រំលងម៉ឺនុយទំព័រ

ប្រើប្រាស់សម្លេងរបស់អ្នកដើម្បីជួយបង្កើនសុខមាលភាពសហគមន៍យើង

ប្រើប្រាស់សម្លេងរបស់អ្នកដើម្បីជួយបង្កើនសុខមាលភាពសហគមន៍យើង

រឿងជោគជ័យ
251

“ខ្ញុំជឿថាសម្លេងរបស់ខ្ញុំក្នុងការចែករំលែកការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ ដល់យុវវ័យមានសារៈសំខាន់ណាស់ព្រោះក្មេងៗជំនាន់ក្រោយគឺជា​សសរស្តម្ភរបស់សង្គមជាតិ។ ពួកគេនឹងជាអ្នកបន្តវេនប្រើប្រាស់សម្លេងរបស់ពួកគេផ្សព្វផ្សាយបន្តក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល”

នេះគឺជាសំដីរបស់ស្រីល័ក្ខដែលជាយុវវ័យដ៏ក្លៀវក្លា និងសកម្មក្នុងការចូលរួមអភិវឌ្ឈន៍សហគមន៍របស់នាងតាមរយៈការចែករំលែកព័ត៌មាន និងចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិសម្រាប់យុវវ័យ។ ស្រីល័ក្ខបានចាប់ផ្តើមក្លាយជាយុវវ័យស័្មគចិត្តរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា “រ៉ាក់” ចាប់តាំងពីឆ្នាំ ២០២១ ពោលគឺចាប់តាំងពីនាងមានអាយុ ១៤ ឆ្នាំមកម្ល៉េះ។ យុវតីរូបនេះមានសុឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឈន៍ធនធានមនុស្ស និងសុខមាលភាពសហគមន៍ ជាពិសេសនៅស្រុកដងទង់ ខេត្តកំពត ដែលជាទឹកដីកំណើតរបស់នាង។ ស្រីល័ក្ខបានលើកឡើងថា “ខ្ញុំតែងតែបន្តក្តីសង្ឃឹម និងការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងការងារផ្សព្វផ្សាយការយល់ដឹងអំពីប្រធានបទសំខាន់ៗនៃការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយដល់យុវវ័យគ្រប់គ្នា ដើម្បីកសាងធនធានមនុស្ស ដែលមានទាំងសុខភាពរឹងមាំ និងចំណេះដឹងសម្រាប់អនាគតសហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ។ ការងារនេះមានសារៈសំខាន់សម្រាប់ខ្ញុំណាស់ ពីព្រោះប្រសិនបើខ្ញុំមានចំណេះដឹងនេះ ខ្ញុំអាចចែករំលែកវាដល់ក្មេងៗជំនាន់ក្រោយបាន ហើយក្មេងជំនាន់ក្រោយគឺជាសសរស្តម្ភរបស់សង្គម ពោលគឺ​នៅពេលដែលពួកគេមានចំណេះដឹងបែបនេះ ពួកគេអាចមើលថែសុខភាពខ្លួនឯងបាន ព្រមទាំងជាអ្នកចែករំលែកបន្តពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយមិនយូរមិនឆាប់ចំណេះដឹងទាំងនេះនឹងរីករាលដាលពេញប្រទេសជាតិរបស់យើង”។ ជាមួយនឹងការជំរុញលើកទឹកចិត្តឱ្យចូលរួមពីមិត្តភក្តិ និងក្រុមគ្រួសាររបស់នាង ដែលជាអ្នកដែលបានផ្តល់នូវអារម្មណ៍ជាវិជ្ជមាននៅក្នុងការស័្មគចិត្តនេះ ស្រីល័ក្ខបានក្លាយជាយុវតីដ៏ក្លាហានម្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ រហូតក្លាយជាយុវវ័យឆ្នើមដ៏ល្អឥតខ្ចោះមួយរូបសម្រាប់ការផ្សព្វផ្សាយនៅក្នុងសហគមន៍ ។ នាងបានបន្តទៀតថា “ខ្ញុំមានអារម្មណ៍ថាការធ្វើការងារជាមួយរ៉ាក់គឺជាការផ្តល់ឱកាសសម្រាប់ការកសាងទំនុកចិត្ត និងអភិវឌ្ឍន៍ជំនាញទំនាក់ទំនងអន្តរបុគ្គល រួមផ្សំជាមួយចំណេះដឹងផ្នែកសុខភាពផ្លូវភេទ ដែលអនុញ្ញាតឱ្យខ្ញុំបង្កើតផ្នត់គំនិត វិជ្ជមាននៅក្នុងសហគមន៍ កាត់បន្ថយឱបសគ្គនានាកន្លងមកពាក់ព័ន្ធនឹងការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ។ តួយ៉ាងបញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​ដែល​ខ្ញុំ​ជួប​ប្រទះ​គឺ​​ការ​រើសអើងពី​មនុស្ស​ចាស់ ​ដែល​គិត​ថា​ខ្ញុំ​នៅ​ក្មេង​ណាស់ពុំគួរផ្សព្វផ្សាយប្រធានបទទាក់ទងនឹងរឿងផ្លូវភេទបែបនេះឡើយ គួរតែ​ផ្តោត​លើ​ការ​សិក្សា​របស់ខ្លួនជាជាង​​។ ម្យ៉ាងវិញទៀតពួកគាត់គិតថា ខ្ញុំកំពុងបង្រៀនមេរៀនទាំងនេះ ដើម្បីឲ្យយុវវ័យផ្សេងទៀតគិតដូចខ្ញុំ ដើម្បីបង្ខូចក្មេងៗដទៃទៀតនៅក្នុងសហគមន៍ឱ្យជ្រួលជ្រើមពីរឿងផ្លូវភេទ។ ទោះបីជាយ៉ាងនេះក្តី ក៏ស្រីល័ក្ខមិនដែលរាថយពីកិច្ចការងារដ៏សំខាន់នេះដែរ។ ស្រីល័ក្ខបានបំពេញតួនាទីយ៉ាងល្អប្រសើក្នុងការឆ្លើយតប និងពន្យល់បកស្រាយនៅពេលដែលមានការភ័នច្រលំនានា ។ ទន្ទឹមនឹងនេះ ស្រីល័ក្ខក៏ធ្លាប់បានចូលរួមនៅក្នុងកម្មវិធីវិទ្យុ​ ដែលផ្តោតលើអំពើហិង្សាក្នុងគ្រួសារ និងសមភាពយេនឌ័រនៅកម្ពុជា ដែលជាប្រធានបទយ៉ាងសំខាន់នាពេលបច្ចុប្បន្ន។ នាងបានចែករំលែកនូវអ្វីដែលនាងទទួលបានពីការបណ្តុះបណ្តាលក្នុងនាមជាយុវវ័យបង្គោលរបស់រ៉ាក់ទាក់ទងនឹងអំពើហិង្សា និងយេនឌ័រទៅកាន់មិត្តអ្នកស្តាប់ជាមួយនឹងភាពជឿជាក់។ នាងបានអះអាងថា “ខ្ញុំជឿជាក់ថា ការបង្រៀនក្មេងស្រីថា ពួកគេមានសិទ្ធិការពារលើរាងកាយរបស់ពួកគេ និងសិទ្ធិក្នុងការរស់នៅដោយគ្មានការគំរាមកំហែងពីអំពើហិង្សាពីសមាជិកគ្រួសារ និងដៃគូស្នេហាជាដើម គឺជាការអប់រំដ៏ត្រឹមត្រូវបំផុត។ កិច្ចការទាំងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខ្ញុំក្នុងនាមជាអ្នកស្ម័គ្រចិត្តដោយផ្ទាល់បានយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើតនូវសង្គមមួយដែលមានសុខមាលភាព និងសមភាពយេនឌ័រជាងមុនសម្រាប់កម្ពុជាយើងផងដែរ។” ជាមួយស្នាមញញឹម នាងបានបញ្ចប់ថា៖ ​ខ្ញុំ​គិត​ថា​ការរួមគ្នា​ផ្សព្វផ្សាយ​ចំណេះដឹងអំពី​ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ​នេះ​ ពិសេសសមភាព​យេនឌ័រ ​ទៅកាន់​មនុស្ស​វ័យ​ក្មេងគឺ​ជា​រឿង​សំខាន់បំផុត ​ព្រោះ​ក្នុង​សង្គម​យើង​ត្រូវ​ការ​កិច្ចសហប្រតិបត្តិការ ក៏ដូចជាត្រូវការសម្លេងរបស់ពួកយើង​រួបរួមគ្នាទើបអាចអភិវឌ្ឍសង្គមមួយបាន។ ដូចដែលសុភាសិតខ្មែរបុរាណ​មួយពោលថា “ចង្កឹះតែមួយងាយនឹងកាច់បាក់ ចង្កឹះមួយបាច់គេកាច់មិនបាក់” សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនាំទៅរកភាពរុងរឿង និងសម្រេចជោគជ័យ។

អត្ថបទដោយ: RHAC

មតិយោបល់