• ភាសាខ្មែរ
  • English

អត្រា​ប្រេ​វ៉ាឡង់ និង​អត្រា​ចម្លង​នៃ​មេរោគ​អេ​ដ​ស៏​នៅក្នុង​ប្រទេស​កម្ពុជា នៅមានកំរិត​ខ្ពស់ ក្នុងចំណោម​ក្រុម​ជន​ប្រឈមមុខ​ខ្ពស់ (MARPs) ដូចជា​៖ ស្ត្រី​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​សប្បាយ (EWs)  ក្រុម​បុរស​ស្រឡាញ់​បុរស (MSMs) ក្រុម​អ្នក​បំ​ឡែ​ង​ភេទ (TGs)​។ ជាក់ស្តែង​ក្នុងចំណោម EWs អត្រា​នៃ​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត នៅមានកំរិត​ទាប​ជាពិសេស​ការប្រើប្រាស់​ស្រោមអនាម័យ​ជាមួយ​ដៃគូរ ហើយ​អត្រា​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​ការ​រំលូតកូន​មាន​ក៏​នៅមានកំរិត​ខ្ពស់​ផងដែរ​។ សំរាប់​អ្នក​បំ​ឡែ​ង​ភេទ ការ​ទ​ទូល​ព័ត៌មាន​ទាក់ទង​សុខភាព​នៅមាន​កំរិត​ទាប​នៅឡើយ និង​នៅតែ​ជា​ក្តីកង្វល់​សំរាប់​អ្នក​បំ​ឡែ​ង​ភេទ​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ បញ្ហា​ប្រឈម​របស់​អ្នក​បំ​ឡែ​ង​ភេទ រួមមាន​ការផ្តាច់​ខ្លួន​មិន​មក​ទទួល​សេវា​សុខភាព និង​ការ​មក​ទទួល​សេវា​សុខភាព​នៅមានកម្រិត​ទាប ព្រមទាំង​កង្វះ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​អ្នកផ្តល់​សេវា និង​កង្វះខាត​លើ​គុណភាព​របស់​អ្នកផ្តល់​សេវា​សុខភាព​។​
​គោលបំណង​
​អង្គការ​រ៉ា​ក់​ចូលរួមចំណែក​លុបបំបាត់​ការឆ្លង​មេរោគ​អេដស៍​ថ្មី​នៅ​កម្ពុជា ឲ្យ​បាន​មុន​បំណាច់​ឆ្នាំ ២០២០ (​កម្ពុជា ៣.០) ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​ស្ត្រី​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​សប្បាយ ក្រុម​បុរស​ស្រឡាញ់​បុរស និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​/​អ្នក​ផ្ទុកមេរោគ​អេដស៍ តាមរយៈ​ការបង្ការ និង​ព្យាបាល​។ កម្មវិធី​នេះ​ក៏បាន​ធ្វើការ​ដើម្បី​លើកកម្ពស់​សុខភាព និង​សិទ្ធិ​បន្ត​ពូជ​និង​ផ្លូវភេទ របស់​អ្នក​បំ​ឡែ​ង​ភេទ​តាមរយៈ​ការបង្កើន​ការយល់ដឹង​របស់​ពួកគេ លើ​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង ការ​មក​ទទួល​សេវា​សុខភាព និង​បង្កើន​សមត្ថភាព​នៃ​អ្នកផ្តល់​សេវា​សុខភាព​មេត្រីភាព​ដល់​អ្នក​បំ​ឡែ​ង​ភេទ នៅ​គ្លីនិក​រ៉ា​ក់ ។​
​សកម្មភាព​
​គម្រោង​ចំនួន​បី​ដែល​ស្ថិតក្រោម​កម្មវិធី​នេះ​គឺ​៖ (១) ការបង្ការ​ជំងឺអេដស៍​សម្រាប់​ស្ត្រី​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​សប្បាយ (២) ការថែទាំ​សុខភាព​តាម​ផ្ទះ សម្រាប់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង (៣) ការធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​សុខភាព និង​សិទ្ធិ​បន្ត​ពូជ​និង​ផ្លូវភេទ​របស់ អ្នក​បំ​ឡែ​ង​ភេទ ។​
​អង្គការ​រ៉ា​ក់បាន​អនុវត្ត​វិធីសាស្ត្រ បី​ផ្នែក​របស់ខ្លួន ដែល​រួមមាន​ការអប់រំ​មិត្ត​អប់រំ​មិត្ត  ការបញ្ជូន​ទៅរក​សេវា​ដែលមាន​គុណភាព​ខ្ពស់ និង​ការបង្កើត​បរិស្ថាន​មួយ​ដែល​សមស្រប (​ដែល​ពាក់ព័ន្ធ​នឹង​ម្ចាស់​អាជីវកម្ម និង​អ្នកចាត់ការ និង​ក្រុម​គោលដៅ​ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​) ។​

​កម្មវិធី​នេះ​គ្របដណ្តប់​ស្ត្រី​ធ្វើការ​នៅ​កន្លែង​កម្សាន្ត​សប្បាយ​សរុប​ប្រមាណ ៦០០០​នាក់ ក្នុង​គ្រឹះស្ថាន​ចំនួន ២០០ កន្លែង ដែលជា​កន្លែង​យើង​ធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត (Outreach worker) ដែល​ពួកគេ​ផ្ទាល់​ជា EW ដើម្បី​ផ្តល់នូវ​ការអប់រំ​ផ្លាស់ប្តូរ​អាកប្បកិរិយា​និង​ចែកចាយ​ស្រោមអនាម័យ ព្រមទាំង​បញ្ជូន EWs និង​ដៃគូ​របស់​ពួកគេ ទៅ​ទទួល​សេវាកម្ម​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ (SRH) ដោយ​ឥតគិតថ្លៃ​។ បច្ចុប្បន្ន កម្មវិធី​នេះ​ធ្វើការ​ជាមួយ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ១៨២៩ នាក់ ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ស្មារតី​និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ​។ សកម្មភាព​គាំទ្រ​របស់​យើង​រួមមាន ការបញ្ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ដៃគូ​របស់​ពូកគេ​ទៅ​សេវា​ថែទាំ​សុខភាព ការចុះ​សួរសុខទុក្ខ​តាម​ផ្ទះ ការប្រជុំ​និង​វគ្គ​បណ្តុះបណ្តាល​ក្រុម​ជួយ​ខ្លួនឯង ការពិភាក្សា​ជា​ក្រុម និង​ការបញ្ជូន​ប្រជាជន​ទូទៅ​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ទទួល​សេវា​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ (VCCT) និង​ការធ្វើ​តេ​ស្តេ​រក​ជំងឺស្វាយ នៅតាម​មណ្ឌល​សុខភាព​។ នៅ​ដើមឆ្នាំ ២០១៤ អង្ក​ការ​រ៉ា​ក់បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​សម្រាប់​ក្រុម​អ្នក​បំ​ឡែ​ង​ភេទ (TGs) នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ គម្រោង​នេះ​បាន​សិក្សា​អំពី​តម្រូវការ​សុខភាព ឥរិយាបទ​នៃ​ការស្វែងរក​សេវា​សុខភាព និង​ការព្រួយបារម្ភ​របស់​ក្រុម​អ្នក​បំ​ឡែ​ង​ភេទ តាមរយៈ​ការវាយតម្លៃ​ជា​មូលដ្ឋាន (Rapid Baseline Assesment) និង​ការបង្កើត​សៀវភៅ​ណែនាំ​សុខភាព​សម្រាប់​អ្នកផ្តល់​សេវា​ដល់​ក្រុម TGs ព្រមទាំង​ផ្តល់​សេវា​មេត្រីភាព​ដោយ​ឥតគិតថ្លៃ​ដល់ TGs នៅ​គ្លីនិក​រ៉ា​ក់​ចំនួន​ប្រាំមួយ នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​