(ភ្នំពេញ)៖ សៀវភៅឯកសារស្តីពី «ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា» ត្រូវបានដាក់សម្ភោធជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។ នាឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ជាគណៈប្រតិភូ ដែលអញ្ជើញពីក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប តំណាងសាលាគរុកោសល្យខេត្តកំពត តំណាងម្ចាស់ជំនួយ RFSU តំណាងអង្គការដៃគូជាតិ និងអន្តរាជាតិ នាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដែលមានចំនួនសរុប ៩៤ រូប។
ជាមតិចំណាប់អារម្មណ៍ អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់ បានលើកអំពីសាវតានៃការងាររបស់អង្គការរ៉ាក់ដែលបានចូលរួមលើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសគឺក្នុងចំណោម ក្រុមជនងាយរងគ្រោះ ដែលមានយុវជន ស្ត្រី កុមារី អ្នកមាននិន្នាការភេទចម្រុះ និងក្រុមចំណុចជាច្រើនទៀត អស់រយៈកាល ៣០ឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា រ៉ាក់ ក្នុងការចាប់ផ្តើមធ្វើការងារលើសុខភាពយុវវ័យដំបូងគឺយកប្រធានបទអំពីការរាតត្បាតពីជំងឺអេដស៏ក្នុងអំឡុងឆ្នាំ១៩៩០ ដែលចំនួនអ្នកផ្ទុកមេរោគអេដស៏មានការកើនឡើងជាលំដាប់ក្នុងទស្សវត្សទី៩០ ជាពិសេសលើប្រជាជនវ័យក្មេង និងក្នុងតំបន់ទេសចរណ៏ ។
ក្នុងខែកក្កដា ឆ្នាំ ១៩៩៧ កម្មវិធីសុខភាពយុវវ័យរបស់រ៉ាក់ត្រូវបានបង្កើតឡើងនិងអនុវត្តដំបូងក្នុងខេត្តព្រសីហនុ ដោយយកបញ្ហាអេដស៏ជាចំណុចនាំមុខ ព្រោះទាំងមាតាបិតា អាជ្ញាធរ និង ខាងសុខាភិបាល អប់រំក៏មានការយល់ឃើញដូចគ្នាអំពីមហន្តរាយដែលបង្ករឡើងដោយជំងឺអេដស៏លើយុវវ័យ និងប្រជាជនខ្មែរ ។ ដោយសារ រ៉ាក់ជាអង្គការដែលយកចិត្តទុកដាក់ទៅលើទិដ្ឋភាពរួមរបស់យុវវ័យ រ៉ាក់តែងតែបញ្ចូលជាបណ្តើរៗនូវប្រធានបទដទៃទៀតដែលមានសារៈសំខាន់ដល់យុវវ័យ ដូចជា ជំងឺកាមរោគ ការរួមភេទដោយសុវត្ថិភាព ការការពារការមានផ្ទៃពោះដែលមិនចង់បាន ។ល។ នៅក្នុងឆ្នាំដំបូងៗ អង្គការរ៉ាក់បានយកកត្តាជំងឺ និងកត្តាជីវសាស្រ្ត ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់យុវវ័យ ។ ជាបណ្តើរៗអង្គការរ៉ាក់បានបញ្ចូលនូវកត្តាសង្គម ទំនៀមទំលាប់ដែលនាំអោយយុវវ័យមិនអាចការពារខ្លួនគេបានដោយសុវត្ថិភាពដូចជាបញ្ហាដែលកើតឡើងដោយសារទំនៀមទម្លាប់សង្គមមានមកលើយុវវតី សិទ្ធិរបស់បុគ្គលទាក់ទងទៅនឹងសុខភាពជាទូទៅ និងទាក់ទងទៅនឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ។
ចាប់ពីឆ្នាំ ១៩៩៧ មក រ៉ាក់បានធ្វើការទាំងនេះនៅក្នុងសាលា និងជាមួយយុវវ័យក្នុងភូមិជាច្រើន ក្នុងខេត្តនានាទូទាំងប្រទេសកម្ពុជា រាប់ទាំង មណ្ឌលគីរី ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង សៀមរាប កំពង់ស្ពឺ កំពត កំពង់សោម ក្រុងភ្នំពេញ មានអ្នកស្ម័គ្រចិត្តយុវវ័យរ៉ាក់ជាច្រើនបច្ចុប្បន្នបានក្លាយជាមន្ត្រីថ្នាក់ខ្ពស់ក្នុងការងារប្រទេស ។ សាលារាប់ពាន់បានធ្លាប់បានធ្វើការសហការណ៏ជាមួយរ៉ាក់ មានអ្នកស្ម័គ្រចិត្តយុវវ័យរាប់ពាន់នាក់ លោកគ្រូអ្នកគ្រូព្រមទាំងថ្នាក់ដឹកនាំសាលារាប់ពាន់នាក់ធ្លាប់បានចូលរួមធ្វើការងារសុខភាពយុវវ័យ ការងារបំណិនជីវិតយុវវ័យជាមួយអង្គការរ៉ាក់។
ក្នុងឆ្នាំ២០១០ រ៉ាក់ក្រោមកិច្ចផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពី RFSU បានពង្រីកកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទយុវវ័យ ដោយសហការជាមួយក្រសួងអប់រំ និងមន្ទីរអប់រំខេត្តកំពង់ស្ពឺ ។ យើងចាប់ផ្តើមបង្រៀនគ្រូក្នុងសាលា គ្រូចាប់ផ្តើមបង្រៀនយុវសិស្ស យើងបានធ្វើសិក្ខាសាលាជាមួយអជ្ញាធរមូលដ្ឋាននិងតំណាងមាតាបិតាក្នុងគោលបំណងអោយពួកគាត់យល់អំពីសារៈសំខាន់នៃការអប់រំសុខភាពបន្ទពូជ និងសុខភាពផ្លូវភេទយុវវ័យនិងក្នុងបំណងអោយមានបរិយាកាសគាំទ្រដល់សកម្មភាពអប់រំយុវវ័យនៅតាមភូមិដែលមិនមែនជាសិស្សសាលា ។
ដោយចលនាការយល់ដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ យុវវ័យមានការកើនឡើង និងដោយមានការដឹកនាំប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រទេសកម្ពុជាបានបង្កើតនិងបោះពុម្ភសៀវភៅបំណិនជីវិត សុខភាពផ្លូវភេទ សុខភាពបន្តពូជសម្រាប់សិស្សតាមកម្រិតថ្នាក់ក្នុងឆ្នាំ២០១៣ ។ ចាប់ពីពេលនោះមក ទាំងរ៉ាក់ ទាំងក្រសួងអប់រំ យុវជន និងកីឡា ទាំងដៃគូអភិវឌ្ឍន៏ដទៃទៀតជាពិសេស UNFPA បានពង្រីកការប្រើប្រាស់សៀវភៅបំណិនជីវិតនេះក្នុងសាលានិងក្រៅសាលា ។
ចាប់ពីឆ្នាំ ២០១៣ រ៉ាក់បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង RFSU ពង្រីកកម្មវិធីយុវវ័យទៅខេត្តកំពតដោយប្រើប្រាស់សៀវភៅបំណិនជីវិត ដោយបានធ្វើការក្នុងសាលាប្រមាណ ៣ ទៅ ៤ រយសាលានៅក្នុងខេត្ត និងនៅក្នុងភូមិ ។
ក្នុងឆ្នាំ ២០១៦ រ៉ាក់សហការណ៏ជាមួយក្រសួងអប់រំបានធ្វើការពិនិត្យឡើងវិញនូវភាពពេញលេញរបស់មេរៀនបំណិនជីវិត ដោយប្រៀបធៀបទៅនឹងមេរៀនអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយរបស់ UNESCO និងបានរៀបចំផែនការដើម្បីកែលម្អរសៀវភៅបំណិនជីវិត អោយមានភាពគ្រប់ជ្រុងជ្រយទៅតាមការណែនាំរបស់ UNESCO ។
ចាប់ពីឆ្នាំ ២០១៩ ដោយមានការយល់ដឹងកាន់តែទូលំទូលាយលើសារៈសំខាន់នៃការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ ដែលជាផ្លែផ្កាដែលប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងពីគ្រប់ភាគី និងក្រោមការដឹកនាំរបស់ក្រសួងអប់រំ ជាពិសេសតាមរយៈនាយកដ្ឋានសុខភាពសិក្សា រ៉ាក់បានសហការណ៏ជាមួយក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៏ដទៃទៀតផលិតសៀវភៅអប់រំសុខភាពតាមកម្រិតថ្នាក់ ដោយបានដាក់បញ្ចូលបន្ថែមដើម្បីអោយការអប់រំសុខភាពផ្លូវភេទនិងបន្តពូជមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ អ្វីដែលជាមោទភាពបន្ថែមទៀតនោះគឺក្រសួងអប់រំបានសម្រេចអោយប្រធានបទអប់រំសុខភាពទាំងនេះ ជាប្រធានបទសិក្សានិងមានការប្រឡងដូចប្រធានបទដទៃទៀតក្នុងសាលា ។
សៀវភៅឯកសារក្រោមចំណងជើងថា «ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា » ជាសក្ខីភាពនៃកិច្ចប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលយើងបានចងក្រងទុកជាអនុស្សាវរីយ៍នៃកិច្ចប្រឹងប្រែងរួមពីសំណាក់រាជរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៏អន្តរជាតិ ក៏ដូចសម្រាប់ចែករំលែកបទពិសោធន៏ទៅប្រទេសនានាដែលចង់បានការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ ។
នៅក្នុងសន្ទរកថាបើកកម្មវិធីនេះ លោកជំទាវ គឹម សេដ្ឋានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការរ៉ាក់ ដែលបានសហការរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីរំលេចឱ្យឃើញនូវសមិទ្ធផល ដែលកើតចេញពីកិច្ចសហការដ៏ល្អរវាងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទាពាក់ព័ន្ធនឹងសិទ្ធិ សុខភាពបន្តពូជ សុខភាពផ្លូវភេទដល់យុវវ័យនៅតាមគ្រឹះស្ថានសិក្សា។
លោកជំទាវ គឹម សេដ្ឋានី បានបន្ដថា ព្រឹត្តការណ៍ថ្ងៃនេះ ជាវឌ្ឍនភាពថ្មីមួយទៀត បន្ថែមលើសមិទ្ធផលនានា ដែលអង្គការរ៉ាក់ បានផ្ដល់នាពេលកន្លងមក រួមទាំងផ្នែកបច្ចេកទេស សម្ភារៈបរិក្ខារ និងថវិកាក្នុងការគាំទ្រសកម្មភាពនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការអប់រំបង្ការមេរោគអេដស៍ ជំងឺអេដស៍ ចាប់តាំងពីឆ្នាំ១៩៩៥មក ហើយជាអង្គការដៃគូសំខាន់មួយ ស្ថិតក្នុងចំណោមអង្គការដៃគូដទៃទៀត ដែលបានគាំទ្រការដាក់ការដាក់បញ្ចូល «ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ» ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅនៅព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលទាំងនេះ ជាសក្ខីកម្មពីការចូលរួមរបស់ដៃគូក្នុងការលើកកម្ពស់សុខភាពសិក្សានៅកម្ពុជា។
ជាការពិតណាស់ «ការលើកកម្ពស់សុខភាពសិក្សា» គឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកក្នុងការធានាបាននូវការសិក្សាប្រកបដោយគុណភាពនិងបង្កើនអត្រាបញ្ចប់ការសិក្សា ដើម្បីសម្រេចនូវគោលដៅនៃការអប់រំ។ ក្នុងន័យនេះហើយ បានជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សុខភាពសិក្សា ដោយបានដាក់ចេញជាសំណុំយុទ្ធសាស្រ្ត និងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សា និងសេវាកម្មសុខភាពនានា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព និងការផ្ដល់សេវាសុខភាពចាំបាច់ដល់អ្នកសិក្សា និងបុគ្គលិកអប់រំជាដំណាក់កាលទៅតាមការវិវត្តនៃសង្គមនិងសេដ្ឋកិច្ច។
បន្ថែមពីនេះ ជំទាវ គឹម សេដ្ឋានី បានបន្ដទៀតថា សមិទ្ធផលទាំងនេះ ជាកត្ដាជំរុញទឹកចិត្តយើងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រៀនសិស្សលើមុខវិជ្ជាអប់រំសុខភាពដល់អ្នកសិក្សាឱ្យបានយ៉ាងហោច ៣លាន ៥សែននាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនយ៉ាងហោច ៨ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ លោកជំទាវ ក៏សូមលើកទឹកចិត្តនិងអំពាវនាវដល់ដៃគូអភិវឌ្ឍនានា ដែលមានដូចជាអង្គការរ៉ាក់ និង មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជាដើម គ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធ បន្តការយកចិត្តទុកដាក់វិនិយោគ បន្ថែមទៀត ក្នុងការអនុវត្តមុខវិជ្ជាអប់រំសុខភាព ក៏ដូចជាការចូលរួមលើកកម្ពស់ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយឱ្យកាន់តែល្អប្រសើរនៅកម្ពុជា។
ជាថ្មីម្ដងទៀត លោកស្រី ក៏សូមថ្លែងអំណរគុណចំពោះគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ពិសេសអង្គការរ៉ាក់ ដែលបានជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តមុខវិជ្ជាអប់រំសុខភាព គ្រប់ជំហាននីមួយៗរួមមាន ក្របខណ្ឌកម្មវិធីសិក្សា ស្ដង់ដាកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត សៀវភៅសិក្សាគោល ការបោះពុម្ព ការបំប៉នគ្រូបង្រៀន និងការងារអធិការកិច្ចគុណភាពអប់រំ រហូតចងក្រងបាននូវកម្រងឯកសារសម្រាប់ធ្វើជាសក្ខីភាពនៃភាពជោគជ័យក្រោមចំណងជើងថា «ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា» ដែលយើងទាំងអស់គ្នាកំពុងដាក់សម្ពោធជាផ្លូវការនាថ្ងៃនេះ។ នាងខ្ញុំ សូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ សូមយកខ្លឹមសារនៃឯកសារនេះ ទៅផ្សព្វផ្សាយបន្តដល់គ្រប់ក្រុមគោលដៅ ក្នុងការលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាព ឱ្យកាន់តែផុលផុសបន្ថែមទៀត៕
នៅក្នុងសន្ទរកថាបិទ ដែលដឹកនាំដោយលោកជំទាវសឿ សុជាតា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្ត បង្កើនសុខមាលភាពមូលធនមនុស្សនៅកម្ពុជា ដែលជាអទិភាពមួយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា នីតិកាលទី៧ នេះ។
មតិយោបល់