នៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពីការកងដាក់ក្នុងស្បូនរយៈ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ទី០៩ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពត្រាង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន នៃខេត្តបាត់ដំបង លោកស្រីវេជ្ជបណ្ឌិត សៀង លម្អងគន្ធា ប្រធានកម្មវិធីជាតិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានប្រសាសន៍ថា ថ្ងៃនេះស្រុកប្រតិបត្តិសំពៅលូន ដែលបានទទួលការគាំទ្រពី អង្គការរ៉ាក់ ព្រមទាំងបានការអនុញ្ញាតពីក្រសួងសុខាភិបាលឱ្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រៀបចំវគ្គបណ្តុះបណ្តាលពី ការដាក់កងក្នុងស្បូន ជូនដល់បុគ្គលិកសុខាភិបាលមកពីមណ្ឌលសុខភាពចំនួន០៧ និងមន្ទីរពេទ្យចំនួន០១ ក្រោយពីខកខានការរៀបចំវគ្គបណ្តុះបណ្តាលបែបនេះអស់រយៈពេលប្រហែល១០ឆ្នាំកន្លងមក។ លោកស្រីវេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់រ៉ាក់ និងម្ចាស់ជំនួយ ដែលតែងតែបានគៀងគរ ថវិកាសម្រាប់ជួយគាំទ្រ វគ្គបណ្តុះបណ្តាលផ្សងៗ ក៏ដូចជាវគ្គមួយនេះឱ្យកើតមានឡើង ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីសុខាភិបាលនៅក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ហេង ខេង ប្រធានកម្មវិធីសុខភាពសហគមន៍នៃអង្គការរ៉ាក់មានប្រសាសន៍ថា អង្គការរ៉ាក់មានទស្សនវិស័យនិងគោលដៅ ដើម្បីឱ្យមនុស្សគ្រប់រូបទទួលបាននូវសេវា និងចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ ជាក់ស្តែង នៅឆ្នាំ២០២៣ អង្គការរ៉ាក់បានផ្តល់ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់ប្រហែល៥០ម៉ឺននាក់ និងតាមរយៈប្រព័ន្ធឌីជីថលប្រហែល ១លាននាក់។ អង្គការរ៉ាក់ ក៏បានផ្តល់សេវាប្រហែល៣លានករណី ជូនដល់អតិថិជនប្រមាណ៤០ម៉ឺននាក់ផងដែរ។ លោកអនុបណ្ឌិត សុខ សុធា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូនបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យកម្មវិធីពន្យារកំណើតនៅស្រុកប្រតិបត្តិសំពៅលូន កាន់តែមានភាពល្អប្រសើរកើនឡើងបន្ថែមទៀត។ លោកបានបង្ហាញការប្ដេជ្ញាថា ស្រុកប្រតិបត្តិសំពៅលូននឹងបន្តពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីមានលទ្ធភាពផ្តល់សេវាពន្យារកំណើតដល់សហគមន៍ឱ្យមានការកើនឡើងដល់២៦% សម្រេចតាមផែនការដែលបានគ្រោងទុកក្នុងឆ្នាំ២០២៤នេះ។ ឆ្លៀតឱកាសនេះ លោកក៏បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលបានសហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងអង្គការរ៉ាក់ធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះកើតឡើង និងប្រព្រឹត្តទៅបានយ៉ាងរលូននិងមានប្រសិទ្ធភាព។
មតិយោបល់