រំលងម៉ឺនុយទំព័រ

តើមធ្យោបាយពន្យារកំណើតប្រភេទណាដែលសក្តិសមនឹងអ្នក?

តើមធ្យោបាយពន្យារកំណើតប្រភេទណាដែលសក្តិសមនឹងអ្នក?

ព័ត៌មានសុខភាពយុវវ័យ
103

មធ្យោបាយពន្យារកំណើតប្រភេទណាដែលសក្តិសមនឹងអ្នក គឺជាមធ្យោបាយពន្យាកំណើតមួយណាក៏ដោយដែលមានប្រសិទ្ធិភាពក្នុងការការពារការមានផ្ទៃពោះ និងសមស្របនឹងរបៀបរស់នៅរបស់អ្នក។ ជាទូទៅ ស្រោមអនាម័យបុរស បូករួមនឹងវិធីពន្យារកំណើតមួយទៀត គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារការមានផ្ទៃពោះ។

អ្វីដែលហៅថា "ល្អបំផុត" ក្នុងចំណោមវិធីសាស្ត្រពន្យារកំណើត គឺមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អ្វីដែលត្រឹមត្រូវសម្រាប់អ្នកប្រហែលជាមិនត្រឹមត្រូវសម្រាប់អ្នកផ្សេងនោះទេ។ ហើយតម្រូវការរបស់អ្នកក៏អាចផ្លាស់ប្តូរតាមពេលវេលាផងដែរ។

សូមអានចំណុចខាងក្រោមដើម្បីជាជំនួយសម្រាប់អ្នកក្នុងការគិតនៅពេលជ្រើសរើសប្រភេទមធ្យោបាយពន្យារកំណើត៖

  • តើអ្នកខ្លាចអត្រាបរាជ័យនៃការពន្យារកំណើតកម្រិតណា?

  • តើតម្លៃជាបញ្ហាសម្រាប់អ្នកដែរឬទេ?

  • តើឯកជនភាពរបស់អ្នកមានសារៈសំខាន់ប៉ុណ្ណា?

  • តើអ្នកត្រូវការការពារជំងឺកាមរោគ (STDs) ដែរឬទេ?

  • តើអ្នកព្យាយាមការពារការមានផ្ទៃពោះកម្រិតណា?

  • បើអ្នកជាស្ត្រី តើវាមានបញ្ហាដែរឬទេ នៅពេលដែលមានការប្រែប្រួលរដូវ?

  • តើថ្ងៃណាមួយនោះ អ្នកនឹងចង់មានកូនដែរឬទេ?

បន្ថែមពីនេះអ្នកត្រូវស្វែងយល់បន្ថែមពីវិធីមូលដ្ឋាន នៃការគ្រប់គ្រងកំណើត។ អ្នកអាចប្រៀបធៀបការពិតអំពីវិធីសាស្រ្តក្នុងការពន្យារកំណើតដែលមានដូចជា៖

តាមរយៈឥរិយាបទ៖ វិធីសាស្ត្រនេះគឺជាវិធីដែលអ្នក និងដៃគូរបស់អ្នកសម្រេចចិត្តធ្វើរួមគ្នា ដើម្បីចៀសវាងការមានផ្ទៃពោះ។ ឧទាហរណ៍ អ្នកអាចរារាំងការរួមភេទទាំងស្រុង (ការតមរួមភេទ) ឬចៀសវាងការរួមភេទ នៅក្នុងអំឡុងពេលដែលនាងទំនងជាអាចមានផ្ទៃពោះ (អ្នកត្រូវយល់ដឹងបន្ថែមពីការរាប់នៃវដ្តរដូវ និងការយល់ដឹងអំពីលទ្ធភាពមានកូន) ឬដកលិង្គចេញពីទ្វារមាសមុនពេលចេញទឹកកាម (ការចាក់ទឹកក្រៅពាង)។

វិធីសាស្ត្ររបាំង៖ វិធីសាស្ត្រនេះ គឺជាប្រភេទដែលអាចពាក់ ឬដាក់នៅក្នុងខ្លួនរបស់អ្នក មុនពេលរួមភេទ ដើម្បីរារាំងមេជីវិតឈ្មោលមិនឱ្យជួបមេជិវិតញី មានដូចជា ពែងពន្យារកំណើត ថ្នាំលាបនៅទ្វារមាសដើម្បីសម្លាប់មេជីវិតឈ្មោល ស្រោមអនាម័យ បុរស ឬស្ត្រីជាដើម។

វិធីសាស្ត្រអ័រម៉ូន៖ វិធីសាស្រ្តនេះ គឺជាវិធីសាស្ត្រដែលមានការផ្លាស់ប្តូរគីមីសាស្ត្ររាងកាយរបស់ស្ត្រី។ (វាអាស្រ័យលើប្រភេទនៃអ័រម៉ូននៃថ្នាំដែលប្រើប្រាស់។ ប្រភេទអ័រម៉ូនខ្លះបញ្ឈប់ការបញ្ចេញពង ខ្លះទៀតធ្វើឱ្យទឹករំអិលខាប់នៅជុំវិញមាត់ស្បូនរបស់អ្នក ដើម្បីបង្អាក់មេជីវិតឈ្មោលមិនឱ្យហែលទៅដល់ដៃស្បូនជួបមេជីវិតញី ឬធ្វើឱ្យស្រទាប់ខាងក្នុងនៃស្បូនស្តើង។ មធ្យោបាយទាំងនោះអាចមានដូចជា៖ កងដាក់ដើមដៃ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ស្បូនដែលមានជាតិអ័រម៉ូន។

វិធីសាស្ត្របែបវេជ្ជសាស្ត្រ៖ នេះគឺជានីតិវិធីដែលផ្លាស់ប្តូររាងកាយរបស់អ្នកដើម្បីការពារមេជីវិតឈ្មោល និងមេជិវិតញីកុំឱ្យជួបគ្នា។ គេអាចហៅថា ជាមធ្យោបាយបញ្ឈប់កំណើត ដែលមានការចងដៃស្បូន និងការចងបំពង់មេជីវិតបុរស។

អត្ថបទដោយ: RHAC

មតិយោបល់