រំលងម៉ឺនុយទំព័រ

អត្ថប្រយោជន៍សុខភាពគួរឱ្យភ្ញាក់ផ្អើលទាំង ១០ នៃការរួមភេទ

អត្ថប្រយោជន៍សុខភាពគួរឱ្យភ្ញាក់ផ្អើលទាំង ១០ នៃការរួមភេទ

ព័ត៌មានសុខភាពយុវវ័យ
1098

នៅពេលដែលអ្នកឯកភាពធ្វើការរួមភេទ វាមិនត្រឹមតែនាំមកនូវអារម្មណ៍ល្អប៉ុណ្ណោះ វាថែមទាំងល្អសម្រាប់សុខភាពអ្នកផងដែរ។ នោះគេហៅថា ជីវិតផ្លូវភេទប្រកបដោយផាសុកភាពសម្រាប់អ្នក។

តើចំណុះវិជ្ជមានសម្រាប់សុខភាពនោះមានអ្វីខ្លះ? តស់មកបន្តអានអត្ថបទនេះទាំងអស់គ្នា។

ចំណុចវិជ្ជមានទី១៖ ជួយថែរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកមានស្ថេឱ្យរភាព

យោងតាមអ្នកជំនាញសុខភាពផ្លូវភេទលោកស្រីបណ្ឌិត អ៊ីវុន ខេហ៊្វុលប្រាយ បានលើកឡើងថា "អ្នកសកម្មនិងរឿងផ្លូវភេទ មានថ្ងៃដែលមានជំងឺតិចតួច" ។

អ្នក​ដែលមានការ​រួម​ភេទ មានការ​ការពារ​រាង​កាយ​​ប្រឆាំង​ក្នុងកម្រិតខ្ពស់ទៅនឹង​មេរោគ ផ្សិត ឬអតិសុខុមប្រាណដែលយាយីលើរាងកាយផ្សេងទៀត។ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ Pennsylvania បានរកឃើញថា និស្សិតមហាវិទ្យាល័យដែលរួមភេទម្តង ឬពីរដងក្នុងមួយសប្តាហ៍ មានកម្រិតខ្ពស់នៃអង្គបដិប្រាណជាក់លាក់មួយ បើធៀបទៅនឹងនិស្សិតដែលមិនរួមភេទញឹកញាប់។

ទោះជាយ៉ាងណា!មិនមែនអ្នកត្រូវតែរួមភេទ តែមួយមុខដើម្បីបង្កើន អង្គបដិប្រាណនោះទេ អ្នកក៏​គួរ​តែ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នកមានសុខភាពល្អផងដែរ​ដូច​ជា៖

  • ញ៉ាំឱ្យបានត្រឹមត្រូវ

  • រក្សាភាពសកម្ម (ការហាត់ប្រាណជាដើម)

  • គេងឱ្យបានគ្រប់គ្រាន់

  • បន្តការចាក់វ៉ាក់សាំងរបស់អ្នក

  • ប្រើស្រោមអនាម័យ ប្រសិនបើអ្នកមិនដឹងពីស្ថានភាពជំងឺកាមរោគរបស់អ្នក ឬដៃគូ

ចំណុចវិជ្ជមានទី២៖ បង្កើនចំណង់ផ្លូវភេទរបស់អ្នក (Libido)៖

ចង់បានជីវិតផ្លូវភេទដ៏រស់រវើកមែនទេ? យោងតាមសាស្ត្រាចារ្យឡូរែន ជាសាស្ត្រាចារ្យជំនួយ ផ្នែកសម្ភព និងរោគស្ត្រីនៅសាលាវេជ្ជសាស្ត្រ Feinberg នៃសាកលវិទ្យាល័យ Northwestern  បាននិយាយថា "ការរួមភេទនឹងធ្វើឱ្យអារម្មណ៍ផ្លូវភេទកាន់តែប្រសើរឡើង ហើយនឹងធ្វើឱ្យចំណង់ផ្លូវភេទរបស់អ្នកប្រសើរឡើងតាមនោះ" ។ សម្រាប់ស្រ្តី ការរួមភេទ នឹងធ្វើឱ្យមានកំណើននៃការផលិតទឹករំអិលទ្វារមាស លំហូរឈាមដើរបានល្អ និងភាពយឺតរបស់ទ្វារមាសមានភាពរស់រវើក ដែលរឹតតែធ្វើឱ្យអ្នកទទួលបានភាពស្រណុកសុខស្រួលកាន់តែប្រសើរជាងនេះ។

ចំណុចវិជ្ជមានទី៣៖ ធ្វើឱ្យប្រសើរឡើងនូវមុខងារប្លោកនោមរបស់ស្ត្រី

អាងត្រគាកដ៏រឹងមាំមានសារៈសំខាន់សម្រាប់ការការពារជំងឺលេចនោម ដែលជាជំងឺកើតឡើងលើនិងប៉ះពាល់លើសុខភាពស្ត្រីប្រហែល ៣០% នៅពេលណាមួយនៃជីវិតរបស់ខ្លួន។​ ការរួមភេទដ៏ល្អគឺដូចជាការហាត់ប្រាណសម្រាប់សាច់ដុំអាងត្រគាករបស់អ្នក។ នៅពេលអ្នកឈានដល់ចំណុចកំពូល វាធ្វើឱ្យមានការកន្ត្រាក់ និងពង្រឹងនៅក្នុងសាច់ដុំទាំងនោះ។

ចំណុចវិជ្ជមានទី៤៖ បន្ថយសម្ពាធឈាមរបស់អ្នក

យោងតាមលោក ចូសិប ជានាយកប្រតិបត្តិ និងជានាយកផ្នែកវេជ្ជសាស្រ្តនៃស្ថាប័ន Amai Wellness បាននិយាយថា ការស្រាវជ្រាវបង្ហាញពីទំនាក់ទំនងរវាងការរួមភេទ និងសម្ពាធឈាមទាប។ គាត់បានលើកឡើងថា "មានការសិក្សាជាច្រើន ហើយមានការសិក្សាមួយបានរកឃើញថា ការរួមភេទ (មិនរាប់បញ្ចូលលើការសម្រេចកាមដោយខ្លួនឯងនោះទេ) ជួយកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិក។ នោះជាលេខដំបូង ឬនៅលើគេនៅពេលធ្វើតេស្តសម្ពាធឈាមរបស់អ្នក។

ចំណុចវិជ្ជមានទី៥៖ ការរួមភេទគឺជាលំហាត់ប្រាណ

លោកភីនស្សូន បានបញ្ជាក់ថា "ការរួមភេទគឺជាទម្រង់នៃការធ្វើលំហាត់ប្រាណដ៏អស្ចារ្យ"។ វាមិនមែនជំនួសម៉ាស៊ីនហាត់ប្រាណនោះទេ ប៉ុន្តែវាពឹងផ្អែកលើដៃគូ។ រាងកាយរបស់អ្នក នឹងប្រើថាមពល ប្រហែលប្រាំកាឡូរីក្នុងមួយនាទី នៅពេលដែលអ្នករួមភេទ។ នោះមានន័យថាអ្នកប្រើកាឡូរី ច្រើនជាងការមើលទូរទស្សន៍ដល់ទៅបួនកាឡូរី។ ចលនាទាំងនោះកន្ទា្រក់និងធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកលោតឡើងខ្លាំង និងប្រើសាច់ដុំផ្សេងៗស្របពេលគ្នា។ លោកភីនស្សូន បានបន្តទៀត​ថា​ វាដូច​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដែរ ភាព​ស៊ីសង្វាក់​គ្នា​ជួយ​ឱ្យ​មាន​អត្ថប្រយោជន៍​ជា​អតិបរមាសម្រាប់សុខភាព ។

ហេតុនេះ!​ អ្នក​ប្រហែល​ជា​ចង់​កែសម្រួល​កាលវិភាគ​របស់​អ្នក​ដើម្បី​ប្រើ​ពេលវេលា​សម្រាប់​វា​ជា​ប្រចាំ។ តស់! ចាប់ផ្តើមហាត់ប្រាណ!

ចំណុចវិជ្ជមានទី៦៖ បន្ថយហានិភ័យគាំងបេះដូង

ជីវិតផ្លូវភេទ គឺល្អសម្រាប់បេះដូងរបស់អ្នក។ ក្រៅ​ពី​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បង្កើន​អត្រា​បេះដូង​របស់​អ្នក​ ការ​រួម​ភេទ​ក៏​ជួយ​រក្សា​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន និង​តេស្តូស្តេរ៉ូន​ឱ្យមានតុល្យភាព។ នៅ​ពេល​ណា​មួយដែលអ័រម៉ូនប្រភេទណាមួយមានការធ្លាក់ចុះ អ្នក​ចាប់​ផ្ដើម​មាន​បញ្ហា​ជា​ច្រើន​ដូចជា​ជំងឺ​ពុក​ឆ្អឹង និង​រាប់បញ្ចូលទាំង​ជំងឺ​បេះដូង​។ ការរួមភេទញឹកញាប់បន្តិចអាចជួយបាន។ ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការសិក្សាមួយ បុរសដែលរួមភេទយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ មានអត្រាស្លាប់ដោយជំងឺបេះដូងតិចជាងពាក់កណ្តាល ធៀបនឹងបុរសដែលកម្ររួមភេទ។

ចំណុចវិជ្ជមានទី៧៖ កាត់បន្ថយការឈឺចាប់

មុនពេលអ្នកឈានដល់ការលេបថ្នាំអាស្ពីរីន សូមសាកល្បង ការឈានដល់ចំណុចកំពូលសិន។ លោកបារ្រី ជាសាស្ត្រាចារ្យផ្នែកសេវាកម្មដ៏ល្បីនៅRutgers នៃសាកលវិទ្យាល័យរដ្ឋ New Jersey មានប្រសាសន៍ថា "ការឈានដល់ចំណុចកំពូលអាចរារាំងការឈឺចាប់" ។ វាបញ្ចេញអរម៉ូនដែលជួយបង្អាក់កម្រិតការឈឺចាប់របស់អ្នក។

ការបង្កើនអារម្មណ៍ផ្លូវភេទ បើទោះជាមិនដល់​ចំណុច​កំពូល​ក៏​អាចជួយ​បាន​ដែរ។ "យើងបានរកឃើញថាការរំញោចទ្វារមាសអាចទប់ស្កាត់ការឈឺខ្នង និងការឈឺជើងរ៉ាំរ៉ៃ ហើយស្ត្រីជាច្រើនបានបញ្ជាក់ថា ការរំញោចប្រដាប់បន្តពូជអាចកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ ឈឺសន្លាក់ ហើយក្នុងករណីខ្លះថែមអាចបំបាត់ទាំងការឈឺក្បាលផងដែរ" ។ នេះគឺជាការអះអាងរបស់លោក កុមីស៊ុរាក់ ជាអ្នកចិត្តសាស្ត្រជនជាតិអាមេរិកដ៏ល្បីល្បាញ។

ចំណុចវិជ្ជមានទី៨៖ កាត់បន្ថយជំងឺមហារីកក្រពេញប្រូស្តាត

ភាពស្រណុកស្រួលនៃរឿងផ្លូវភេទអាច​ជួយ​ការពារ​មហារីក​ក្រពេញ​ប្រូស្តាត។ បុរសដែលបញ្ចេញទឹកកាមញឹកញាប់ (យ៉ាងហោចណាស់ 21 ដងក្នុងមួយខែ) ទំនងជាមិនសូវកើតជំងឺមហារីកក្រពេញប្រូស្តាតទេ នេះគឺជាការរកឃើញក្នុងអំឡុងពេលការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of the American Medical Association។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវតែស្វែងរកដៃគូរួមភេទដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះទេ ព្រោះ ការ​រួម​ភេទ សុបិន្តសើម និង​សម្រេច​កាម​ដោយ​ខ្លួន​ឯង​គឺសុទ្ធតែអាចរាប់បញ្ចូលបាន។

បើទោះជា មិនមានភាពច្បាស់លាស់ណាមួយអាចអះអាងថា ការរួមភេទគឺជាហេតុផលតែមួយគត់ដែលមានសារៈសំខាន់នៅក្នុងការកាត់បន្ថយមហារីកក្រពេញប្រូស្តាតក៏ដោយ ហើយអាចមានកត្តាជាច្រើនដែលជំរុញហានិភ័យនៃជំងឺមហារីក ក៏វាគ្មានអ្វីខូចខាតនោះឡើយបើយើង បន្ថែមការរួមភេទគឺជាវិធីនៃការកាត់បន្ថយមួយក្នុងចំណោម វិធីផ្សេងទៀត។

ចំណុចវិជ្ជមានទី៩៖ ធ្វើឱ្យដំណេកប្រសើរឡើង

អ្នកប្រហែលជាឯកភាពជាមួយខ្ញុំនៅត្រង់ចំណុចនេះ! បន្ទាប់ពីការឈានដល់ចំណុចកំពូល អ័រម៉ូនប្រូឡាក់ទីនត្រូវបានបញ្ចេញមក។ អ័រម៉ូននេះទទួលខុសត្រូវចំពោះអារម្មណ៍នៃការសំរាកលំហែ និងងងុយគេង បន្ទាប់ពីការរួមភេទ។ នេះគឺជាការអះអាងរបស់លោកស្រីវេជ្ជ. ស៊្សីនី ជាអ្នកឯកទេសផ្លូវចិត្តនៅ West Hollywood។​

ចំណុចវិជ្ជមានទី១០៖ បន្ធូរភាពតានតឹង

ការ​នៅ​ជិត​ដៃ​គូ​ ​អ្នក​អាច​បន្ធូរ​អារម្មណ៍​តាន​តឹង និង​ថប់​បារម្ភ។ ការស្ទាបអង្អែល និងការឱបអាចបញ្ចេញ "អ័រម៉ូនអារម្មណ៍ល្អ" ដែលជាធម្មជាតិរបស់រាងកាយអ្នក។ ​សម្រើប​ផ្លូវភេទបាន​បញ្ចេញ​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រីករាយនៃរាងកាយ។ លោកស្រីវេជ្ជ. ស៊្សីនីបានបន្តថា ការរួមភេទ និងភាពស្និទ្ធស្នាលអាចបង្កើនការគោរពខ្លួនឯង និងសុភមង្គលរបស់អ្នកផងដែរ។ វា​មិន​ត្រឹម​តែ​ជា​វេជ្ជបញ្ជា​សម្រាប់​ជីវិត​សម្រាប់​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាសុភមង្គលមួយ។

អត្ថបទដោយ: RHAC

មតិយោបល់