• ភាសាខ្មែរ
  • English

បញ្ហា​ហិរញ្ញវត្ថុ​គឺជា​ឧបសគ្គ​ចំបង​មួយ​ដែល​រារាំង​ប្រជាជន​ក្រីក្រ​ក្នុងការ​មក​ទទួល​សេវា​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន​។​ ​គម្រោង​មូលនិធិ​សមធម៌ និង​ការចេញ​ប្រាក់ឧបត្ថម្ភ​ជំនួស​ប្រជាជន​គឺជា​យន្តការ​មួយ​របស់​ក្រសួងសុខាភិបាល​ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជាគោលការណ៍​មួយ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការជួយ​ប្រជាជន​ក្រីក្រ​ឲ្យ​ទទួលបាន​សេវា​សុខាភិបាល​សមរម្យ​ព្រមទាំង​ការពារ​ពួកគេ​ពី​ភាពក្រីក្រ​ដែល​បណ្តាលមកពី​ការឈឺ​ថ្កាត់​។ ក្រោម​ជំនួយ​ថវិការបស់ក្រសួងសុខាភិបាល​អង្គកា​រ​រ៉ា​ក់មាន​លទ្ធភាព​ក្នុងការ​អនុត្ត​ន៍​សកម្មភាព​របស់ខ្លួន​ដើម្បី​គាំទ្រ​ប្រជាជន​ក្រីក្រ​។​
​គោលបំណង​
​អង្គការ​រ៉ា​ក់​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការការពារ​ប្រជាជន​ក្រី​ក្រពី​ការចំណាយ​ប្រាក់​ហោរ​ប៉ៅ​​ដែល​មិនចាំបាច់ ព្រមទាំង​ធ្វើការ​លើកកម្ពស់  សម្របសម្រួល និង​ជំរុញ​ការ​មក​ទទួល​សេវា​សុខភាព​របស់​ជនក្រីក្រ​នៅ​តាម​គ្រឹះស្ថាន​ផ្តល់​សេវា​របស់​រដ្ឋ​។ អង្គការ​រ៉ា​ក់​នឹង​ជួយ​បង្កើន​គុណភាព​សេវា​សុខាភិបាល​សាធារណៈ ដោយ​ដើរតួនាទី​​ជា​ភាគី​ទី​បី​ឯករាជ្យ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​ក្នុងការ​ទទួល​សេវា​ព្យាបាល​មួយ​ប្រកបដោយ​បរិយាកាស​អំណោយផល ។​
​សកម្មភាព​
​ដើម្បី​សម្រួល​ដល់​ប្រជាជន​ក្រីក្រ​ក្នុងការ​មកប្រើប្រាស់​សេវា អង្គការ​រ៉ា​ក់បាន​បណ្តុះបណ្តាល​អាជ្ញាធរ​ដែនដី និង​ភ្នាក់ងារ​តាម​សហគមន៍ អោយ​ពួកគាត់​ចេះ​ធ្វើ​ការកំណត់​គ្រួសារ​ក្រីក្រ រួច​ផ្តល់​ប័ណ្ណ​សមធម៌​ដើម្បី​អាច​ទទួល​សេវា​ដោយ​ឥត​គិត​ថ្លៃ​នៅ​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យបង្អែក​រដ្ឋ​។ គម្រោង​របស់​យើង នៅតែ​បន្តធ្វើ​ការកំណត់​អត្តសញ្ញាណ​ដល់​ប្រជាជន​ក្រីក្រ​ក្រោយ​ការព្យាបាល (post-identification) តាមរយៈ​ការសម្ភាសន៍​ដោយ​ប្រើប្រាស់​កម្រង​សំណួរ​របស់​ក្រសួង​សុខាភិបាល​។ ភ្នាក់ងារ​ភូមិ និង​បុគ្គលិក​អង្គការ​រ៉ា​ក់ បន្តសកម្មភាព​អប់រំ​ដល់​អ្នកភូមិ​ក្រីក្រ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់ អំពី​សិទ្ធិ​ក្នុងការ​ទទួលបាន និង​ផលប្រយោជន៍​ផ្សេងៗ ពី​ការប្រើប្រាស់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។

​ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​សាធារណៈ បុគ្គលិក​រ៉ា​ក់​ធ្វើការ​ប្រមូល​មតិ​កែលម្អ​របស់​ប្រជាជន​ដែលជា​អ្នក​ប្រើបាស់​សេវា ដោយ​ប្រើប្រាស់​តារាង​ពិន្ទុ និង​ចូលរួម​ដោះស្រាយ​រាល់​កង្វល់​នានា តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​បុគ្គលិក​ផ្តល់​សេវា ដើម្បី​រិះរក​វិធី​បង្កើន​គុណភាព​សេវា​។ លើសពីនេះទៅទៀត បុគ្គលិក​រ៉ា​ក់​ធ្វើការ​ចុះសួរសុខទុក្ខ​អ្នកជំងឺ​ដល់ផ្ទះ​របស់​ពួកគេ ដើម្បី​ទទួល​មតិ​ត្រលប់ និង​ធានាថា​ពួកគាត់​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ដូចដែល​បានកំណត់​​ដែល​រួមមាន ថ្លៃ​អាហារ ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ឧបត្ថម្ភ​បុណ្យសព​ជាដើម​។​

​បច្ចុប្បន្ននេះ អង្គការ​រ៉ា​ក់​កំពុង​អនុវត្ត​គម្រោង​មូលនិធិ​សមធម៌​របស់ខ្លួន នៅក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន ៨ (​ត្បូងឃ្មុំ ពញាក្រែក​មេមត់ កំពង់ត្រឡាច កំពង់ឆ្នាំង បរិបូរ​ណ៌ ស្រែអំបិល និង​ស្មាច់មានជ័យ​) ក្នុង​ខេត្ត​ចំនួន​បី (​ត្បូងឃ្មុំ កំពង់ឆ្នាំង និង​កោះកុង​)​។