រំលងម៉ឺនុយទំព័រ

ស្វែងយល់អំពីជំងឺកាមរោគដែលឆ្លងតាមការរួមភេទតាមមាត់

ស្វែងយល់អំពីជំងឺកាមរោគដែលឆ្លងតាមការរួមភេទតាមមាត់

ព័ត៌មានសុខភាពយុវវ័យ
2438

អ្នកប្រហែលជាធ្លាប់បានដឹងហើយថាជំងឺកាមរោគ(STDs) កើតឡើងតាមការរួមភេទ ហើយការរួមភេទដែលអ្នកអាចគិតថាឆ្លង គឺជាការរួមភេទដោយប្រើលិង្គ និងយោនី។ ប៉ុន្តែការរួមភេទក្នុងឥរិយាបថណាក៏ដោយក៏មានហានិយភ័យក្នុងការឆ្លងជំងឺកាមរោគដែរ។ អ្វីដែលអ្នកគួរចាប់អារម្មណ៍គឺថា ជំងឺកាមរោគជាច្រើនឆ្លងតាមរយៈការរួមភេទតាមមាត់។

តើអ្វីទៅជាការរួមភេទតាមមាត់?

ការរួមភេទតាមមាត់គឺសំដៅលើឥរិយាបថដែលពាក់ព័ន្ធនឹងការប្រើមាត់ដើម្បីជំរុញប្រដាប់ភេទ ឬតំបន់ប្រដាប់ភេទរបស់ដៃគូរួមភេទឱ្យបង្កើនអារម្មណ៍ផ្លូវភេទ។ ប្រភេទនៃការរួមភេទតាមមាត់ និងអណ្តាតទៅជម្រុញអារម្មណ៍ផ្លូវភេទរបស់ដៃគូដោយការបឺត ឬជញ្ជក់ លិឍ ប្រដាប់ភេទ (លិង្គ ទ្វារមាស) និងរន្ធគូទ។

យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការរោគ នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា ការរួមភេទតាមមាត់ត្រូវបានអនុវត្តជាទូទៅដោយមនុស្សពេញវ័យដែលសកម្មផ្លូវភេទ។ ជាង 85% នៃមនុស្សពេញវ័យដែលសកម្មរឿងផ្លូវភេទដែលមានអាយុពី 18-44 ឆ្នាំ បានរាយការណ៍ថាមានការរួមភេទតាមមាត់យ៉ាងហោចណាស់ម្តងជាមួយដៃគូដែលមានភេទផ្ទុយ។ ការស្ទង់មតិដាច់ដោយឡែកមួយដែលធ្វើឡើងក្នុងកំឡុងឆ្នាំ 2011 ដល់ 2015 បានរកឃើញថា 41% នៃក្មេងជំទង់ដែលមានអាយុពី 15-19 ឆ្នាំក៏មានការរួមភេទតាមមាត់ជាមួយដៃគូដែលមានភេទផ្ទុយផងដែរ។

តើជំងឺកាមរោគអាចឆ្លងតាមការរួមភេទតាមមាត់យ៉ាងដូចម្តេច?

មិនមែនតែជំងឺកាមរោគទេដែលឆ្លងតាមការរួមភេទតាមមាត់ ជំងឺមួយចំនួនផ្សេងទៀតក៏អាចឆ្លងតាមមាត់ដែរ។ នៅពេលដែលអ្នក​ប៉ះពាល់​ដៃគូដែលមានផ្ទុក​មេរោគ អ្នក​អាច​ឆ្លង​មេរោគនៃជំងឺ​កាមរោគ​ទៅក្នុង​មាត់ បំពង់ក ប្រដាប់ភេទ ឬ​រន្ធគូទ។ ហានិភ័យនៃការឆ្លងជំងឺកាមរោគ ឬការរីករាលដាលជំងឺកាមរោគទៅកាន់អ្នកដ៏ទៃតាមរយៈការរួមភេទតាមមាត់គឺអាស្រ័យទៅលើរឿងមួយចំនួន រួមមានប្រភេទនៃជំងឺកាមរោគជាក់លាក់ដែលអាចឆ្លងតាមការរួមភេទតាមមាត់ របៀបនៃការរួមភេទ និងចំនួនដងនៃសកម្មភាពរួមភេទដែលបានអនុវត្ត។

ជាទូទៅ:

  • អ្នកអាចឆ្លងជំងឺកាមរោគទៅក្នុងមាត់ ឬបំពង់ក បន្ទាប់ពីផ្តល់ការរួមភេទតាមមាត់ដល់ដៃគូដែលមានជំងឺកាមរោគក្នុងប្រដាប់បន្តពូជ ឬរន្ធគូទ។

  • អ្នកអាចឆ្លងប្រភេទនៃជំងឺកាមរោគជាក់លាក់ ចូលទៅក្នុងប្រដាប់ភេទ និងជុំវិញប្រដាប់ភេទ បន្ទាប់ពីទទួលបានការរួមភេទតាមមាត់ពីដៃគូដែលមានផ្ទុកមេរោគនៅក្នុងមាត់ ឬបំពង់ក។

  • អ្នកអាចឆ្លងជំងឺកាមរោគចូលទៅក្នុងផ្នែកផ្សេងនៃរាងកាយក្នុងពេលតែមួយ។ ឧទាហរណ៍ អ្នក​អាច​មាន​ជំងឺកាមរោគ​នៅ​បំពង់ក និង​ប្រដាប់ភេទ។

  • ជំងឺកាមរោគជាច្រើន ដូចជា ជំងឺស្វាយ ជំងឺប្រមេះទឹកបាយ ជំងឺប្រមេះទឹកថ្លា ជំងឺដែលបង្កដោយមេរោគ ទ្រីកូម៉ូណាស់ ជំងឺពងទឹក ជំងឺដែលបង្កដោយមេរោគ HPV (ជំងឺសិរមាន់) ជំងឺអេដស៍ និងការឆ្លងមេរោគពោះវៀន អាចឆ្លងតាមការរួមភេទតាមមាត់ និងអាចរីករាលដាលនៅក្នុងខ្លួន។

  • ការរួមភេទតាមមាត់ដែលពាក់ព័ន្ធនឹងរន្ធគូទ អាចចម្លងជំងឺរលាកថ្លើមប្រភេទ A និង B។ វាក៏អាចចម្លងប៉ារ៉ាស៊ីតក្នុងពោះវៀនដូចជា Giardia និងបាក់តេរីដូចជា E.coli និង Shigella ផងដែរ។

  • ប្រសិនបើអ្នកមានជំងឺកាមរោគ អ្នកប្រហែលជាមិនដឹងទេ ព្រោះជំងឺកាមរោគជាច្រើនគ្មានរោគសញ្ញា។ ហេតុនេះការឆ្លងជំងឺកាមរោគ នៅតែកើតមាន ទោះបីជាអ្នកមិនមានសញ្ញា ឬមានរោគសញ្ញាណាមួយក៏ដោយ។

តើការរួមភេទតាមមាត់មានសុវត្ថិភាពជាងការរួមភេទតាមទ្វារមាសឬរន្ធគូទទេ?

  • យើងពិបាកក្នុងការប្រៀបធៀបហានិភ័យនៃការឆ្លងជំងឺកាមរោគតាមរយៈរបៀប ឬឥរិយាបថជាក់លាក់នៃសកម្មភាពផ្លូវភេទណាស់។ ព្រោះមនុស្សភាគច្រើនដែលរួមភេទតាមមាត់ក៏មានការរួមភេទតាមទ្វារមាស ឬតាមរន្ធគូទដែរ។

  • មានតែការសិក្សាតិចតួចប៉ុណ្ណោះដែលផ្តោតលើការត្រួតពិនិត្យពីហានិភ័យនៃការឆ្លងជំងឺកាមរោគ (លើកលែងមេរោគអេដស៍) តាមការរួមភេទតាមមាត់ទៅលើទ្វារមាស ឬរន្ធគូទ បើប្រៀបធៀបទៅនឹងការស្រាវជ្រាវដែលផ្តោតលើការរួមភេទដោយប្រើលិង្គ។

  • ការសិក្សាបង្ហាញថា ហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់ (ការផ្តល់ ឬទទួល) ជាមួយដៃគូដែលមានមេរោគ គឺទាបជាងហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមរន្ធគូទ ឬទ្វារមាស។ ការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់អាចមានកម្រិតទាបបំផុត ប៉ុន្តែវាពិបាកក្នុងការដឹងពីហានិភ័យពិតប្រាកដណាស់។ ប្រសិនបើអ្នកមានការរួមភេទតាមមាត់ អ្នកគួរតែការពារខ្លួនអ្នក។ ទោះជាយ៉ាងណា លទ្ធផលនេះប្រហែលជាមិនពិត និងត្រឹមត្រូវក្នុងការសន្និដ្ឋានដូចគ្នាទៅលើការឆ្លងនៃជំងឺកាមរោគផ្សេងទៀតទេ។ ជាឧទាហរណ៍ នៅក្នុងការសិក្សាលើបុរសស្រឡាញ់ភេទដូចគ្នាដែលមានជំងឺស្វាយ 1 ក្នុងចំណោម 5 នាក់បានរាយការណ៍ថាបានត្រឹមតែរួមភេទតាមមាត់ប៉ុណ្ណោះ។

  • យើងប្រហែលជាអាចសន្និដ្ឋានបានថា ការឆ្លងជំងឺកាមរោគនៅក្នុងបំពង់ក ដូចជាជំងឺ ប្រមេះទឹកថ្លា ឬជំងឺប្រមេះទឹកបាយ ប្រហែលជាមិនមានគ្រោះថ្នាក់ដូចការឆ្លងជំងឺកាមរោគនៅតំបន់ប្រដាប់បន្តពូជ ឬរន្ធគូទនោះទេ។ ប៉ុន្តែប្រសិនបើអ្នកការមានការឆ្លងមេរោគទាំងនេះនៅក្នុងបំពង់ក នោះអាចនឹងបង្កើនហានិភ័យនៃការឆ្លងមេរោគអេដស៍។ ការ​មាន​ជំងឺប្រមេះទឹកបាយ ជំងឺស្វាយ និងជំងឺអេដស៍​ក្នុង​បំពង់ក​ក៏​អាច​នាំឱ្យ​មានការ​រាលដាល​នៃ​ជំងឺ​ពេញ​រាងកាយ​ដែរ​។ លើស​ពី​នេះ​ទៀត ការមានការឆ្លងមេរោគនៃជំងឺប្រមេះទឹកថ្លា និងជំងឺប្រមេះទឹកបាយក្នុងបំពង់ក អាចធ្វើឱ្យមានការចម្លងមេរោគទាំងនេះទៅកាន់អ្នកដទៃតាមរយៈការរួមភេទតាមមាត់ ហើយជាពិសេសសម្រាប់ជំងឺប្រមេះទឹកបាយ ព្រោះការឆ្លងមេរោគទៅក្នុងបំពង់កអាចពិបាកនឹងព្យាបាល។ ដូច្នេះ ការឆ្លង​មេរោគ​ដែល​កើត​ក្នុង​បំពង់ក​អាច​នាំឱ្យ​មាន​បញ្ហា​សុខភាព​ដូចគ្នា​នឹង​ការឆ្លង​មេរោគ​ក្នុង​ប្រដាប់ភេទ ឬ​រន្ធ​គូទ​។ អ្វីដែលសំខាន់ ការឆ្លងមេរោគមួយចំនួននៃមេរោគ HPV តាមមាត់ និងបំពង់ក អាចវិវត្តទៅជាមហារីកមាត់ ឬបំពង់ក។

តើ​កត្តាអ្វី​ខ្លះដែលអាច​បង្កើន​ឱកាស​នៃ​​ការ​ឆ្លង​ជំងឺកាមរោគ​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់?

កត្តាមួយចំនួនអាចបង្កើនឱកាសក្នុងការឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគផ្សេងទៀតអំឡុងពេលរួមភេទតាមមាត់ ប្រសិនបើប៉ះពាល់ជាមួយដៃគូដែលមានមេរោគ។ កត្តាទាំងនោះមានដូចជា៖

  • សុខភាពមាត់ធ្មេញមិនល្អ ដូចជាជំងឺពុកធ្មេញ ជំងឺអញ្ចាញធ្មេញ ឬឈាមអញ្ចាញធ្មេញ និងមហារីកមាត់ជាដើម។

  • ដំបៅនៅក្នុងមាត់ឬនៅលើប្រដាប់ភេទ។

  • ការ​ចេញទឹកកាមមុនដល់ចំណុចកំពូល ឬនៅពេលដល់ចំណុចកំពូល

ទោះជាយ៉ាងណាក៏ដោយ មិនមានការសិក្សាវិទ្យាសាស្រ្តណាដែលបង្ហាញថាកត្តាទាំងនេះបង្កើនហានិភ័យនៃការឆ្លងមេរោគអេដស៍ ឬកាមរោគពីការរួមភេទតាមមាត់នោះទេ។

តើ​អ្នក​អាច​ធ្វើ​ដូចម្តេច​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺកាមរោគ​ក្នុង​ពេល​រួមភេទ​តាម​មាត់?

អ្នកអាចកាត់បន្ថយឱកាសរបស់អ្នកក្នុងការផ្តល់ ឬឆ្លងជំងឺកាមរោគ អំឡុងពេលរួមភេទតាមមាត់ ដោយប្រើស្រោមអនាម័យ ឬវិធីរារាំងផ្សេងទៀត រាល់ពេលដែលអ្នករួមភេទតាមមាត់។

សម្រាប់ការរួមភេទតាមមាត់លើលិង្គ៖

  • គ្របលិង្គដោយស្រោមអនាម័យជ័រដែលមិនមានជាតិរំអិល។

  • ប្រើស្រោមអនាម័យប្លាស្ទិកប្រភេទប៉ូលីយូធ្យូថេន ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានប្រតិកម្ម(អាឡែកស៊ី)ទៅនឹងជ័រ។

សម្រាប់ការរួមភេទតាមមាត់ទៅលើទ្វារមាស ឬរន្ធគូទ៖

  • ប្រើបន្ទះស្តើងគ្របយោនី ដេនថល

  • ឬកាត់ស្រោមអនាម័យ ដើម្បីបង្កើតជារាងការ៉េ ហើយដាក់វាគ្របលើទ្វារមាស ឬរន្ធគូទដៃគូរបស់អ្នក។

  •  

  •  

 

 

ប្រសិនបើអ្នកចង់កាត់បន្ថយឱកាសនៃការឆ្លងជំងឺកាមរោគ៖

  • ប្រសិនបើអ្នកស្ថិតក្នុងទំនាក់ទំនងយូរអង្វែងជាមួយគ្នាអ្នកគួរធ្វើតេស្ត និងធានាថាដៃគូទាំង២មិនមានជំងឺកាមរោគ

  • ការប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ រាល់ពេលដែលអ្នករួមភេទ។

  • វាជារឿងសំខាន់ដែលត្រូវចងចាំថាមនុស្សជាច្រើនដែលមានជំងឺកាមរោគប្រហែលជាមិនដឹងពីគេមានមេរោគនោះទេ  ព្រោះជំងឺកាមរោគជារឿយៗមិនមានរោគសញ្ញា និងមិនទាន់រកឃើញ។

ប្រសិនបើអ្នកមានសកម្មភាពរួមភេទ សូមសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីធ្វើតេស្តអ្នកជាប្រចាំសម្រាប់ជំងឺកាមរោគ និងមេរោគអេដស៍។ និយាយដោយបើកចំហជាមួយអ្នកផ្តល់សេវារបស់អ្នកអំពីសកម្មភាពដែលអាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺកាមរោគ រួមទាំងការរួមភេទតាមមាត់ផងដែរ។ អ្នកក៏គួរនិយាយជាមួយដៃគូរបស់អ្នកអំពីជំងឺកាមរោគនេះដូចគ្នា។

អត្ថបទផ្សេងៗដែលជាចំណេះដឹងបន្ថែមទៀត៖

កិច្ចសម្ភាសន៍អំពីសុខភាព-ជំងឺកាមរោគ

អត្ថបទដោយ: RHAC

មតិយោបល់