• ភាសាខ្មែរ
  • English

លោកស្រី សូរិយា (ឈ្មោះដាក់ឱ្យ) អាយុ ៤០ឆ្នាំ រៀបការបានប្រហែល២០ឆ្នាំហើយ មានកូនចំនួន៤នាក់ ហើយមានមុខរបរជាកសិករ។ នៅ​ក្នុង​រយៈ​ពេល២ឆ្នាំ​ចុងក្រោយ​នេះ លោកស្រីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទពីប្តីរបស់គាត់។ ប្តី របស់គាត់បង្ខំរួមភេទ​ជា​ញឹកញាប់​ធ្វើ​ឱ្យ​​គាត់​មាន​ការឈឺចាប់នៅទ្វារមាស និងផ្នែកខាងក្រោមនៃពោះ មានធ្លាក់ស ព្រមទាំងហើមលើប្រដាប់ភេទថែមទៀតផង។ នៅពេល​ដែល​លោក​ស្រី​ប្រាប់​ប្តី​ថា​មានការឈឺចាប់ខ្លាំងពេលរួមភេទ ប្តីរបស់គាត់បានស្តីបន្ទោសថា មិនចង់ឱ្យប្តីរួមភេទ ប្រហែលជាមានអ្នកផ្សេងទៀតហើយ មិនត្រឹមតែ​ប៉ុណ្ណោះ​បាន​វាយ​ដំលើរាងកាយលោកស្រីទៀត បញ្ហានេះកើតឡើងស្ទើរតែរាល់ថ្ងៃ។

ដោយមានការឈឺចាប់ខ្លាំង​លោកស្រីបានលួច​ទៅ​ធ្វើការ​ព្យាបាល​នៅ​គ្លីនិក​​អង្គការរ៉ាក់ដោយមិនបានប្រាប់ប្តី ព្រោះខ្លាចប្តីរករឿង។ ពេលមក​ដល់​គ្លីនិក​អ្នក​ផ្តល់សេវាបានសាកសួរព័ត៌មាន និងធ្វើការពិនិត្យ ក្រោយពេល​ពិនិត្យ​សុខភាពរួច អ្នកផ្តល់សេវាបានរកឃើញមូលហេតុនៃជំងឺ ដើម្បីធ្វើ​ការ​ព្យាបាល និង​គិតពីសុវត្ថិភាពនៃការរួមភេទ។ ទន្ទឹមនឹងនេះដែរ លោកស្រី​ក៏បានស្នើសុំឱ្យគ្រូពេទ្យជួយផ្តល់ប្រឹក្សាជាមួយប្តីរបស់គាត់ផងដែរ ព្រោះ​គាត់​​មិនចង់​លែង​លះគ្នាទេដោយសារគាត់មានកូនច្រើនហើយ។ រំលងមួយថ្ងៃ បន្ទាប់ពីពិនិត្យសុខភាពរួច បុគ្គលិក​គម្រោង​បាន​ធ្វើការ​ទំនាក់​ទង​ទៅ​ប្តីរបស់គាត់ ដើម្បី​ទទួលប្រឹក្សាយោបល់ ពេលនោះស្រាប់​តែប្តី​របស់​គាត់មានការខឹងសម្បារយ៉ាងខ្លាំងជាមួយប្រពន្ធរបស់គាត់ថា ហេតុអ្វីបាន​ជា​ប្រពន្ធ​គាត់​យក​រឿង​គ្រួសាររបស់ខ្លួនឯងទៅប្រាប់អ្នកដទៃ ប្តីរបស់​គាត់ចោទប្រកាន់ថា ស្រីមិនល្អ ពេល​នោះ​អំពើ​ហិង្សា​ក៏​បាន​កើត​ឡើង​ក្នុង​គ្រួសារ​នេះ​ម្តង​ទៀត។ បុគ្គលិកគម្រោងបានព្យាយាមប្រឹក្សាយោបល់ម្តងហើយម្តងទៀតជាញឹកញាប់ ដើម្បីឱ្យគាត់ទទួលស្គាល់ពីបញ្ហារបស់គាត់ ។

អស់រយៈពេលជិតពីរសប្តាហ៍នៃការផ្តល់ប្រឹក្សាយោបល់ ប្តីរបស់គាត់ចាប់ផ្តើមយល់ និងព្រមទទួលយកការផ្តល់ប្រឹក្សា និងទទួលស្គាល់បញ្ហា​របស់​គាត់ ហើយគាត់ចាប់ផ្តើមកាត់បន្ថយអំពើហិង្សាគ្រប់រូបភាពលើប្រពន្ធរបស់គាត់ និងបានជូនប្រពន្ធគាត់ទៅគ្លីនិកអង្គការរ៉ាក់ ដើម្បីព្យាបាល​ជំងឺ​ថែម​ទៀត។ ថ្ងៃចុងក្រោយនៃការពិនិត្យសុខភាព អ្នកផ្តល់សេវាបានប្រាប់គាត់ថា សុខភាពរបស់គាត់មានភាពប្រសើរវិញហើយ ពេលនោះ​លោកស្រី​សប្បាយ​ចិត្តខ្លាំងណាស់ និងបានអរគុណដល់អ្នកផ្តល់សេវាដោយការគោរព និងពេញចិត្ត។