ការលើកទឹកចិត្ត និងស្រឡាញ់អ្វីដែលជាខ្លួនឯង ជាជាងធ្វើគ្រប់យ៉ាងដើម្បីតែផ្គាប់ចិត្តអ្នកដ៏ទៃ។ នេះគឺជាសម្តីរបស់ឡាវី ដែលជាយុវជនបង្គោលរបស់អង្គការរ៉ាក់ នៅខេត្តសៀមរាប។ បូឡាវី ជាយុវតីដ៏ស្វាហាប់មួយរូប និងជាយុវតីដែលយល់ច្បាស់ថាចំណេះដឹងស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ គឺជាគ្រឹះនៃការចូលរួមក្នុងសង្គម កាត់បន្ថយការរើសអើស ការមាក់ងាយ និងទទួលស្គាល់តម្លៃនៃបុគ្គល និងចម្រុះភាព។ នៅក្នុងពាក្យថា ចម្រុះភាព ឡាវី មិនសំដៅតែនិន្នាការចម្រុះរបស់បុគ្គលតែមួយមុខនោះទេ ប៉ុន្តែ ជាចម្រុះភាពដែលគ្មានបទដ្ឋានកំណត់លើរូបភាពនៃរូបរាងកាយរបស់បុគ្គលម្នាក់ៗ។ ការណ៍ដែលឡាវីបានលើកឡើងអំពីបទដ្ឋាននេះ ព្រោះឡាវី ទទួលរងនូវការសើចចំអក និងមាក់ងាយលើរូបរាងកាយរបស់នាង ដែលនោះគឺជារឿងដែលមិនគួរកើតមាននៅក្នុងសង្គមសម័យកាលបច្ចុប្បន្ននោះឡើងយ។ ឡាវីបានរៀបរាប់ថា៖ ខ្ញុំមានអារម្មណ៍ឈឺចាប់បំផុតនៅពេលទទួលបានការរើសអើងពីអ្នកដទៃលើ ពណ៌សម្បុរពីកំណើតរបស់ខ្ញុំគឺខ្មៅស្រអែម ដែលសង្គមយើងបានភាគច្រើនឱ្យតម្លៃថា «មិនស្អាត»។ មានអ្នកដទៃបាននិយាយបង្អាប់លេងសើចចំអកដើម្បីជាការកម្សាន្តរបស់ពួកគេ ដោយពួកមិនបានខ្វល់ថា «ខ្ញុំអន់ចិត្ត ឬក៏ខឹងអ្វីនោះឡើយ»។ នាងខ្ញុំជួបបញ្ហានេះជារឿយៗ ហើយពេលខ្លះនាងខ្ញុំយកពាក្យសំដីរបស់គេមកគិតរហូតដល់ធ្វើឱ្យខ្លួនឯងមានជំងឺបាក់ទឹកចិត្តជាខ្លាំង និងបានសួរខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំមិនស្អាតដូចគេ»។ ខ្ញុំបានផ្តល់ឱកាសខ្លួនឯងជាច្រើនដងក្នុងការយកឈ្នះរាល់ពាក្យអវិជ្ជមានរបស់អ្នកដទៃ ប៉ុន្តែខ្ញុំនៅតែមិនអាចធ្វើបាន។
នាងខ្ញុំបានសាកល្បងម្តងទៀត និងមានភាពក្លាហានជាងមុនក្នុងការសម្រេចចិត្តក្លាយជាយុវជនបង្គោលរបស់អង្គការរ៉ាក់នៅពេល លោកមេឃុំបានផ្តល់ដំណឹងអំពីការជ្រើសរើសយុវវ័យបង្គោលប្រចាំឃុំរលួសចំនួនពីរនាក់។ ខ្ញុំបានរំពឹងថា ខ្ញុំនឹងបានស្គាល់មិត្តច្រើនជាងមុន យល់ដឹងអំពីសុខភាពសុខផ្លូវភេទ សុខភាពបន្តពូជ និងយកឱកាសនេះដើម្បីលើកទឹកចិត្តខ្លួនឱ្យរឹងមាំជាងមុនតាមរយៈការចុះអប់រំសុខភាពនៅសហគមន៍។ នាងខ្ញុំបានទទួលការលើកទឹកចិត្តពីបុគ្គលិករ៉ាក់ និងមិត្តជាច្រើនដែលពួកគេយល់អំពីខ្ញុំ ដោយមិនទុកខ្ញុំចោលនោះទេ។ ជាយុវវ័យបង្គោលរ៉ាក់ ខ្ញុំបានស្គាល់មនុស្សថ្មីៗ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ចុះគៀងគរយុវវ័យនៅតាមភូមិដើម្បីរៀបចំក្រុមពិភាក្សា ចូលរួមប្រជុំប្រចាំត្រីមាសដើម្បីលើកអំពីបញ្ហារបស់យុវវ័យ ដើម្បីរៀបចំញតិ្តដើម្បីស្វែងរកការគាំទ្រពីអាជ្ញាធរ ចូលរួមជាមួយបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព ដើម្បីរៀបចំគម្រោងសកម្មភាព និងអនុវត្តព្រឹត្តិការណ៍ផ្សេងៗនៅតាមសាលារៀន ឬនៅតាមទីសាធារណៈផងដែរ។ តាមរយៈសកម្មភាពទាំងអស់នេះ នាងខ្ញុំធ្វើការបានឆ្លុះបញ្ចាំងខ្លួនឯងថា មានក្មេងស្រីជាច្រើនដែលមានបញ្ហាប្រឈមនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ ការរើសអើងក្រុមដែលស្រឡាញ់ភេទដូចគ្នា រួមទាំងការរើសអើងពណ៌សម្បុរ។
ការចូលរួមជាយុវវ័យបង្គោលរបស់រ៉ាក់បានផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ឡាវីទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ឡាវីបានបន្តទៀតថា ខ្ញុំ សប្បាយចិត្តដែលបានក្លាយជាយុវវជននដែលមានសំឡេងអាចជួយពួកគេបានតាមរយៈចុះអប់រំ និងចូលរួមបង្កើតព្រឹត្តិការណ៍ជាមួយបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាពនៅក្នុងសហគមន៍ និងស្គាល់ខ្លួនឯងជាងមុនដោយមិនស្អប់ខ្លួនឯងដោយសារពណ៌សម្បុរទៀតឡើយ។ នាងខ្ញុំបានពន្យល់យុវវ័យដែលបានចូលវគ្គអប់រំថា «ការផ្សព្វផ្សាយស្តីពីចំណេះដឹងស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ ដើម្បីឱ្យយុវវ័យបានយល់ដឹង និងការការពារខ្លួនពីការចម្លងរោគផ្សេងៗ និងការបៀតបៀនណាមួយ...ឱ្យយុវវ័យចេះ សម្រេចចិត្ត និងស្គាល់ពីគុណតម្លៃរបស់ខ្លួនឯង»។ សម្រាប់ប្រពៃណីទំនៀមទំលាប់គឺល្អ ប៉ុន្តែសម្រាប់បញ្ហាសុខភាពសុខភាពផផ្លូវភេទ សុខភាពបន្តពូជ គួរយល់ដឹងឱ្យបានច្រើន ព្រោះការរស់នៅរបស់មនុស្សសម័យថ្មីមានភាពជឿនលឿនជាងមុន។ ទាំងនេះបានធ្វើឱ្យខ្ញុំមើលឃើញអំពីបញ្ហាសង្គមជាក់ស្តែង និងជួយដោះស្រាយតាមរយៈការចុះអប់រំយុវវ័យក្នុងសហគមន៍។
ទោះជាមានឧបសគ្គខ្លះពីការវាយតម្លៃ ពីសហគមន៍លើការងាររបស់នាង ឡាវីក៏នៅតែជំនះ និងបង្ហាញអំពីសក្តានុពលរបស់ខ្លួនក្នុងនាមយុវតី ចូលរួមអភិវឌ្ឈសហគមន៍។ ឡាវីបង្ហាញនូវសុឆន្ទៈក្នុងការចូលរួមការងារស្ម័គចិត្ត។ នាងបានលើកឡើងថា ខ្ញុំស្រឡាញ់ការងារស្ម័គ្រចិត្ត និងចូលរួមការងារសង្គមព្រោះសកម្មភាពទាំងនោះបានធ្វើឱ្យខ្ញុំស្វែងយល់អំពីខ្លួនឯង និងយកឈ្នះនូវរាល់ចំណុចអវិជ្ជមានដែលធ្វើឱ្យខ្ញុំបាក់ទឹកចិត្ត ព្រោះគ្មាននរណាម្នាក់ល្អគ្រប់ដប់ទាំងអស់នោះទេ សំខាន់ការកំណត់តម្លៃ ការគោរពគ្នាទៅវិញទៅមកដោយមិនប្រកាន់ពណ៌សម្បុរ និងប្រកាន់អ្នកស្រឡាញ់ភេទដូចគ្នា។ ខ្ញុំសូមថ្លែងអំណរគុណអង្គការរ៉ាក់ ដែលបានផ្តល់ឱកាសឱ្យខ្ញុំក្នុងការចូលរួមអប់រំយុវវ័យអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ដែលយុវវ័យភាគច្រើនមិនបានយល់ដឹងទូលំលាយ ដែលធ្វើឱ្យពួកគេមានបញ្ហាប្រឈមច្រើនលើសុខភាព។ ខ្ញុំនឹងនៅតែបន្តចុះអប់រំយុវវ័យ និងជាអ្នកតំណាងសំឡេងរបស់យុវវ័យក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ នាពេលអនាគតនាងខ្ញុំបើកហាងលក់នំបុ័ង និងកាហ្វេ ព្រមទាំងដាំដំណាំលក់ដែលជាជំនាញដែលនាងខ្ញុំចេះស្រាប់។
យើងត្រូវចេះស្រឡាញ់នូវអ្វីដែលយើងមាន កុំព្យាយាមយកសម្តីអ្នកដ៏ទៃមកគិតហើយធ្វើឱ្យយើងមិនសប្បាយចិត្ត បើកចិត្តទូលាយស្តាប់ហើយកែប្រែប្រសិនបើកែទៅមានផលល្អសម្រាប់យើង ហើយត្រូវគិតថាមនុស្សម្នាក់ៗមានភាពស្អាត ភាពល្អរៀងៗខ្លួន ចូរធ្វើអ្វីដែលត្រឹមត្រូវ នឹងកុំបាក់ទឹកចិត្តត្រូវរឹងមាំ ហើយគិតថាយើងអាចធ្វើបាន។ ឡាវីបានក្រើនរំលឹក!
មតិយោបល់