• ភាសាខ្មែរ
  • English

នៅខាងក្នុងគ្លីនិករ៉ាក់ ចម្ងាយប្រហែលពីរបីរយម៉ែត្រពីមហាវិថីវេងស្រេងដែលប្រមូលផ្តុំទៅ​ដោយរោងចក្រ​ជាច្រើន​នៅ​ក្នុង​ទីក្រុង​​​​ភ្នំពេញ ប្រកបដោយទឹកមុខញញឹម ​ស្រីពៅ​​​​ពន្យល់ប្រាប់អ្នកនិពន្ធរបស់យើង​​ថា​​ ​​​គ្លីនិក​រ៉ាក់បានជួយឱ្យ​នាងរួច​ផុត​ពី​​ភាព​​ភ័យ​ខ្លាចក្នុងការរំលូតកូន​។

កម្មការិនីរោងចក្រកាត់ដេរវ័យ ២៧ ឆ្នាំរូប​នេះ​និយាយ​ថា៖ «ជួនកាល​ប្រជាជនមិន​បាន​​ដឹង​អំពី​ថ្នាំ​ព្យាបាល ឬកន្លែង​ណា​ដែល​មាន​​សុវត្ថិភាពនោះទេ។ កន្លែងខ្លះឲ្យថ្នាំមិនល្អ។ ប៉ុន្តែនៅគ្លីនិករ៉ាក់ ខ្ញុំមានអារម្មណ៍សុវត្ថិភាព​ក្នុងការទទួលយក​ការព្យាបាល​។»​

ទោះបីជាការរំលូតកូនគឺជារឿងស្របច្បាប់នៅក្នុងប្រទេសកម្ពុជាក៏ដោយ ការរើសអើង​ពីសង្គម​នៅតែ​កើត​ឡើង​ទៅ​លើ​​ស្ត្រីដែលមិនទាន់រៀបការហើយធ្វើការរំលូតកូន។ ស្រីពៅជាកូនតែម្នាក់គត់ក្នុងចំណោមបងប្អូន ១០នាក់របស់នាង ដែល​បាន​ចាកចេញពីស្រុកកំណើតមកធ្វើការនៅក្នុងទីក្រុងភ្នំពេញ ដោយជួលបន្ទប់ស្នាក់​នៅ​ក្បែររោងចក្រដែលនាងធ្វើការ​។ ធ្វើ​ការ​នៅទីក្រុងភ្នំពេញ ស្រីពៅ​មានទំនាក់ទំនងស្នេហា និងឈានទៅដល់ការរួម​ភេទជាមួយ​នឹងមិត្ត​ប្រុស​របស់នាង ប៉ុន្តែនាង​មិនបានប្រាប់ក្រុមគ្រួសារ ឬមិត្តភក្តិណាម្នាក់​ឡើយ​អំពី​​រឿងនេះឡើយ។ មិនយូរប៉ុន្មាន​ស្រីពៅ​​​​​ក៏បានចែកផ្លូវ​គ្នាជាមួយ​មិត្ត​បុ្រស​ ក្រោយពីបែកគ្នា ទើបនាងដឹងថានាងមានផ្ទៃពោះ។ ស្រីពៅមិន​បានប្រាប់​រឿងមាន​ផ្ទៃ​​ពោះ​ទៅដល់​នរណាម្នាក់ឡើយ លើកលែងតែក្មួយស្រី​ដែលរស់នៅជាមួយនា​ង។ ​ស្រីពៅមិន​ចង់ឱ្យនរណា​ម្នាក់ដឹង​អំពីរឿងមាន​ផ្ទៃពោះនេះទេ នាងគិតថា​រឿង​នេះ​នឹងធ្វើឱ្យខ្លួននាង និងក្រុមគ្រួសាររងភាពអាម៉ាស់។ ស្រីពៅក៏បានសម្រេច​ចិត្ដមក​ធ្វើការ​រំលូតកូននៅគ្លីនិក​រ៉ាក់​ត្រពាំងថ្លឹង ដែល​គភ៌របស់នាងមានអាយុ ៧ សប្ដាហ៍ ដោយមានក្មួយស្រីរបស់នាងមកជាមួយ។

កាលពីមុន ស្រីពៅមិនសូវយកចិត្តទុកដាក់អំពីការផ្សព្វផ្សាយដែលទាក់ទងនឹងសុខភាព​ផ្លូវភេទ​ និងសុខភាព​​បន្តពូជ​ ​របស់អង្គការរ៉ាក់នោះឡើយ ទោះបីជានាងដឹងថាអង្គការរ៉ាក់ធ្វើការលើបញ្ហារបស់ស្ត្រីក៏ដោយ។ ស្រីពៅរៀបរាប់ថា  «បុគ្គលិក​អង្គការ​រ៉ាក់បានចុះមកអប់រំជារឿយៗនៅរោងចក្រដែលខ្ញុំធ្វើការ តែពេលនោះ ខ្ញុំមិនសូវបានយកចិត្តទុកដាក់ទេ»។ ប៉ុន្តែ​នៅ​ពេល​ដែលស្រីពៅដឹងថាខ្លួនមានផ្ទៃពោះ និងចង់ធ្វើការរំលូតកូន ​ស្រីពៅនឹកឃើញ​ដល់អង្គការរ៉ាក់​ដែល​អង្គការ​ជំនាញ​ផ្នែក​សុខភាពស្រ្តី។

ស្រីពៅនិយាយថា «ដំបូងខ្ញុំមានការភ័យខ្លាច ប៉ុន្តែបន្ទាប់ពីមកដល់គ្លីនិករ៉ាក់ និងបានជួបពិភាក្សាជាមួយគ្រូពេទ្យ ខ្ញុំមានអារម្មណ៍ធូរស្បើយ។ ខ្ញុំក៏សម្រេចចិត្តធ្វើការរំលូតកូននៅទីនេះ»។ ស្រីពៅបន្ថែមថា នាងលែងមានការព្រួយ​បារម្ភ​ទៀត​ហើយ ដោយ​សារតែគ្រូពេទ្យរ៉ាក់ជាគ្រូពេទ្យមានជំនាញច្បាស់លាស់ និងជាពិសេសគឺរក្សាការសំងាត់ជូនអតិថិជន។ ​បន្ទាប់​ពី​ទទួល​​សេវា​រំលូតសុវត្ថិភាពរួចរាល់ហើយ គ្រូពេទ្យបានពន្យល់ស្រីពៅអំពីមធ្យោបាយពន្យារកំណើតផ្សេងៗ។  ស្រីពៅនឹង​ប្រើ​មធ្យោបាយពន្យារកំណើត ទោះបីជានាងនៅស្ទាក់ស្ទើរចំពោះផល​ប៉ះពាល់ខ្លះៗរបស់ថ្នាំពន្យារកំណើតក៏ដោយ។

ជាចុងក្រោយ ស្រីពៅបន្ថែមថា «ពីមុនខ្ញុំភ័យខ្លាច ប៉ុន្តែឥឡូវខ្ញុំលែងខ្លាចទៀតហើយ។ ខ្ញុំមាន​អារម្មណ៍​​ថាខ្ញុំគិតបាន​ត្រឹម​ត្រូវ​ដែលមកគ្លីនិករ៉ាក់»។