់ពីព័ត៌មានជុំវិញបញ្ហានេះ!

យើងនឹងផ្តល់ព័ត៌មានងាយយល់នៅខាងក្រោមនេះសម្រាប់អ្នកទាំងអស់គ្នា!

មានមិត្តនារីមួយចំនួន មានចំងល់ថា តើយើងគួរត្រៀមខ្លួនអ្វីខ្លះមុនពេលទៅធ្វើតេស្តពិនិត្យមាត់ស្បូន?

ចម្លើយគឺ៖ អ្នកមិនចាំបាច់មានការរៀបចំពិសេសអ្វីមុនពេលអ្នកធ្វើតេស្តនោះឡើយ។

តែអ្នកអាចចៀសវាងទង្វើទាំងនេះដើម្បីប្រសិទ្ធិភាពនៃការធ្វើតេស្ត៖

  1. ប្រសិនបើអ្នកចង់ធ្វើតេស្តកៀររំអិលមាត់ស្បូន អ្នកគួរចៀសវាងការរួមភេទ២ថ្ងៃមុនពេលមកពិនិត្យ ប្រសិនបើអ្នករួមភេទនៅចន្លោះ២ថ្ងៃមុនពេលធ្វើតេស្ត សូមទៅជួបគ្រូពេទ្យតាមការគ្រោងទុកចុះ តែត្រូវជម្រាបពេទ្យឱ្យគាត់ដឹង។

  2. ចៀសវាងការប្រើឱសថលាប ឬសុលទ្វារមាស ឬផលិតផលលូកលាងក្នុងទ្វារមាសរយៈពេល ២ ថ្ងៃមុនពេលធ្វើតេស្ត។

  3. អ្នកគួរចៀសវាងការទៅធ្វើតេស្តក្នុងអំឡុងពេលមានរដូវ។

ហេតុអ្វីបានជាយើងចាំបាច់ត្រូវស្វែងរកការធ្វើតេស្តនេះ?

ការធ្វើតេស្ត ពិនិត្យមើលភាពប្រែប្រួលនៃកោសិកាមាត់ស្បូន និងវត្តមាននៃវីរុស HPV ដែលជាប្រភេទវីរុសបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន អ្នកអាចស្វែងយល់អំពីរបៀប និងមានភាពជាក់លាក់ខុសគ្នានៃការធ្វើតេស្តដូចខាងក្រោម៖

ក្នុងអំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងប្រើឧបករណ៍ផ្លាស្ទិច ឬលោហៈរាងជំពុះទា ដើម្បីបើកមើលខាងក្នុងទ្វារមាសរបស់អ្នក។ គ្រូពេទ្យពិនិត្យទ្វារមាស និងមាត់ស្បូន ហើយប្រមូលកោសិកា និងទឹករំអិលមួយចំនួនចេញពីមាត់ស្បូន និងតំបន់ជុំវិញនោះ។ កោសិកាត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍។ ការធ្វើតេស្តនេះ គឺហៅថា ការធ្វើតេស្តកៀររំអិលមាត់ស្បូន (PAP Smear)។ ការធ្វើតេស្តកៀររំអិលមាត់ស្បូន អាចរកឃើញអំពី៖ ១) ពិនិត្យមើលកោសិកាទាំងនោះថាមានការប្រែប្រួល ឬធម្មតា។ ២)​ តេស្តនេះក៏អាចរកឃើញវត្តមាននៃវីរុស HPV។ ប៉ុន្តែការធ្វើតេស្តនេះ អាស្រ័យលើការស្នើសុំ ឬការណែនាំរបស់ពេទ្យជំនាញ ថាតើ អ្នកគួរតេស្តរកលទ្ធផលតែមួយ ឬគួរមើលទាំង២។  អ្នកអាចស្វែងរកសេវាធ្វើតេស្តនេះនៅគ្លីនិករ៉ាក់ មន្ទីរពេទ្យ និងមន្ទីរពេទ្យជំនាញជាច្រើន។

វិធីមួយទៀតគឺ ជាការធ្វើតេស្ត VIA ការធ្វើតេស្តនេះ ជាការបន្តក់ទឹកថ្នាំដែលអាចមើលឃើញការប្រែប្រួលនៃកោសិកាមាត់ស្បូន។ ប៉ុន្តែវិធីនេះមិនអាចដឹងថា អ្នកមានវត្តមាននៃវីរុស HPV ឬអត់នោះទេ។ ហើយការធ្វើតេស្តនេះក៏មិនអាចធ្វើតេស្តបានលើគ្រប់នៃរាងកាយនៃមនុស្សស្រីដែរ ព្រោះវាអាស្រ័យលើលក្ខណៈនៃគែមមាត់ស្បូនរបស់បុគ្គលម្នាក់ៗ ជាដើម។

តើអ្នកគួរទៅពិនិត្យនៅពេលណា?

  1. ប្រសិនបើអ្នកមានអាយុពី ២១ ទៅ ២៩ ឆ្នាំ៖ អ្នកគួរតែចាប់ផ្តើមធ្វើតេស្តកៀររំអិល នៅអាយុ ២១ឆ្នាំ។ ប្រសិនបើលទ្ធផលតេស្តរបស់អ្នកធម្មតា គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកអាចរង់ចាំបីឆ្នាំក្រោយ ទើបគួរពិនិត្យម្តងទៀត។

  2. ប្រសិនបើអ្នកមានអាយុពី ៣០ ទៅ ៦៥ ឆ្នាំ៖ សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីជម្រើសតេស្តមួយណាដែលសាកសមសម្រាប់អ្នក។ អ្នកអាចធ្វើតេស្តពិនិត្យមើលកោសិកាទាំងនោះថាមានការប្រែប្រួលឬទេ ។ ហើយគ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកអាចរង់ចាំ បី ឆ្នាំរហូតដល់ការធ្វើតេស្តពិនិត្យបន្ទាប់។ ជាជម្រើសល្អអ្នកក៏អាចធ្វើតេស្តជម្រើសទាំង២ គឺមើលទាំងការប្រែប្រួលកោសិកាមាត់ស្បូន និងវត្តមាននៃមេរោគ HPV ដើម្បីសេចក្តីទុកចិត្ត។ ប្រសិនបើលទ្ធផលទាំងពីររបស់អ្នកមានលក្ខណៈធម្មតា គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកអាចរង់ចាំប្រាំឆ្នាំរហូតដល់ការធ្វើតេស្តពិនិត្យបន្ទាប់របស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសយកតែការធ្វើតេស្តមើលវត្តមាននៃវីរុស HPV ហើយលទ្ធផលធម្មតា គូ្រពេទ្យក៏អាចប្រាប់អ្នកថា អ្នកអាចរង់ចាំបី ទៅប្រាំឆ្នាំរហូតដល់ការធ្វើតេស្តបន្ទាប់។

ប្រសិនបើអ្នកមានអាយុលើសពី ៦៥ ឆ្នាំ៖ គ្រូពេទ្យរបស់អ្នកអាចប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវពិនិត្យទៀតទេ ប្រសិនបើ៖

  • អ្នកបានធ្វើតេស្តស្វែងរកការប្រែប្រួលកោសិកាមាត់ស្បូន យ៉ាងហោចណាស់បីដង ឬការធ្វើតេស្ត រកវត្តមាន វីរុស HPV ពីរដងក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ហើយលទ្ធផលតេស្តគឺធម្មតា ឬអវិជ្ជមាន និង

  • អ្នកមិនមានជំងឺមហារីកមាត់ស្បូនពីមុនមក ឬ

  • អ្នក​បានទទួលការវះ​កាត់មាត់​ស្បូនដែលជា​ផ្នែក​មួយ​មិន​មែន​ជា​មហារីក​ដូច​ជា​ដុំសាច់។

ប្រភព៖ ពិធីសារ គ្លីនិករ៉ាក់ និងអត្ថបទសុខភាព CDC

អត្ថបទដោយ: RHAC

មតិយោបល់