កំពត៖ នៅក្នុងកម្មវិធីប្រជុំបិទបញ្ចប់ជាស្ថាពរ លើគម្រោង “ឆ្លើយតបនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងយន្តការថ្មីនៃការផ្តល់សេវា” ដែលហៅកាត់ថា RESPOND នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អ្នកស្រីនាយិការងប្រតិបត្តិអង្គការរ៉ាក់ បានឱ្យដឹងថា គម្រោង RESPOND ក្រោមការគាំទ្រថវិកាពី ជំនួយរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលី ហៅកាត់ថា DFAT បានអនុវត្តសកម្មភាពប្រមាណ ៤ឆ្នាំមកហើយ នៅខេត្តគោលដៅចំនួន២ គឺបាត់ដំបង និងខេត្តកំពត ក្នុងស្រុកប្រតិបត្តិចំនួន៤ គឺ ស្រុកប្រតិបត្តិថ្មគោល និងសំពៅលូន និងខេត្តកំពត ដែលមានស្រុកប្រតិបត្តិចំនួន ២ដែរ គឺស្រុកប្រតិបត្តិឈូក និងកំពង់ត្រាច។
ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនៃ គម្រោងឆ្លើយតបនេះ លោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់គម្រោង RESPOND របស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋឱ្យល្អប្រសើរ។ លោកបានលើកឡើងថា ការជួយគាំទ្រ របស់រ៉ាក់ បានបង្ហាញអំពីលទ្ធផលនៃភាពរីកចំរើនគួរឱ្យកត់សម្គាល់នៅក្នុងការផ្តល់សេវាមួយចំនួន បច្ចេកទេស និងការតាមដានវាយតម្លៃ នៅតាមមូលដ្ឋានសុខាភិបាល។
អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានឱ្យដឹងថា ដោយមានការចូលរួមសហការពីអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ រយៈពេលប្រមាណ ៤ឆ្នាំមកនេះ គម្រោងឆ្លើយតបនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ សិទ្ធិ និងយន្តការថ្មីនៃការផ្តល់សេវា បានធ្វើការងារជាច្រើន ពិសេសទាក់ទងនឹងការពង្រឹងសេវារំលូតដោយសុវត្ថិភាព សេវាការប្រឹក្សាយោបល់ និងសេវាថែទាំវេជ្ជសាស្ត្រពីចម្ងាយ មានដូចជា ការថែទាំផ្ទៃពោះ និងការប្រឹក្សាយោបល់ទាក់ទងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការងារលើកកម្ពស់ចំណេះដឹងទាក់ទងនឹងសុខភាពបន្តពូជនៅក្នុងសហគមន៍ជាដើម។
អ្នកស្រីបានគូសបញ្ជាក់បន្ថែមថា រ៉ាក់បាន និងបន្តបេសកម្មរបស់ខ្លួន ឆ្លើយតបនឹងចក្ខុវិស័យរបស់ស្ថាប័នដើម្បីធានាថា មនុស្សគ្រប់រូបទទួលបាននូវសិទ្ធិសុខភាពផ្លូវភេទ សុខភាពបន្តពូជរបស់ខ្លួនពេញលេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ រ៉ាក់ បានធ្វើការអប់រំដោយផ្ទាល់បានចំនួន ជាង ៥០ម៉ឺននាក់ (៥៤៥,៨០០) នាក់ និងតាមប្រព័ន្ធឌីថលប្រម៉ាណ ១លាននាក់ (៩០៨,៩៥៣នាក់)។ ក្នុងនោះ សិស្សដែលទទួលបានការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយមានចំនួនប្រមាណ ៥ម៉ឺននាក់ (៥០,៩៨៨ នាក់) ក្រុមងាយរងគ្រោះ ចំនួនជាង៤ម៉ឺននាក់ (៤៣,៨៧៦នាក់) និងកម្មកររោងចក្រ ជាងជាង៤ម៉ឺននាក់ (៤១,៨១១នាក់)ផងដែរ។
រ៉ាក់ក៏បានផ្តល់សេវាថែទាំសុខភាពចំនួនជាង៣លានសេវា (៣,២២២,៤០៨)ដល់អតិថិជនបានប្រមាណបួនសែននាក់ (៣៩០,០៣៥នាក់)។ នៅក្នុងចំណោមអតិថិជនដែលមកទទួលសេវា មានអតិថិជនដែលមកទទួលសេវារំលូតប្រម៉ាណជាង៦ពាន់នាក់ (៦,១៣០រូប) រកឃើញករណីឆ្លងថ្មីនៃមេរោគអេដស៍ ៧៥៣ករណី/១៥០០ករណីទូទាំងប្រទេស និងជនរងគ្រោះដោយអំពើហិង្សាចំនួន ១,០១៧រូប។ រ៉ាក់ក៏បានចូលរួមការពារគូស្រករពីការមានផ្ទៃពោះដែលមិនចង់បានជិត ៦ម៉ឺនគូ (៥៩,០៣១.៧៣គូ)គាំទ្រការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពីចំណេះដឹង និងជំនាញផ្តល់សេវាជូនដល់ អ្នកផ្តល់សេវា គ្រូបង្រៀន យុវវ័យបង្គោល ស្ត្រីបង្គោល មិត្តអប់រំមិត្ត អ្នកស្ម័គ្រចិត្តតាមភូមិ បានប្រមាណ ជាង១ពាន់រូប ក្នុងនោះគ្រូបង្រៀនចំនួន ៧៧២រូប ស្តីពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ បច្ចេកទេសរំលូតដោយសុវត្ថិភាពជូនដល់អ្នកផ្តល់សេវាចំនួន ៩៩រូប និង មិត្តអប់រំមិត្តចំនួន ៦០រូប យុវវ័យស្ម័គចិត្តចំនួន ៨០រូប ជាដើម។ រ៉ាក់ក៏ផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់អំពីវឌ្ឈនភាព ស្ថានភាព និងការប្រឈមជុំវិញសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិផងដែរ។
ទោះជាយ៉ាងណាអ្នកស្រីនាយិការរង លើកអំពីកត្តាដែលរារាំងស្ត្រីមិនឱ្យមកទទួលសេវា រួមមាន សមភាពយេនឌ័រ នៅក្នុងសង្គម កម្រិតនៃការអប់រំ និងលក្ខខណ្ឌផ្ទាល់ខ្លួននៅក្នុងគ្រួសារនីមួយៗផ្ទាល់ និងកម្រិតនៃការគាំទ្រលើកទឹកចិត្តដល់ស្ត្រីឱ្យមកទទួលសេវាជាដើម។ មានស្ត្រីជាច្រើននៅមានផ្នត់គំនិតមិនព្រមទៅស្វែងរកសេវា ជាក់ស្តែងដូចជា សេវាថែទាំស្ត្រីរងគ្រោះដោយអំពើហិង្សាជាដើម ខណៈដែលការផ្តល់សេវាក៏នៅមានកម្រិតផងដែរនោះ។ លោកស្រីសង្ឃឹមថាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី ត្រូវបង្កើនការយល់ដឹង និងប្រើសិទ្ធិរបស់ខ្លួនឱ្យបានល្អប្រសើរ ពិសេសលើបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
នៅក្នុងសន្ទរកថាបើក របស់លោកវេជ្ជ. តាន់ ឆេង លោកក៏បានបញ្ជាក់ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងមន្ទីរសុខាភិបាល ថា លោកនៅតែស្វាគមន៍ និងគាំទ្រពេញទំហឹងដល់សកម្មភាពការរងាររបស់រ៉ាក់ និងបានស្នើសុំឱ្យអង្គការរ៉ាក់រិះរកលទ្ធភាព ក្នុងការលើកគម្រោងមកជួយខេត្តកំពតបន្តទៀត៕
មតិយោបល់