សព្វថ្ងៃសុម៉ាលី មានអាយុ២០ឆ្នាំហើយ ហើយនាងចាប់ផ្ដើមដឹងអំពីការប្រឈមជាច្រើននៅពេលដែលនាងរៀបការនៅវ័យក្មេង។
សុម៉ាលីបានរៀបការតាំងតែនាងមានអាយុ១៧ឆ្នាំមកម៉្លេះ និងមានកូនស្រីអាយុ៦ខែម្នាក់នៅក្នុងបន្ទុក។ សុម៉ាលីរៀនបានត្រឹមតែថ្នាក់ទី១០ប៉ុណ្ណោះ ដោយសារតែជីវភាពគ្រួសារក្រីក្រពេក នាងត្រូវបង្ខំចិត្តឈប់រៀន ហើយរក ការងារធ្វើដើម្បីជួយគ្រួសារ។ ក្រោយពីឈប់រៀនបានមួយរយៈខ្លី នាងបានសម្រេចចិត្តរៀបការ ដោយគ្រាន់តែដឹងថានៅក្នុងភូមិឱ្យតែក្មេងស្រីពេញវ័យគឺត្រូវតែរៀបការ បើទោះជាពួកគេមានចំណេះដឹងតិចតួច ឬមិនទាន់មានមុខរបរមួយច្បាស់លាស់ក៏ដោយ។ ការរៀបការទាំងវ័យក្មេងនេះបានធ្វើឱ្យឆាកជីវិតរបស់នាងជួបប្រទះរឿងជាច្រើនដែលនាងមិនដែលធ្លាប់មានបទពិសោធន៍។ នាងមានតួនាទីជាប្រពន្ធ ជាម្តាយ និងមានការទទួលខុសត្រូវខ្ពស់សម្រាប់គ្រួសារ មើលថែទាំកូនតូច រួមទាំងសុខភាពខ្លួនឯងផងដែរ។ កាតព្វកិច្ចទាំងនេះ បង្ខំឱ្យនាងត្រូវ ប្រឈមពុះពារឧបសគ្គនិងបញ្ហាសព្វបែបយ៉ាងដោយខ្លួនឯង។
«...នៅពេលខ្ញុំមានផ្ទៃពោះ ខ្ញុំមិនដឹងថា តើខ្ញុំត្រូវទៅសាកសួរអ្នកណាឡើយ? ឬស្វែងរកចំណេះដឹងនោះដោយរបៀបណា? ខ្ញុំមិនហ៊ានសាកសួរទៅអ្នកដទៃអំពីសុខភាពរបស់ខ្ញុំនោះទេ។ ខ្ញុំមិនដឹងសូម្បីតែពីរបៀបថែទាំផ្ទៃពោះ និងសារៈសំខាន់នៃការពិនិត្យផ្ទៃពោះនោះទេ ខ្ញុំគ្រាន់តែដឹងថា ពេលមានផ្ទៃពោះគេឱ្យទៅពេទ្យ ហើយមិនដឹងថា ហេតុអ្វីបានជាស្រ្តីទាំងអស់ត្រូវជួបពិគ្រោះជាមួយពេទ្យនោះដែរ».... អ្វីដែលខ្ញុំភ័យខ្លាំងនោះគឺពេលសម្រាលកូន...ខ្ញុំភ័យខ្លាំងណាស់...គ្មាននរណាម្នាក់លើទឹកចិត្តខ្ញុំទេ...ក្រោយពីសម្រាលកូនរួចហើយទើបខ្ញុំមានអារម្មណ៍ធូរស្រាល ។»
បទពិសោធន៍រៀបការវ័យក្មេងដែលសុម៉ាលីបានឆ្លងកាត់ ពិតជាប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងព្រមទាំងមានសម្ពាធជាខ្លាំងដោយសារជីវភាពគ្រួសារមិនធូរធារ មិនមានចំណេះដឹងគ្រប់គ្រាន់លើការធ្វើផែនការគ្រួសារ បញ្ហាសុខភាពម្តាយនិងកូន ការថែទាំ និងអនាម័យដើម្បីសុខភាពវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តី និងដៃគូ។ សុម៉ាលីធ្លាប់បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននាងជាមួយមិត្តភក្តិជិតស្និតដែលនាងទុកចិត្ត ប៉ុន្តែពួកគេមិនជឿនាងឡើយ ដោយសារពួកគេគិតថាជិវិតបន្ទាប់ពីរៀបការគឺត្រូវជួបបញ្ហាជារឿងធម្មតាទេ។
ថ្ងៃមួយមាន យុវវ័យបង្គោលរ៉ាក់ បានចុះមកអប់រំផ្សព្វផ្សាយជាមួយយុវវ័យដែលបានឈប់រៀនចាប់ពីអាយុ១០ឆ្នាំ ដល់២៤ឆ្នាំនៅក្នុងភូមិរបស់នាង ពេលនោះនាងក៏បានឆ្លៀតចូលរួមក្នុងស្ដាប់ការអប់រំនោះដែរ បន្ទាប់ពីធ្វើកិច្ចការផ្ទះរួចរាល់។ អំឡុងពេលចូលរួម យុវវ័យបង្គោលរ៉ាក់បានចែករំលែកចំណេះ ដឹងលើការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ។ ព័ត៌មានទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយល់ដឹងពីស្ថានភាពជនរងគ្រោះ និងស្វែងរកជំនួយ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីជួយធ្វើអន្តរាគមន៍។ ចំណេះដឹងមួយទៀតដែលនាងបានទទួល គឺការថែទាំផ្ទៃពោះ។ សុម៉ាលីបាននិយាយថា «...ខ្ញុំក៏បានយល់ដឹងពីការថែទាំផ្ទៃពោះ និងមូលហេតុដែលយើងត្រូវទៅពិនិត្យផ្ទៃពោះយ៉ាងហោច៣ទៅ៤ដង នៅមណ្ឌលសុខភាព និងបានយល់ដឹងពីការត្រៀមជុំវិញកំណើត ព្រមទាំងសញ្ញាមួយចំនួនដែលប្រឈមនឹងគ្រោះថ្នាក់ ហើយត្រូវប្រញាប់ទៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់... ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានចូលរួមស្ដាប់ការអប់រំជាមួយយុវវ័យអង្គការរ៉ាក់ ព្រោះទាំងនេះខ្ញុំមិនបានធ្វើតាមដំបូន្មានរបស់គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួននោះទេ អំឡុងពេលពរពោះ...» ។ បន្ថែមពីនេះ នាងប្រាប់ថា «យុវវ័យបង្គោលរ៉ាក់ បានណែនាំខ្ញុំអំពីការប្រឹក្សាសុខភាពផ្លូវភេទ សុខភាពបបន្តពូជតាមរយៈលេខទូរសព្ទ សម្រាប់ប្រឹក្សាបញ្ហាសុខភាពរបស់អង្គការរ៉ាក់ និងទីតាំងមណ្ឌលសុខភាព ដែលអាចស្វែងរកសេវា និងការពិគ្រោះបាន។ ... ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលយុវវ័យបង្គោលរ៉ាក់បានចុះមកអប់រំនៅក្នុងភូមិខ្ញុំ ដើម្បីយុវវ័យជាច្រើនបានយល់ដឹង បានត្រៀមខ្លួន និងសម្រេចចិត្តក្នុងការធ្វើផែនការគ្រួសារ...។»
សុម៉ាលីធ្វើការក្រើនរំលឹកដល់យុវជនទាំងទ្បាយថា«សូមយុវវ័យទាំងអស់ខិតខំរៀនសូត្រ និងស្វែងយល់អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជឱ្យបានច្រើន ព្រោះចំណេះដឹងទាំងនេះអាចជួយអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវពីការជ្រើសរើសអនាគតជីវិតរបស់អ្នកថាត្រូវរៀបការពេលណា មានផែនការគ្រួសារ តើត្រូវការពារការចម្លងជំងឺកាមរោគ អំពើហិង្សា និងការបៀនបៀនយ៉ាងណា? ជាពិសេសអ្នកចាំបាច់គួរស្វែងយល់មុនពេលរៀបការ ពីរបៀបថែទាំផ្ទៃពោះ មុន និងក្រោយសម្រាល ដើម្បីឱ្យម្តាយ និងកូនមានសុខភាពល្អ។ល។»
មតិយោបល់