រំលងម៉ឺនុយទំព័រ

ខ្ញុំរីករាយក្នុងការចែករំលែកអំពីការផ្លាស់ប្តូររបស់សហគមន៍ខ្ញុំពីសេវារំលូតដោយសុវត្ថិភាព

ខ្ញុំរីករាយក្នុងការចែករំលែកអំពីការផ្លាស់ប្តូររបស់សហគមន៍ខ្ញុំពីសេវារំលូតដោយសុវត្ថិភាព

រឿងជោគជ័យ
254

អ្នកស្រី សេស សាម៉ុន មានអាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃឃ្មុំ មានតួនាទីជាក្រុមប្រឹក្សាឃុំ និងជាស្រ្តីបង្គោលរបស់អង្គការរ៉ាក់ ប្រចាំនៅឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ អ្នកស្រីបានចូលរួមធ្វើការជាអ្នកស្ម័គ្រចិត្ត និងជាស្ត្រីបង្គោលរបស់រ៉ាក់ ចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ ក្នុងរយៈពេល៦ឆ្នាំមកហើយ ដែលអ្នកស្រីបានធ្វើការជាអ្នកអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ ជាពិសេសគឺការរំលូតដោយសុវត្ថិភាព ដោយគ្មានការមាក់ងាយ។ 

ជាមួយទឹកមុខប្រកបដោយភាពរីករាយ និងមានទំនុកចិត្ត អ្នកស្រីសាម៉ុនបានរៀបរាប់ថា៖ "ខ្ញុំពិតជាមានសេចក្តីរីករាយខ្លាំងណាស់ ដែលបានចូលរួមការងារជាមួយរ៉ាក់ ព្រោះរ៉ាក់បានជួយឱ្យនាងខ្ញុំមានការយល់ដឹងបានច្រើនអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ក្នុងនោះខ្ញុំបានទទួលចំណេះដឹងជាច្រើនពាក់ព័ន្ធទៅនឹងការ រំលូតដោយគ្មានការមាក់ងាយ ច្បាប់រំលូតនៅប្រទេសកម្ពុជា និងការពន្យារកំណើតជាដើម។" អ្នកស្រីបានបន្តទៀតថា «ប្រសិនខ្ញុំមិនបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិទេ ខ្ញុំពិតជាមិនបានយល់ដឹង ហើយនឹងនៅតែបន្តគិតថាការរំលូតជារឿងខុសច្បាប់ និងជារឿងមិនគប្បីដែលមិនគួរឱ្យកើតមាន ព្រោះកាលពីមុន ខ្ញុំពិតជាមិនហ៊ាននិយាយបើកចំហរ ហើយតែងតែគិតស្រ្តីដែលមានគ្រួសារហើយគាត់មិនត្រូវការទទួលសេវារំលូតទេ ព្រោះវាជាអំពើមិនល្អ។»

នៅពេលនិយាយអំពីសហគមន៍របស់អ្នកស្រីពីមុន អ្នកស្រីបាននិយាយថា៖ "កាលពីមុននៅពេលមិនទាន់មានការចុះអប់រំផ្សព្វផ្សាយទៅដល់ប្រជាជននៅក្នុងសហគមន៍ ប្រជាជន ជាពិសេសស្ត្រីមិនទាន់មានទំនុកចិត្តក្នុងការស្វែងរកសេវារំលូតនោះទេ ពីព្រោះពួកគាត់តែងគិតអវិជ្ជមាន និងខ្លាចទទួលរងនូវការរើសអើងពីសំណាក់អ្នកនៅជុំវិញ។ ប៉ុន្តែ បន្ទាប់ពីអង្គការរ៉ាក់បានផ្តួចផ្តើមឱ្យមាននូវការអប់រំនេះឡើង ហើយរូបនាងខ្ញុំផ្ទាល់បានទទួលវគ្គបណ្តុះបណ្តាលពីរ៉ាក់រួចមក ខ្ញុំបានចុះធ្វើការអប់រំផ្សព្វផ្សាយនៅក្នុងសហគមន៍អំពីការរំលូតដោយសុវត្ថិភាព ច្បាប់រំលូតនៅប្រទេសកម្ពុជា ការពន្យារកំណើត និងទីកន្លែងដែលអាចស្វែងរកសេវាដោយសុវត្ថិភាព ខ្ញុំសង្កេតឃើញថា ប្រជាជននៅក្នុងសហគមន៍មានការផ្លាស់ប្តូរនូវផ្នត់គំនិត ដែលពីមុន ដែលធ្លាប់តែគិតថាការរំលូតជាអំពើបាប។ ពួកគេបែរជាមានការគិតវិជ្ជមាន និងហ៊ាននិយាយបើកចំហជាងមុន ដោយក្នុងនោះមានស្ត្រីខ្លះបានមកសុំជំនួយពីរូបនាងខ្ញុំ ដើម្បីនាំពួកគេទៅរកកន្លែងផ្តល់សេវា ជាពិសេសពួកគេដឹងថាខ្លួនមានសិទ្ធិក្នុងការទទួលយកនូវសេវារំលូតដោយសុវត្ថិភាព។ ចំណែកឯក្រុមបុរសវិញក៏មានការយល់ដឹងច្រើនទាក់ទងនិងសុខភាពរបស់ស្រ្តី ជាពិសេសពួកគេបានបង្ហាញពីការគាំទ្រ ប្រសិនបើដៃគូរបស់ពួកគេមានតម្រូវការសេវារំលូត។" 

ជាចុងក្រោយអ្នកស្រីបានបន្ថែមថា «ខ្ញុំសូមផ្តាំផ្ញើទៅកាន់ស្រ្តីទូទាំងប្រទេសថាត្រូវចេះថែរក្សាសុខភាពដោយខ្លួនឯង កុំមានភាពខ្មាសអៀន នៅពេលមានបញ្ហាសុខភាព ត្រូវហ៊ានស្វែងរកចំណេះដឹង ឬព័ត៌មានត្រឹមត្រូវ សូមកុំជឿតាមការនិយាយតៗគ្នា។ »


អត្ថបទដោយ: RHAC

មតិយោបល់