រំលងម៉ឺនុយទំព័រ

ការមិនខ្វល់ខ្វាយពីសុខភាព

ការមិនខ្វល់ខ្វាយពីសុខភាព

រឿងជោគជ័យ
96

អ្នកស្រី ហេន យេន មានអាយុ ៤៥ឆ្នាំ មានកូនស្រី ៤នៅក្នុងបន្ទុក។ អ្នកស្រីដើរតួជាស្ត្រីមេផ្ទះ មើលថែទាំកូនៗ ចំណែកប្ដីមានមុខរបរជាអ្នកលក់ខ្ចៅស្ងោរនៅតាមរោងចក្រ។ សព្វថ្ងៃអ្នកស្រីរស់នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមអ្នកស្រីមានជីវភាពខ្វះខាតខ្លាំង និងមានកូនច្រើននៅក្នុងបន្ទុកផងនោះ អ្នកស្រីមិនដែលបានខ្វល់ខ្វាយពីបញ្ហាសុខភាពរបស់ខ្លួននោះទេ។ ដោយសារបញ្ហាទាំងអស់នេះហើយទើបអ្នកស្រីមិនបានទទួលបានសេវាពន្យារកំណើត រហូតដល់អ្នកស្រីមានផ្ទៃពោះកូនទី៥ ដោយមិនបានដឹងខ្លួនទាល់តែសោះ។ រយៈពេលជាង ៧ខែនៃការពពោះអ្នកស្រីក៏មិនដែលទទួលបានការពិនិត្យ និងថែទាំផ្ទៃពោះនោះទេ។


អ្នកស្រីត្រូវបានអ្នកជិតខាងដែលមានផ្ទៃពោះដែរនោះ ចែកថ្នាំជាតិដែកឱ្យគាត់ទទួលទាន។ ក្រៅពីនោះអ្នកស្រី ទទួលរងការមាក់ងាយជាច្រើន។ តួយ៉ាង អ្នកស្រីតែងទទួលការសើចចំអកថា “ចាស់ហើយនៅយកកូនទៀត! អាយុប៉ុន្មានហើយ? កូនប៉ុន្មានហើយ?” ជាដើម។ ។ ចំណែកឯប្ដីគាត់ ក៏តែងតែប្រើពាក្យសម្ដីមិនសមរម្យទៅកាន់ប្រពន្ធ និងកូន។ គាត់ក៏មិនបានជូនប្រពន្ធទៅសួរនាំពីភូមិឃុំ អំពីការធ្វើប័ណ្ណក្រីក្រដែលអាចជួយកូន ប្រពន្ធគាត់ទៅពិនិត្យសុខភាពដែរ។ 


ថ្ងៃមួយបុគ្គលិកសង្គម និង បុគ្គលិកអប់រំសុខភាពរបស់រ៉ាក់បានចុះអប់រំនៅតាមខ្នងផ្ទះ អំពីព័ត៌មានអំពើហិង្សា សេវាគាំទ្រជនរងគ្រោះជាដើម។ កំឡុងពេលផ្ដល់ព័ត៌មាននោះមានអ្នកជិតខាងម្នាក់បានចង្អុលបង្ហាញថា អ្នកស្រី ហេន យេន មានជីវភាពក្រីក្រ ប្ដីមិនដែលខ្វល់ខ្វាយពីសុខទុក្ខប្រពន្ធនោះទេ។ បុគ្គលិកអង្គការរ៉ាក់ក៏បានជួបជជែកពីបញ្ហាដែលអ្នកស្រីកំពុងជួបប្រទះ និងសង្កេតឃើញថាគាត់ពិតជាជួបបញ្ហាប្រឈមជាច្រើន ជាពិសេសលើបញ្ហាសុខភាព និងការមានផ្ទៃពោះ។ បុគ្គលិកក៏បញ្ជូនអ្នកស្រីទៅទទួលសេវាថែទាំ និង ពិនិត្យផ្ទៃពោះនៅគ្លីនិករ៉ាក់កំពង់ស្ពឺ ដែលគាំដោយគម្រោងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ។ គ្រូពេទ្យរ៉ាក់ក៏បានបន្តណាត់អ្នកស្រីទៅទទួលការចាក់វ៉ាក់សាំងបង្ការផងដែរ។


ក្រោយពីបានជួបក្រុមការងារ និងបានទទួលសេវានៅគ្លីនិករ៉ាក់ អ្នកស្រីពិតជាសប្បាយចិត្តណាស់ និងមានក្ដីសង្ឃឹមឡើងវិញ ដែលអង្គការរ៉ាក់បានជួយគាត់ និងបានចែករំលែកព័ត៌មានឱ្យគាត់បានក្ដឹងពីស្ថានភាពខ្លួនឯងយ៉ាងហោចណាស់ក៏ម្ដងមុនពេលសម្រាល។ ចំណែកប្ដីគាត់សប្បាយចិត្តខ្លាំងណាស់ដែលបាននាំប្រពន្ធគាត់ទៅថែទាំផ្ទៃពោះ នឹងបានដឹងថាជាកូនប្រុសទៀត។ អ្នកស្រីប្រាប់ថាប្ដីគាត់មិនឱ្យគាត់ធ្វើការងារអ្វីទេ។ 

អត្ថបទដោយ: RHAC

មតិយោបល់